Samuel Umtiti តែត១គ្រាប់ឲ្យបារាំងឈ្នះបែលហ្ស៊ីក ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។៤៥នាទីដំបូងនាទីលាន Saint Petersburg ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។ យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ Antoine Griezmann លើកពីជ្រុងខាងស្តាំ ហើយ Sumuel Umtit លោតតែតចូលទីបានសម្រេច។ បន្ទាប់ពីត្រូវនាំមុខ ក្រុមលោក Roberto Martinez បានប្រឹងវាយលុកទៀត ប៉ុន្តែនៅតែគ្មានសំណាងដដែល ដ្បិតរបាំងការពាររបស់បារំាងពិតជាល្អ។ ទីបំផុតបាល់តែ១គ្រាប់ខាងលើ ជួយអោយក្រុមមាន់គកឡើងវគ្គផ្តាច់ព្រ័ត្រដោយជោគជ័យ។ក្រុមជើងឯកពិភពលោកឆ្នាំ១៩៩៨ ត្រូវរង់ចាំក្រុមឈ្នះរវាងអង់គ្លេសនិងក្រូអាតដែលការប្រកួតរវាងក្រុមទាំងពីរដំណើរការនៅ ម៉ោង១រំលងអាធ្រាតយប់នេះ ដោយមានផ្សាយបន្តផ្ទាល់ លើ CBS ផងដែរ៕ទស្សនាវីដេអូ៖
ប្រេស៊ីលចង់ឱ្យគ្រូបង្វឹក Tite ដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2022
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕
ខ្សែបម្រើ Eric Dier ថា ភារកិច្ចរបស់អង់គ្លេសមិនទាន់ជោគជ័យនៅឡើយទេ
ខ្សែបម្រើ Eric Dier យល់ថា ការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup ឆ្នាំនេះអាចលុបភាពអាម៉ាសមួយចំនួនពីការចាញ់អ៊ីស្លង់ នៅវគ្គ១៦ក្រុម Euro 2016 តែថា ភារកិច្ចឆ្នាំ២០១៨ មិនទាន់ចប់នៅឡើយទេ។Dier និយាយថា៖ "នៅសល់ពេលវេលា៩០នាទីទៀតដើម្បីដោះស្រាយ យកឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦៦។ ខ្ញុំគិតថាក្រុមរបស់ខ្ញុំមានការផ្លាស់ប្ដូរច្រើនតាំងពីចាញ់អ៊ីស្លង់កាលពី២ឆ្នាំមុនមក ដើម្បីលុបលាងភាពខកចិត្ត។"ក្រោយទម្លាក់ស៊ុយអែតនៅវគ្គ៨ក្រុមចុងក្រោយ អង់គ្លេស ត្រូវប្រឈមនឹងក្រូអាត ដែលបានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នាវេលាម៉ោង១ទៀបភ្លឺ៕
Mario Mandzukic ថា Modric គួរតែឈ្នះពានរង្វាន់បាល់មាសនៅ World Cup ឆ្នាំនេះ
ខ្សែប្រយុទ្ធ Mario Mandzukic បានលើកឡើងថា ប្រធានក្រុមជម្រើសជាតិក្រូអាត Luka Modric មានភាគរយខ្ពស់ក្នុងការឈ្នះបាល់មាស (Golden Ball) នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។សមាជិករបស់ Juventus បានបន្ថែមថា៖ “ខ្ញុំស្គាល់ Luka ច្រើនឆ្នាំមកហើយ មិនត្រឹមតែក្នុងជម្រើសជាតិទេ។ គេខិតខំប្រឹងប្រែងណាស់ទម្រាំដល់ចំណុចនេះ។ គេគឺជាប្រធានក្រុមនិងអ្នកដឹកនាំ។ ប្រសិនបើក្រុមឈានដល់លទ្ធផលល្អ គេគួរតែទទួលបានបាល់មាស"។Luka Modric គឺជាកីឡាករនាំលេងដ៏សំខាន់រុញច្រានក្រូអាតឡើងមកលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំនេះ ដោយនឹងត្រូវប៉ះអង់គ្លេសនៅថ្ងៃស្អែកក្នុងទីក្រុង Moscow។គួរបញ្ជាក់ថា Golden Ball គឺជាពានរង្វាន់សម្រាប់កីឡាករដែលលេងល្អជាងគេក្នុងព្រឹត្តិការណ៍ FIFA World Cup ខណៈកាលពីឆ្នាំ២០១៤ Lionel Messi ជាអ្នកទទួលបានពានរង្វាន់ខាងលើនេះ។
សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ
សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។បុរសសញ្ជាតិអាហ្សង់ទីន ចូលកាន់តំណែងជាគ្រូបង្វឹកកាលពី ខែឧសភា ឆ្នាំមុន ជួយក្រុមបានកៅអីទៅលេង World Cup នៅរុស្ស៊ី និងឆ្លងផុតវគ្គចែកពូល។ រយៈពេលជាង១ឆ្នាំមកនេះលោកដឹកនាំក្រុមបាន១៥ប្រកួត ឈ្នះ៧ប្រកួត ស្មើ៤ និងចាញ់៤។គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវមានភារកិច្ចមួយទៀតដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២០ឆ្នាំប្រកួតពានក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៨ ខែកក្កដា។
ឪពុក Ozil ចង់ឲ្យកូនចូលនិវត្តន៍ក្រោយពីទទួលការរិះគន់រឿងអាល្លឺម៉ង់ធ្លាក់ចេញពី World Cup
ឪពុករបស់ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី បន្ទាប់ពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។អតីតសមាជិក Werder Bremen និង Real Madrid ខាងលើបានត្រូវអ្នកគាំទ្រជាច្រើនរិះគន់យ៉ាងខ្លាំង ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គបន្ទាប់ ក្រោយពីចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល។លោក Mustafa ដែលជាឪពុករបស់ Ozil បាននិយាយឲ្យដឹងថា៖ "បើលោកជា Ozil វិញ លោកនឹងឈប់បង្ហាញខ្លួនឲ្យជម្រើសជាតិអាល្លឺម៉ង់ទៀតហើយ ដោយសារតែការរិះគន់នេះវាពិបាកនឹងទទួលយកណាស់។ កូនរបស់លោកបានក្លាយទៅជាគោលដៅនៃការរិះគន់របស់អ្នកគាំទ្រទៅហើយ ដោយសារតែពេលអាល្លឺម៉ង់ឈ្នះ ពួកគេបានសរសើរអំពីការសហការណ៍ជាក្រុម ប៉ុន្តែដល់ជម្រើសជាតិចាញ់ ពួកគេបានបន្ទោសថា Ozil គឺជាហេតុផលដែលធ្វើឲ្យជម្រើសជាតិទាំងមូលបរាជ័យ។"គួរឲ្យដឹងថា Mesut Ozil បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បានចំនួន៩២ប្រកួត ដោយស៊ុតចូលបាន២៣គ្រាប់ ហើយក្នុងរយៈពេល៩ឆ្នាំនេះ រូបគេបានរួមចំណែកជួយឲ្យក្រុមរហស្សនាមឥន្រ្ទីដែកឈ្នះពានរង្វាន់ FIFA World Cup កាលពីឆ្នាំ២០១៤ នៅទឹកដីប្រទេសប្រេស៊ីលផងដែរ។
អ្នកចាត់ការ Luis Enrique សុខចិត្តចោលលុយធំ ដើម្បីមកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ
កាលពីម្សិលមិញ អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញថ្មីក្រោមកិច្ចសន្យា២ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។អតីតគ្រូបង្ចឹក Roma, Celta Vigo និង FC Barcelona នឹងមកជំនួសតំណែងលោក Fernando Hierro ដែលបានចុះចេញពីតំណែងស្ដីទីកាលពីថ្ងៃអាទិត្យក្រោយអេស្ប៉ាញធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។លោក Enrique បានទំនេរពីការងារតាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្រុមរហស្សនាមអ្នកមានបុណ្យ ដោយលោកនឹងដឹកនាំអេស្ប៉ាញប្រកួតលើកទី១ក្នុងពាន UEFA Nations League នៅទឹកដី អង់គ្លេស នាថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៨៕
កីឡាករប្រេស៊ីលមួយរូបទទួលសារគំរាមសម្លាប់ក្រោយប្រេស៊ីលចាញ់បែលហ្ស៊ិកធ្លាក់ចេញពី World Cup
ខ្សែបម្រើ Fernandinho ទទួលសារគំរាមសម្លាប់ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីលចាញ់បែលហ្ស៊ិក២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFAI World Cup 2018។ដោយឡែក សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានធ្វើការការពារនិងរិះគន់បកទៅកាន់អ្នកគាំទ្រដែលគំរាមសម្លាប់និងរើសអើងពូជសាសន៍ដល់ Fernandinho និងក្រុមគ្រួសារផងដែរ។សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍ថា៖ " CBF មិនអាចទទួលយកការវាយប្រហាររើសអើងពូជសាសន៍លើ Fernandinho និងគ្រួសារបានទេ។ បាល់ទាត់គឺតំណាងឲ្យការរួបរួម ពណ៌សម្បុរ ភេទ វប្បធម៌និងមនុស្ស។ ពួកយើងនៅជាមួយអ្នក។ ការរើសអើងពូជសាសន៍នឹងមិនទៅមុខទេ"។គួររំលឹកថា Fernandinho បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯង១គ្រាប់ដោយធ្វើឲ្យក្រុមជើងឯក៥សម័យជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បែលហ្ស៊ិក ២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន Kazan Arena។ដោយឡែក កាលពីម្សិលមិញអ្នកគាំទ្រប្រេស៊ីលក៏បាននាំគ្នាឈរនៅផ្លូវកាន់ ដុំថ្ម ពងមាន់ និងវត្ថុផ្សេងៗ គប់លើឡានរបស់ជម្រើសជាតិពេលត្រលប់មកកាន់ស្រុកកំណើតវិញផងដែរ៕
ក្រោយធ្លាក់ World Cup លោក Fernando Hierro ឈប់ពីតំណែងគ្រូបណ្ដោះអាសន្នអេស្ប៉ាញ
លោក Fernando Hierro បានលាឈប់ពីតំណែងជាគ្រូបង្គោលបណ្ដោះអាសន្ន និង សម្រេចចិត្តមិនវិលទៅកាន់តំណែងចាស់ជានាយកកីឡាប្រចាំសហព័ន្ធបាល់ទាត់អេស្ប៉ាញថែមទៀតផង។អតីតប្រធានក្រុម Real Madrid បានកាន់តំណែងរយៈពេលខ្លីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ជំនួសលោក Julen Lopetegui ដែលត្រូវបានបណ្ដេញចេញមុន២ថ្ងៃមុននឹងប្រកួតបើកឆាកទល់នឹងព័រទុយហ្គាល់។គួររំលឹកថា ក្រុមជើងឯក២០១០ បានធ្លាក់ចេញពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះតាមរយៈការចាញ់ដោយបាល់ប៉េណាល់ទី ក្រោមថ្វីជើងម្ចាស់ផ្ទះរុស្ស៊ី នៅវគ្គ១៦ក្រុម។