ឈ្នះម្ចាស់ផ្ទះរុស្ស៊ីយប់មិញ ក្រូអាតបំបែកកំណត់ត្រាចាស់ជាង២០ឆ្នាំរបស់ខ្លួននៅ World Cup
ក្រុមជម្រើសជាតិក្រូអាតបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងប្រផិតប្រផើយ ក្រោយយកឈ្នះបាល់ប៉េណាល់ទីកាត់សេចក្តីលើម្ចាស់ផ្ទះរុស្សីកាលពីយប់មិញ បន្ទាប់ពីស្មើគ្នា២ទល់នឹង២ក្នុងការប្រកួត១២០នាទី នៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018។ក្នុងការទាត់បាល់កាត់សេចក្តី៥គ្រាប់ រុស្សីភ្លាត់ទាត់មិនចូល២គ្រាប់ដោយកីឡាករ Fedor Smolov និង Mario Fernandes ខណៈក្រូអាតខកឱកាសតែ១គ្រាប់ទេដោយកីឡាករ Mateo Kovacic។គួរបញ្ជាក់ថា នេះជាការលើកមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងរបស់ក្រូអាតចាប់តាំងពីឆ្នាំ១៩៩៨ ដោយកាលនោះពួកគេចាញ់បារាំង ២-១។ ដោយឡែកសម្រាប់ឆ្នាំ២០១៨នេះ ក្រូអាតត្រូវប៉ះជាមួយតោកំណាចអង់គ្លេស។
តោកំណាចអង់គ្លេស ស៊ីស៊ុយអែត ២-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ក្រោយពីយកឈ្នះស៊ុយអែត ២ទល់នឹង០ កាលពីម្សិលមិញនៅក្នុងកីឡដ្ឋាន Samara។ខ្សែការពារ Harry Maguire គឺជាអ្នកតែតបញ្ចូលទីឲ្យក្រុមរហស្សនាមតោកំណាចនាំមុខ១គ្រាប់មុននៅនាទី៣០។ ដោយឡែកឈានចូលមកដល់វគ្គទី២នៅនាទី៥៩ ខ្សែបម្រើ Dele Alli ក៏បន្ថែមបានមួយគ្រាប់ទៀតឲ្យអង់គ្លេសឈ្នះស៊ុយអែត២គ្រាប់តែម្តង។គួររំលឹកផងដែរថា ជ័យជម្នះបានជួយឲ្យក្រុមលោក Gareth Southgate ឡើងទៅកាន់វគ្គ១/២នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ទស្សនាវីដេអូ៖
ឈ្នះប្រេស៊ីលយប់មិញ បែលហ្ស៊ិកបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមួយតាំងពីឆ្នាំ១៩៨៦នៅ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦មក ក្រោយឈ្នះប្រេស៊ីល ដោយលទ្ធផល ២ទល់នឹង១ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃសុក្រ ទី០៦ កក្កដា។Fernandinho ធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្រោយភ្លាត់ពីបាល់ជ្រុងលើកដោយ Nacer Chadli នៅនាទី១៣ ហើយ Kevin de Bruyne បន្ថែមបានមួយគ្រាប់ទៀតនៅនាទី៣១។ ដល់នាទី៧៦ទើប Renato Augusto វាយបកបានមួយគ្រាប់វិញ តែហួសពេលទៅហើយ។ដូចនេះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០១៨នេះនឹងប្រមូលផ្ដុំដោយក្រុមនៅអឺរ៉ុប ជាលើកដំបូងចាប់ពីឆ្នាំ២០០៦មក ដោយបែលហ្ស៊ិកត្រូវជួបជាមួយបារាំង៕ ទស្សនាវីដេអូ៖
FIFA អញ្ជើញក្មេងថៃទាំង១២រួមទាំងគ្រូបង្វឹកទៅមើល FIFA World Cup វគ្គផ្តាច់ព្រ័តនៅប្រទេសរុស្ស៊ី
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infantino បានផ្ញើសំបុត្រទៅប្រធានសហព័ន្ធបាល់ទាត់ថៃ លោក Somyot Poompanmoung ដោយអញ្ជើញក្មេងទាំង១២ និងគ្រូរបស់ពួកគេដែលកំពុងតែជាប់នៅក្នុងល្អាងឲ្យទៅទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2018 វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Moscow ប្រទេសរុស្សី។ដោយឡែក នៅពេលនេះ អ្នកទាំង១៣មិនទាន់ចេញផុតនៅឡើយទេ ខណៈក្រុមសង្គ្រោះកំពុងញាប់ដៃញាប់ជើងនាំពួកគចេញទៅកាន់កន្លែងសុវត្ថិភាព និង ត្រឡប់ទៅគេហដ្ឋានវិញ។តាមប្រភពមួយចំនួនពីប្រទេសថៃឲ្យដឹងថា ការនាំអ្នកទាំង៣ចេញពីល្អាង អាចចំណាយពេលយ៉ាងហោច៣ទៅ៤ខែឯណោះ ហើយវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា៕
Diego Maradona សូមទោសរឿងនិយាយថា អង់គ្លេសលួចជ័យជម្នះពីកូឡុំប៊ី
វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បាននិយាយសូមទោសទៅកាន់សមាគមបាល់ទាត់ពិភពលោក ចំពោះសម្ដីមួយដែលថា អង់គ្លេស បានលួចយកជ័យជម្នះពីកូឡុំប៊ី នៅវគ្គ១៦ក្រុមនាពេលកន្លងមក។លោក Maradona ចោទថា អាជ្ញាកណ្ដាល Mark Geiger ហាក់មានភាពលម្អៀងទៅកាន់អង់គ្លេស។ ដោយឡែក FIFA ចាត់ទុកថា ពាក្យសម្ដីនេះចាត់ទុកពាក្យសម្ដីនេះថាមិនសមរម្យ និង ថា គ្មានភស្ដុតាង។ក្រៅពីនោះ ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចហើយនោះ មនុស្សជាង២សែន៨ម៉ឺននាក់បានដាក់ញត្តិទាមទារឱ្យ FIFA ធ្វើសេចក្តីសម្រេចឡើងវិញ។
មនុស្សជិត៣សែននាក់ ដាក់ញត្តិទៅ FIFA ទាមទារឱ្យកូឡុំប៊ីឈ្នះអង់គ្លេសវិញ
ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចហើយនោះ មនុស្សជាង២សែន៨ម៉ឺននាក់បានដាក់ញត្តិទាមទារឱ្យ FIFA ធ្វើសេចក្តីសម្រេចឡើងវិញ។ការប្រកួតដ៏សំខាន់រវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិកូឡុំប៊ី ដែលមានអាជ្ញាកណ្តាលកាត់សេចក្តីគឺលោក Mark Geiger ជនជាតិអាមេរិកត្រូវបានគេរិះគន់ជាខ្លាំងថាលោកកាត់សេចក្តីលំអៀងទៅរកក្រុមអង់គ្លេស ដោយបានពិន័យកាតជាច្រើនសន្លឹកទៅឲ្យក្រុមកូឡុំប៊ី។ហើយការដាក់ញត្តិទាមទារនេះគឺដើម្បីឱ្យសហ័ពន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA មានការគិតគូរឡើងវិញផងដែរ អំពីការប្រកួតរបស់ប្រទេសកូឡុំប៊ីឡើងវិញ ក្រោយពីពួកគេបានបង្ហាញនូវចំនួនមនុស្សចុះហត្ថលេខាដល់ទៅជាង៣សែននាក់ឯនោះ។គួរឲ្យដឹងផងដែរថា អ្នកគាំទ្រក្រុមជម្រើសជាតិកូឡុំប៊ី មានការខឹងសម្បាជាខ្លាំងចំពោះការកាត់ក្ដីរបស់អជ្ញាកណ្តាលដែលសម្រេចចិត្តឲ្យបាល់ប៉េណាល់ទីទៅក្រុមជម្រើសជាតិអង់គ្លេសនោះ គឺជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ។
គ្រូប្រេស៊ីលថា Marcelo នឹងចូលលេងទល់បែលហ្ស៊ិកនៅយប់នេះ
គ្រូបង្គោលជម្រើសជាតិប្រេស៊ីល Tite បញ្ជាក់ថាខ្សែការពារឆ្វេង Marcelo នឹងត្រលប់ចូលជម្រើស១១នាក់ដំបូងជាថ្មីក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ទល់ បែលហ្ស៊ិក នៅថ្ងៃសុក្រទី៦ខែកក្កដានេះ ម៉ោង១រំលងអធ្រាត្រនៅកម្ពុជា។ក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ លោក Tite និយាយថា៖ “Marcelo ត្រូវបានដកចេញពេលប៉ះស៊ែប និង គ្មានវត្តមានជាមួយម៉ិកស៊ីកូ ដោយសារគេលេងបានត្រឹម៤៥នាទីប៉ុណ្ណោះ។”កីឡាករក្លិប Real Madrid វ័យ៣០ឆ្នាំ បានអវត្តមានពីប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលប្រេស៊ីលឈ្នះម៉ិកស៊ីកូ២-០ ដោយសាររបួសខ្នងអំឡុងពេលលេងទល់ ស៊ែប ហើយត្រូវបានជំនួសដោយ Filipe Luis។
Cavani មិនទាន់ច្បាស់ថាអាចចូលលេងពេលប៉ះជាមួយបារាំងបាននៅយប់នេះដោយសាររបួស
ខ្សែប្រយុទ្ធ Edinson Cavani មានឱកាសស្ដួចស្ដើងក្នុងការចូលលេងទល់នឹងបារាំង ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ដោយសាររបួសកំភួនជើងកើតឡើងក្នុងអំឡុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយទល់ព័រទុយហ្គាល់។សមាជិករបស់ Paris St Germain រូបនេះរកបាន២គ្រាប់ម្នាក់ឯងឱ្យអ៊ុយរុយហ្គាយទម្លាក់ជើងឯក Euro 2016 នៅវគ្គ១/៨ តែត្រូវបានប្ដូរចេញមុនចប់វគ្គទី២។ អតីតសមាជិក Napoli វ័យ៣១ឆ្នាំ មិនបានចូលហាត់ឡើយកាលពីថ្ងៃពុធ ហើយក្ដីសង្ឃឹមចូលលេងរបស់គេដែលសល់នៅពេលនេះគឺក្នុងនាមកីឡាករបម្រុង។គួរបញ្ជាក់ថា ក្រុមជើងឯក២សម័យអ៊ុយរុយហ្គាយនឹងត្រូវជួបជាមួយក្រុមជើងឯក១សម័យបារាំងនៅរាត្រីនេះនាវេលាម៉ោង៩យប់ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 ដោយនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។