trollkhmer news

UEFA

ប៉ះ CSKA Moscow យប់ស្អែក Man UTD អវត្តមានខ្សែបម្រើសំខាន់មួយរូប

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០០:២៤

សមាជិក Manchester United បានធ្វើដំណើរចាកចេញពីទឹកដីអង់គ្លេសហោះទៅកាន់ប្រទេសរូស្ស៊ីដើម្បីធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ CSKA Moscow នៃការប្រកួតពានរង្វាន់ UEFA Champion League ដោយអវត្តមានខ្សែបម្រើ Marouane Fellaini ដោយសារមានរបួសកែងជើងពេលប៉ះជាមួយ Southampton កាលពីចុងសប្តាហ៍មុន។កីឡាករសក់សំពោងបានរងរបួសក្រោយប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Shane Long ក្នុងវគ្គទី១ ប៉ុន្តែនៅបន្តលេងរហូតដល់ចប់ការប្រកួតដោយក្រុមបិសាចក្រហមជាអ្នករកបាន៣ពិន្ទុនៅក្នុងកីឡដ្ឋាន St Mary's ឈរនៅកំពូលតារាងជាមួយ Man City។Fellaini គឺជាសមាជិកទី២ហើយដែលនឹងអវត្តមាននៅក្នុងជំនួបនេះបន្ទាប់ពី Paul Pogba ដែលកំពុងសម្រាកព្យាបាលបញ្ហាសរសៃរពួរ (របួសចាស់) ដោយរបួសគេនឹងអាចឈានទៅដល់ការវះកាត់ផងដែរ បើសិនជាពិនិត្យទៅមានសភាពហាធ្ងន់ធ្ងរ។ ដោយឡែកនៅតំបន់បម្រើកណ្តាល Ander Herrera ទំនងជាចូលលេងជម្រើស១១នាក់ដំបូងដោយនឹងចាប់ដៃគូជាមួយ Nemanja Matic។

Arsene Wenger៖ UEFA Champion League ឆ្នាំនេះលេងមិនសូវល្អមើលទេ

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១២:៥៤

គ្រូបង្វឹក Arsenal លោក Arsene Wenger បានឲ្យដឹងថា ពានរង្វាន់ UEFA Champion League នៅរដូវកាលនេះមិនមានភាពទាំក់ទាញឡើយ ក្រោយពីក្រុមកាំភ្លើងធំធ្លាក់ទៅលេងនៅ Europa League។បុរសជនជាតិបារាំងបានបន្ថែមទៀតថា៖ "ខ្ញុំគិតថានៅក្នុងវគ្គចែកពូលមិនសូវមានការប្រកួតល្អៗ ព្រោះមើលទៅមានតែ២-៣គូតែប៉ុណ្ណោះតែលេងល្អមើល។ ដូចនេះវាធ្វើឲ្យបាត់បង់ភាពទាក់ទាញសម្រាប់អ្នកគាំទ្រ។"គួរបញ្ជាក់ថា Arsenal បានបញ្ចប់ទៅនៅលំដាប់ទី៥កាលពីរដូវកាលមុនមិនមានឈ្មោះមកលេងនៅពានរង្វាន់ UEFA Champion League ជាលើកដំបូងក្នុងរយៈ១៩ឆ្នាំ។

គ្រូ Dortmund ថា Mario Gotze វៀចធ្មេញ​ខ្ទេចក្រោយត្រូវមួយ​កែង​របស់ Vertonghen

ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៣:៥២

ខ្សែបម្រើ Mario Gotze ​រង​គ្រោះ​​វៀចធ្មេញ​មួយ​ចំនួន​ ​ក្រោយ​ត្រូវ​មួយ​កែង​ ពេញ​ទំហឹង​ពី​ខ្សែ​ការពារ​ Jan Vertonghen ក្នុងជំនួបរវាង Borussia Dortmund ប៉ះជាមួយ Tottenham Hotspur នៃពានរង្វាន់ UEFA Champion League។  លោក Peter Bosz គ្រូ​បង្វឹក​ក្លឹប Dortmund បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ "ធ្មេញ​ Gotzeបាន​វៀចហើយ​ត្រូវ​តែ​ជួប​ជាមួយ​គ្រួ​ពេទ្យ​ដើម្បី​ព្យាបាល។ វា​មើល​ទៅ​មិន​ល្អ​សោះ។ ​ធ្មេញ​របស់​គេ​​មិន​ត្រង់​ជួរ​នោះ​ទេ បន្ទាប់​ពី​ត្រូវ​មួយ​កែង​។ វា​ធ្វើ​ឲ្យ​គេ​ ពិបាក​នឹង​និយាយ​ណាស់"។ក្រោយ​រង​ការ​ប៉ះ​ទង្គិច​នេះ Gotze ត្រូវ​បាន​គេ​ឃើញ​មាន​ឈាម​ក្នុង​មាត់ ខណៈ​ខ្សែ​ការពារ Vertonghen របស់​ Spurs ទទួល​បាន​កាត​លឿង​ជា​លើក​ទី២ ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួតនៅចុងម៉ោង ប៉ុន្តែលទ្ធផលបញ្ចប់ការប្រកួតគឺ Spur បានយកឈ្នះ Dortmund ដោយលទ្ធផល៣ទល់នឹង១។

Paul Pogba អវត្តមាន១ខែដោយសាររបួសសរសៃពួរភ្លៅ

ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១២:១៥

ខ្សែបម្រើ Paul Pogba អាចអវត្តមាន១ខែដោយសាររបួសសរសៃពួរភ្លៅក្នុងអំឡុងពេលលេងទល់នឹង Basel នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ពូល A។កីឡាករវ័យ២៤ឆ្នាំលេងបានតែ១៩នាទីប៉ុណ្ណោះក៏ត្រូវបានប្ដូរចេញ ក្រោយព្យាយាមលូកជើងខ្លាំងពេកដើម្បីប្រជែងយកបាល់ជាមួយគូប្រកួតប្រជែង។ នេះជាការរងរបួសសរសៃពួរភ្លៅលើកទី២របស់សមាជិកក្រុមមាន់គកបារាំងក្នុងរយៈពេល៦ខែចុងក្រោយនេះ ដោយអំឡុងការប្រកួត Europa Leagueទល់នឹង Rostov  កាលពីឆ្នាំមុន Pogba ក៏ធ្លាប់មានបញ្ហាបែបនេះផងដែរ។

ទស្សនាវីដេអូ Real Madrid ឈ្នះ APOEL ៣-០ ខណៈ Cristiano Ronaldo ស៊ុតបាន២គ្រាប់

ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១១:៣៣

ក្នុងការប្រកួតបើកឆាកពូល H កាលពីយប់មិញ Real Madrid បានយកឈ្នះក្រុមភ្ញៀវ Apoel ដោយលទ្ធផល៣ទល់នឹង០ នៅកីឡដ្ឋាន Santiago Bernabeu។ក្រុមការពារជើងឯកបាននាំមុខមួយគ្រាប់ ដោយ Cristiano Ronaldo នៅនាទី១២ មុនពេលដែលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបន្ថែមមួយគ្រាប់ទៀតនៅនាទី ៥១ ក្នុងវគ្គទីពីរ។នៅនាទី ៦១ ខ្សែការពារ Sergio Ramos បានទាត់បកក្រោយបញ្ចូលទីគ្រាប់ទីបីឲ្យ Real Madrid បានយ៉ាងល្អធ្វើឲ្យក្រុមលោក Zinedine Zidane រកបាន៣ពិន្ទុនៅក្នុងពូល H នេះ៕

Kane ស៊ុត២គ្រាប់​ឲ្យ Spurs ឈ្នះ Dortmund ចំណែកឯ Man City បំបាក់ Feynenoord ៤គ្រាប់ (មានវីដេអូ)

ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១១:២៦

Harry Kane រកបាន​២គ្រាប់ម្នាក់ឯងក្នុងចំណោមជ័យជម្នះ៣ទល់នឹង១​របស់ Tottenham Hotspur លើ Borussia Dortmund ក្នុងការប្រកួតបាល់ទាត់​ក្របខណ្ឌ UEFA Champions League។​ខ្សែបម្រើ​ Son Heung-min បើក​ការនាំ​​មុខ​ឲ្យ Spurs តាំងពីនាទីទី០៤ ដោយ Dortmund ​តាម​ស្មើ​វិញដោយ Yarmolenko នៅនាទី១១ ហើយ Kane ក៏បានបន្ថែម២គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះតែម្តង។នៅប្រទេសហូឡង់ ឯណោះវិញ គឺ Manchester City បាន​បំបាក់​ម្ចាស់ផ្ទះ Feynenoord ដោយ​លទ្ធផល ៤ទល់នឹង០​ ដែលរកបានដោយ John Stones ២​គ្រាប់, Sergio Aguero មួយគ្រាប់ និង Gabriel Jesus មួយគ្រាប់។ងាកមកកាន់ជំនួននៅទឹកដី Anfield វិញ Sevilla ជា​អ្នក​នាំមុខ​មួយគ្រាប់មុនដោយ Ben Yedder នៅនាទីទី០៥ មុន Roberto Firmino តាម​ស្មើនៅនាទី២១ ហើយ​ Mohamed Salah ក៏​ស៊ុត​ឲ្យ Liverpool នាំមុខវិញម្ដង។​ យ៉ាងណាក៏ដោយ Joaquin Correa ដណ្ដើម​បាន​មួយពិន្ទុ​ឲ្យ Sevilla។

ក្រោយចាញ់ PSG យប់មិញ Celtic អាច​រង​ពិន័យ​ធ្ងន់ដោយសារអ្នកគាំទ្រ

ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៦:០២

Celtic ប្រឈម​មុខ​នឹង​ការ​ពិន័យ​ធ្ងន់ធ្ងរ​ពី​សំណាក់​ UEFA បន្ទាប់​ពី​អ្នក​គាំទ្រ​ពួក​គេ​ម្នាក់​រត់​ចូល​ក្នុង​តារាង​បម្រុង​នឹង​ដេញ​ទាត់ Kylian Mbappé។ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ជម្រុះ​ក្នុង​ពូល​កាល​ពី​យប់​មិញ​ Celtic បាន​ចាញ់​ Paris Saint-Germain ៥-០ នៅ​ទឹកដី​ខ្លួន​ឯង​ ហើយ​នៅ​ពេល​ក្រុម​ម្ចាស់​ផ្ទះ​រៀប​កែ​បាល់​គ្រាប់​ទី​បី​នោះ​ ស្រាប់​តែ​អ្នក​គាំទ្រ​ម្នាក់​ផ្លោះ​រត់​ចូល​ទីលាន​ក្នុង​គោល​បំណង​ប្រើ​ហិង្សា​លើ​តារា​ឆ្នើម Mbappé។យ៉ាង​ណា​ក៏​ដោយ​អ្នក​គាំទ្រ​រូប​នោះ​ត្រូវ​បាន​សន្តិសុខ​ចាប់ជាប់​ហើយ​នាំ​ចូល​ទៅ​ក្នុង ក្រោម​សំឡេង​ស្រែក​ជេរ​ពី​អ្នក​គាំទ្រ​ដទៃ​ទៀត​ដែល​កំពុង​អង្គុយ​ទស្សនា។ ទង្វើ​ខាង​លើ​​អាច​ឲ្យ​ Celtic ប្រឈម​ការ​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ​ ឬ​ក៏​អាច​លេង​ការ​ប្រកួត​ពាន​ទ្វីប​អឺរ៉ុប​ដោយ​គ្មាន​អ្នក​គាំទ្រ​។

Jurgen Klopp៖ ចាញ់ Man City ថ្ងៃមុនមិនប៉ះពាល់អារម្មណ៍សម្រាប់យប់នេះទេ

ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៥:៥២

អ្នកចាត់ការ Liverpool លោក Jurgen Klopp អះអាងប្រកបដោយទំនុកចិត្តថា នឹងយកការប្រកួត UEFA Champions League ទល់នឹង Sevilla រាត្រីនេះលុបលាងភាពអាម៉ាស ក្រោយចាញ់ Manchester City ៥ទល់នឹង០ កាលចុងសប្ដាហ៍កន្លងទៅ។គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ រៀបរាប់ថា បរាជ័យនៅ Premier League បានកន្លងផុតទៅហើយ ហើយរាត្រីនេះជាការប្រកួតមួយផ្សេងទៀតដែលក្រុមលោកបានត្រៀមខ្លួនរួចរាល់។ សមាជិកគ្រប់រូបនឹងប្រឹងប្រែងទៅតាមគម្រោង ហើយការចាញ់ Man City យ៉ាងដំណំមិនប៉ះពាល់ដល់ការប្រមូលអារម្មណ៍របស់យើងទេ។ជាមួយគ្នានេះ Philippe Coutinho បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតយប់នេះ ខណៈបម្រាម៣ប្រកួតរបស់ Sadio Mane ក្រោយប៉ះគ្នាជាមួយអ្នកចាំទី Ederson របស់ Man City មិនប៉ះពាល់ដល់ការប្រកួតយប់នេះឡើយ៕

Zinedine Zidane៖ Ronaldo រីករាយពេលបានចូលហ្វឹកហាត់វិញ

ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៥:៤១

អ្នកចាត់ការ Real Madrid លោក Zinedine Zidane និយាយថា Cristiano Ronaldo បានចូលហ្វឹកហាត់ជាមួយនឹងសមាជិកឯទៀតយ៉ាងរីករាយ ក្រោយផុតបម្រាម៤ប្រកួត។អតីតប្រធានក្រុមជម្រើសជាតិបារាំងខាងលើបន្តថា កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះបានត្រៀមខ្លួនរួចស្រេចសម្រាប់ជំនួបបើកឆាក UEFA Champions League របស់ខ្លួនទល់នឹងក្រុមភ្ញៀវ APOEL Nicosia នារាត្រីនេះ។ គួររំឭកថា Ronaldo ទទួលបានកាតក្រហម និង ពិន័យ៤ប្រកួត ក្រោយរុញអាជ្ញាកណ្ដាលក្នុងការប្រកួត Spanish Super Cup ទល់នឹង Barcelona៕