trollkhmer news

សង្គមនិងជីវិត

មន្រ្តីយោធា ២នាក់ កំពុងបើកម៉ូតូទៅព្យាបាលជំងឺ ស្រាប់តែបាក់ស្រុតដីធ្លាក់ចូលទឹកហូរទៅបាត់

ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៥

ស្ទឹងត្រែង៖ មន្រ្តីយោធា ២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុង ហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែម្តងកាលពីព្រឹកម្សិលមិញ។គិតត្រឹមវេលាម៉ោងប្រមាណជាង ១២ថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់រកឃើញនៅឡើយទេ មិនដឹងថាស្លាប់ឬយ៉ាងណានោះឡើយ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។ហេតុការដ៏រន្ធត់នេះ ត្រូវបានគេថតបាន និងត្រូវបានចែកចាយតគ្នាពេញបណ្តាញសង្គម បង្កើតឲ្យមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជនរងគ្រោះ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សហការជាមួយនគរបាលរបស់លោក ជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះភ្លាមៗផងដែរ។របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា ជនរងគ្រោះទាំងពីរនាក់រួមមាន៖*ទី១៖ ឈ្មោះ សុខ សុវណ្ណឌី*ទី២៖ ឈ្មោះ ភី នីដាលិ។ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ម្សិលមិញ ពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។យោងតាមមន្ត្រីយោធានៅយោធភូមិភាគទី១ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ កំពុងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដោយសារមន្ត្រីយោធាដែលជិះពីខាងក្រោយកំពុងកើតមានជំងឺគ្រុនចាញ់ និងញ័រញាក់ខ្លាំង៕

មួយក្នុងចំណោមមីស៊ីលទាំងពីរដែលកូរ៉េខាងជើងបាញ់ គឺជាមីស៊ីលបង្កើតថ្មី៖ កូរ៉េខាងត្បូង

ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៨

កូរ៉េខាងត្បូង៖ មន្ត្រីម្នាក់នៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានប្រាប់សារព័ត៌មានរ៉យទ័រឱ្យដឹងថា យ៉ាងហោចណាស់កាំជ្រួចមីស៊ីលមួយក្នុងចំណោមកាំជ្រួចមីស៊ីលទាំងពីរដែលកូរ៉េខាងជើងបានបាញ់នៅថ្ងៃព្រហស្បតិ៍នេះ គឺជាកាំជ្រួចមីស៊ីលដែលបង្កើតថ្មី និងបានហោះចម្ងាយប្រមាណ ៦៩០គីឡូម៉ែត្រ។មីស៊ីលមួយទៀត ហោះបានចម្ងាយប្រហែល ៤៣០គីឡូម៉ែត្រ មុនធ្លាក់ចូលក្នុងសមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតកូរ៉េខាងជើងដោយបន្ថែមថា ការវិភាគលម្អិត កំពុងធ្វើឡើង ដើម្បីឱ្យដឹងថាតើមីស៊ីលទាំងពីរ គឺជាគំរូតែមួយ ឬយ៉ាងណា៕

អាមេរិក បញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របពេលចិនព្រមានតៃវ៉ាន់ធ្វើសង្គ្រាម

ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៤៦

យោធាអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលជាចំណុចញែកតៃវ៉ាន់ពីចិន សកម្មភាពនេះ បានធ្វើឱ្យចិនខឹងសម្បារកាន់តែខ្លាំង ខណៈកំពុងមានភាពតានតឹងនៃទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំង។តៃវ៉ាន់ ស្ថិតក្នុងចំណោមភាពល្អក់កកជាច្រើននៅក្នុងទំនាក់ទំនងអាមេរិក-ចិន រួមទាំងសង្រ្គាមពាណិជ្ជកម្ម, ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការដំឡើងសាច់ដុំយោធារបស់ចិននៅសមុទ្រចិនខាងត្បូងដែលសហរដ្ឋអាមេរិក ក៏ល្បាតឃ្លាំមើលផងដែរ។ចិនកាលពីថ្ងៃពុធបានព្រមានថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការធ្វើសង្គ្រាម ប្រសិនបើតៃវ៉ាន់ឈានទៅប្រកាសឯករាជ្យភាព និងបានចោទប្រកាន់អាមេរិកថា បានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសកលលោក ព្រមទាំងបរិហារការលក់អាវុធរបស់អាមេរិកទៅកាន់ឱ្យកោះតៃវ៉ាន់។នាវាយោធាដែលបញ្ជូនទៅកាន់ច្រកសមុទ្រតៃវ៉ាន់ក្នុងតំបន់សមុទ្រ១៨០ គីឡូម៉ែត្រ ត្រូវបានគេស្គាល់ថា ជានាវាចម្បាំង Antietam៕

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន

ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:២១

កូរ៉េខាងត្បូង៖ អគ្គសេនាធិការចំរុះកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅក្នុងសមុទ្រ។ មីស៊ីលទាំងពីរគ្រាប់ ត្រូវបានបាញ់កាលពីព្រលឹមថ្ងៃព្រហស្បតិ៍ ដោយហោះចម្ងាយ ៤៣០គីឡូម៉ែត្រ និងឈានដល់កម្ពស់ ៥០គីឡូម៉ែត្រ មុនធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនដែលគេស្គាល់ថា សមុទ្រភាគខាងកើត។ការណ៍នេះ បានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងផ្ទុះកំហឹងជុំវិញការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅខែក្រោយ ហើយព្រមានថា នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការបន្តកិច្ចចរចានុយក្លេអ៊ែរ។កាំជ្រួចមីស៊ីល ត្រូវបានបាញ់នៅជិតទីក្រុងភាគខាងកើត Wonsan ។ គេមិនច្បាស់ទេថា តើមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានបញ្ជាការបាញ់ដោយផ្ទាល់ ឬយ៉ាងណា៕

តៃវ៉ាន់ អំពាវនាវឱ្យចិនបោះបង់គំនិតប្រើប្រាស់កម្លាំងប្រឆាំងនឹងខ្លួន ខណៈក្រុងប៉េកាំងព្រមានធ្វើសង្គ្រាម

ថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:០៤

កោះតៃវ៉ាន់នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យប្រទេសចិនបោះបង់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងខ្លួន បន្ទាប់ពីក្រុងប៉េកាំងបានព្រមានថា ត្រៀមរួចជាស្រេចក្នុងធ្វើសង្គ្រាម ប្រសិនបើ តៃវ៉ាន់ឈានទៅប្រកាសឯករាជ្យភាព។ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ឥរិយាបថបង្កហេតុ" របស់ចិនបានធ្វើប៉ះពាល់ដល់សន្តិភាព និងសណ្ដាប់ធ្លាប់ក្នុងតំបន់។ ក្រុមប្រឹក្សា ក៏បានអំពាវនាវឱ្យក្រុងប៉េកាំងដោះស្រាយវិបត្តិនយោបាយនៅហុងកុង «ដោយសមស្រប»។នៅថ្ងៃពុធនេះ ក្រសួងការពារជាតិចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថាធ្វើឱ្យប៉ះពាល់ ស្ថិរភាពសកលលោក និងបរិហារការលក់អាវុធរបស់ក្រុងវ៉ាស៊ីនតោនទៅឱ្យកោះតៃវ៉ាន់៕

ចិនព្រមានវ៉ៃតៃវ៉ាន់ ប្រសិនបើកោះមួយនេះហ៊ានឈានទៅប្រកាសឯករាជ្យភាព

ថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:០៤

ចិន៖ ក្រសួងការពារជាតិចិន បានព្រមាននៅថ្ងៃពុធនេះថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការធ្វើសង្គ្រាម ក្នុងករណីតៃវ៉ាន់ឈានទៅប្រកាសឯករាជ្យភាព និងបានចោទប្រកាន់អាមេរិកថា បានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសកលលោក និងបរិហារការលក់អាវុធរបស់ក្រុងវ៉ាស៊ីនតោនទៅឱ្យកោះតៃវ៉ាន់។នៅខែនេះ មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធតាមសំណើរបស់កោះតៃវ៉ាន់ដែលរួមមាន រថក្រោះ និងមីស៊ីល ដែលគេប៉ាន់ប្រមាណថាមានតម្លៃប្រមាណ ២,២ ពាន់លានដុល្លារ។ ចិនបានឆ្លើយតបដោយបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនេះ។ សហរដ្ឋអាមេរិក គឺជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់ទៅឱ្យកោះតៃវ៉ាន់ដែលប្រទេសចិនចាត់ទុកថា ខេត្តមួយរបស់ខ្លួន។ ក្រុងប៉េកាំងមិនដែលលះបង់ការប្រើកម្លាំងយោធា ដើម្បីយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។គួររម្លឹកថា វ៉ាស៊ីនតោន ពុំមានទំនាក់ទំនងជាផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែត្រូវបានចងភ្ជាប់ដោយច្បាប់ ដែលតម្រូវឱ្យជួយផ្ដល់ធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់៕

ព័ត៌មានបន្ថែម៖ ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិន នៅក្រុងព្រះសីហនុ

ថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:១៣

ព្រះសីហនុ៖ ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅម៉ោង ១១៖៣០នាទីយប់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់។នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ បានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ អ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត ១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិ ២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មកក្រុមជនសង្ស័យ បានជិះរថយន្តរត់គេចខ្លួនបាត់។សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នមិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ចំពោះជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

ចិនអំពាវនាវឱ្យសហរដ្ឋអាមេរិកដក "ជនបាតដៃខ្មៅ" ចេញពីហុងកុង

ថ្ងៃទី ២៣ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:០៧

ចិន៖ ចិនបានចោទប្រកាន់អាមេរិកនៅថ្ងៃអង្គារនេះថា បានស្ថិតនៅពីក្រោយបាតុកម្មដោយហិង្សានៅហុងកុង និងអំពាវនាវឱ្យអាមេរិកដក "ជនបាតដៃខ្មៅ" ចេញពីហុងកុង។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រីហួ ជុនយីង (Hua Chunying) បានថ្លែងបែបនេះនៅសន្និសីទសារព័ត៌មានក្នុងក្រុងប៉េកាំង នៅពេលសួរអំពីបាតុកម្មនៅហុងកុង។អំពើហឹង្សាកាលពីចុងសប្តាហ៍កន្លងទៅ បានធ្វើឱ្យមានវិបត្តិថ្មីមួយ ស្តីពីច្បាប់ធ្វើបត្យាប័ន ដែលអាចបញ្ជូនជនសង្ស័យពីហុងកុងទៅចិនដើម្បីទទួលការកាត់ទោស ដោយតុលាការដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន៕

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនថាមពលរដ្ឋចិន ចំពោះការរំលោភទណ្ឌកម្មរបស់ខ្លួនលើអ៊ីរ៉ង់

ថ្ងៃទី ២៣ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:០៤

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅក្នុងសុន្ទរកថា កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុនថាមពលរដ្ឋចិន Zhuhai Zhenrong ចំពោះការរំលោភទណ្ឌកម្មរបស់ខ្លួនលើវិស័យប្រេងរបស់អ៊ីរ៉ង់។លោក បាននិយាយថា ទណ្ឌកម្ម បានរាំងខ្ទប់ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់ របស់ក្រុមហ៊ុន Zhuhai Zhenrong នៅសហរដ្ឋអាមេរិក និងហាមឃាត់នាយកប្រតិបត្តិលោក Youmin Li មិនឱ្យជាន់ដីអាមេរិក។វិធានការណ៍នេះ ធ្វើឡើង ចំពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងលោកខាងលិច ក៏ដូចជារវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងសង្គ្រាមពាណិជ្ជកម្ម កាន់តែក្ដៅឡើងៗ។ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីបានដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេអេរ៉ង់ និងបណ្តាប្រទេសលោកខាងលិចដទៃទៀតដែលឡើងក្រោមអាណត្តិរបស់លោកបារ៉ាក់អូបាម៉ា៕