trollkhmer news

សង្គមនិងជីវិត

ច្បាស់ហើយ! ផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជា «ភ្នំពេញ-ព្រះសីហនុ» នឹងបើកការដ្ឋានសាងសង់​នាថ្ងៃទី២២ ខែមីនា

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:០៦

ភ្នំពេញ៖ ទីបំផុតទៅផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនោះ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ពីធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើយោងតាមតារាងកម្មវិធីការងាររបស់សម្តេចតេជោ ហ៊ុន សែន។គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕

រថយន្តធន់ធំ និងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:១០

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលពួកគេទាំង២ បានជិះម៉ូតូវ៉ាជែងមិនប្រុងប្រយ័ត្ន ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាយរេចង្កូត ជ្រុលទៅបុកពេញទំហឹង ជាមួយនឹងរថយន្តធន់ធំ ចំពាក់កណ្តាល បណ្តាលយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧៖៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្គាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។យោងតាមនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ និងជនរងគ្រោះ រងរបួសធ្ងន់ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ បានបញ្ជូនទៅមន្ទីពេទ្យ។ ជនរងគ្រោះទាំង២ បើកបរម៉ូតូម៉ាកសង់២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1B 2739។ ចំណែកឯខាងរថយន្តបង្កម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ 3A-1912 អ្នកបើកបរបានរត់បាត់ស្រមោល។បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្ត និងម៉ូតូខាងលើ បើកបរបញ្រ្ចាស់ទិសគ្នា (ម៉ូតូបើកពីលិចទៅកើត រថយន្តបើកពីកើតទៅលិច) លុះមកដល់ចំណុចកើតហេតុ ខាងម៉ូតូបានបានបើកប៉ះជាមួយម៉ូតូផ្សេងទៀត តែមិនស្គាល់ម៉ាក ហើយក៏បានជ្រុលទៅបុករថយន្តខាងលើពេញទំហឹងតែម្តង។បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកវាស់វែង និងយកទៅរក្សាទុក នៅស្នងការចររាចរណ៍រាជធានីភ្នំពេញ។ ចំណែកសពជនរងគ្រោះ រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កូរ៉េខាងជើងគ្មានអនាគតទេ ប្រសិនបើនៅតែមានអាវុធនុយក្លេអ៊ែរ៖Trump

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:២៣

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងមិនមានអនាគតសេដ្ឋកិច្ចទេ ប្រសិនបើមានអាវុធនុយក្លេអ៊ែរ ស្របពេលដែលមន្ទីរបញ្ចកោណបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំ។លោក ត្រាំ បាននិយាយនៅសន្និសីទសកម្មភាពនយោបាយអភិរក្ស (Conservative Political Action Conference) ថា "កូរ៉េខាងជើងនឹងមានអនាគតសេដ្ឋកិច្ចមិនគួរឱ្យជឿ និងអស្ចារ្យ ប្រសិនបើពួកគេយល់ព្រមកិច្ចព្រមព្រៀង ប៉ុន្តែពួកគេមិនមានអនាគតសេដ្ឋកិច្ចទេ ប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ"។លោកបានបន្ថែមថា ទំនាក់ទំនងរបស់យើងជាមួយកូរ៉េខាងជើងហាក់ដូចជា «រឹងមាំឡើង រឹងមាំឡើង»៕

កូនស្រីស្ថាបនិកក្រុមហ៊ុនយក្សចិន Huawei ប្តឹងកាណាដាពាក់ព័ន្ធនឹងការចាប់ខ្លួនលោកស្រី

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

ប្រទេសចិន៖ ប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានប្តឹងប្រទេសកាណាដាពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកស្រី នៅឯអាកាសយានដ្ឋាន Vancouver កាលពីឆ្នាំមុនតាមសំណើរបស់សហរដ្ឋអាមេរិក។លោកស្រី ម៉េងវ៉ាន់ចូវ ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងខែធ្នូ ពីបទសង្ស័យក្លែងបន្លំ និងរំលោភទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់។ អាជ្ញាធរអាមេរិកកំពុងស្វែងរកធ្វើបត្យាប័នជនជាតិចិនរូបនេះ។ ប៉ុន្តែលោកស្រីម៉េង បានដាក់ពាក្យបណ្តឹងស៊ីវិលមួយ ប្រឆាំងនឹងរដ្ឋាភិបាលកាណាដា ភ្នាក់ងារព្រំដែន និងប៉ូលិសចំពោះ "ការរំលោភបំពានធ្ងន់ធ្ងរ" លើសិទិ្ធស៊ីវិលរបស់លោកស្រី។ប្រទេសចិនបានវាយប្រហារ និងចាត់ទុកការចាប់ខ្លួនរបស់លោកស្រី និងដំណើរការធ្វើបត្យាប័នថាជា «ឧប្បត្តិហេតុនយោបាយ»។ លោកស្រីម៉េងបដិសេធទាំងអស់រាល់ការចោទប្រកាន់ប្រឆាំងនឹងលោកស្រី៕

បុរស​ម្នាក់​បើក​ម៉ូតូលឿនដូច​ហោះ ​ជ្រុលទៅបុកខឿនផ្លូវដួលបោក​ក្បាល​ផ្ទប់​​បង្គោល​ស្លាកសញ្ញាចរាចរណ៍ បែកក្បាល​ធ្លាយ​ខួរ​ ស្លាប់​យ៉ាង​អាណោចអាធ័ម​

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៧

ភ្នំពេញ៖ បុរស​ម្នាក់​បើក​ម៉ូតូលឿន ដូច​ហោះ​ជ្រុលទៅបុកខឿនផ្លូវដួលបោក​ក្បាល​ផ្ទប់នឹង​​បង្គោល​ស្លាកសញ្ញាចរាចរណ៍ បែកក្បា​ធ្លាយ​ខួរ​លស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងនៅម៉ោងជាង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤​ ខែមិនា​ ឆ្នាំ២០១៩ នៅចំណុងរង្វត់មូល​គួច​កាណុង​ ស្ថិត​នៅ​តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​។ជនរងគ្រោះ​ឈ្មោះ​ អ៊ូ​ ករិទ្ធទ្យា​ មាន​អាយុ​ ៣២ឆ្នាំ​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​កោះដាច់​ ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​ និង​មាន​ទី​លំនៅ​បច្ចុប្បន្ន ​ស្ថិត​នៅ​ផ្ទះ​លេខ​៣៩៩​អឺ៣​ ផ្លូវ​៩៣ភូមិ​០៧ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី០៤​ខណ្ឌ​៧មករា​ ក្រុង​ភ្នំពេញ​។ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ប្រាប់​ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ​បើក​ម៉ូតូមួយគ្រឿងម៉ាក​ HONDA DREAM ស៊េរីឆ្នាំ​២០១៨​ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HF-8091 បាន​ធ្វើ​ដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង​បោះពួយ​យ៉ាង​លឿន លុះមកដល់​ចំណុច​កើតហេតុខាងលើបានបត់ស្តាំដៃមិន​ទាន់ ​ក៏​ជ្រុល​បុកខឿនផ្លូវដួលបោក​ក្បាល​ផ្ទប់នឹង​​បង្គោល​ស្លាកសញ្ញាចរាចរណ៍ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម។ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យរួច សព​ត្រូវ​បាន​រថយន្ត​សាមុយ​រៀបចំ​លើក​ដាក់ ​ក្នុង​រថយន្ត​ដើម្បី​រង់ចាំបងប្អូនមកទទួលសពយកទៅធ្វើ​បុណ្យ​តាមប្រពៃណី រីឯ​ម៉ូតូ​វិញត្រូវបាន​សមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ​ដើម្បី​រង់ចាំសាច់ញាត្តិយកឯកសារ​ មកទទួលយកទៅវិញ៕

អាមេរិក និងកូរ៉េខាងត្បូង គ្រោងប្រកាសពីការកាត់បន្ថយសមយុទ្ធយោធារបស់ខ្លួន

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:១១

ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រំពឹងថា នឹងប្រកាសមិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនានិទាឃរដូវនេះទេ ដោយជំនួសមកវិញនូវសមយុទ្ធយោធាទ្រង់ទ្រាយតូចប៉ុណ្ណោះ។ក្រុមមន្ត្រីអាមេរិកបាននិយាយថា លំហាត់យោធានិទាឃរដូវដែលត្រូវបានគេស្គាល់ថា លំហាត់យោធា Foal Eagle និង Key Resolve នឹងត្រូវកាត់បន្ថយ។ មន្រ្តីម្នាក់និយាយដោយមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការប្រកាសជាផ្លូវការ រំពឹងថា នឹងធ្វើនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ មន្ត្រីរូបនេះបាននិយាយថា ការសម្រេចចិត្តនេះបានធ្វើឡើងយូរមកហើយ មិនមែនជាលទ្ធផលនៃជំនួបកំពូលចុងក្រោយបំផុតរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នោះទេ។ការធ្វើសមយុទ្ធ Foal Eagle  ដែលជាទូទៅមានការចូលរួមពីទាហានរាប់ពាន់នាក់រួមមានកងទ័ពជើងគោក កងទ័ពអាកាស កងនាវាចរ និងកងទ័ពពិសេសៗ ធ្វើឡើងជារៀងរាល់និទាឃរដូវ។ Key Resolve គឺជាការធ្វើលំហាត់យោធាដោយប្រើកុំព្យូទ័រ៕

អគ្គិភ័យបំផ្លាញផ្ទះ១៥ខ្នង នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារឆ្លងចរន្ដអគ្គិសនី

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៥៩

កំពង់ចាម៖ ករណីគ្រោះអគ្គីភ័យមួយកើតឡើងនៅ​ក្នុងភូមិស្វាយតានាន់ ខ​ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ដោយសារឆ្លងចរន្តអគ្គិសនី។ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ​ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកបញ្ជាឲ្យក្រុមពន្លត់អគ្គីភ័យចេញ រថយន្តចំនួន​៦គ្រឿង ទាំងខេត្ត និងស្រុក​ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត​២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន​៨គ្រឿង។ក្រោយប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ អស់ប្រមាណជិត២ម៉ោង អគ្គិភ័យនេះក៏ត្រូវបានសមត្ថកិច្ចទប់ស្កាត់ និងពន្លត់បានជាស្ថាពរ។ លោកស្នងការបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យកើតអគ្គីភ័យ​ គឺមកពីឆ្លងចរន្ដអគ្គិសនី ហើយទំហំនៃការខូចខាត ឆេះផ្ទះចំនួន​១៥ខ្នង។ទោះជាយ៉ាងណា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕​

ប៉ាគីស្ថានដោះលែងអ្នកបើកបរយន្តហោះដែលខ្លួនចាប់បាន ក្រោយបាញ់ទម្លាក់ទៅឱ្យឥណ្ឌាវិញ

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៣៣

ប៉ាគីស្ថានបានដោះលែងអ្នកបើកយន្តហោះចម្បាំងឥណ្ឌាម្នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីយន្តហោះរបស់គេបានបាញ់ធ្លាក់ ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន។អ្នកបើកយន្តហោះ លោក Abhinandan Varthaman ត្រូវបានប្រគល់ឱ្យមន្រ្តីឥណ្ឌាវិញ កាលពីថ្ងៃសុក្រនៅព្រំដែនស្របច្បាប់ជាមួយប្រទេសប៉ាគីស្ថាន។ អ្នកបើកយន្តហោះរូបនេបាននិយាយនៅលើទូរទស្សន៍ប៉ាគីស្ថានថា លោក "ភ្ញាក់ផ្អើលខ្លាំង" ដោយកងទ័ពប៉ាគីស្ថាន។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយថា ការដោះលែងអ្នកបើកបររូបនេះគឺជា«កាយវិការសន្តិភាព»មួយដល់ប្រទេសឥណ្ឌា។គួររម្លឹកថា ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានដែលជាមហាអំណាចនុយក្លេអ៊ែរដូចគ្នាសុទ្ធតែទាមទារតំបន់កាស្មៀរ ប៉ុន្តែប្រទេសទាំងបានតែត្រឹមគ្រប់គ្រងម្ខាងម្នាក់ប៉ុណ្ណោះ៕

រន្ធត់​ណាស់​!​ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោកជាំ​ បើក​រថយន្ត​បុក​ម៉ូតូរ៉ឺម៉ក​កង់​បី ស្លាប់ជន​ជាតិ​បរទេស​២នាក់ និងអ្នក​បើក​រ៉ឺម៉កម្នាក់, អ្នកបើករថយន្តត្រូវបានឃាត់ខ្លួន (មានវីដេអូ)

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៤

ភ្នំពេញ​​៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោកជាំ ​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន ​ទៅ​បុក​រ៉ឺម៉ក​កង់​បី​​អូស​ជាង​ ៥០ម៉ែត្រ ​បណ្ដាល​ឲ្យ​ជន​ជាតិ​បរទេស​ ២នាក់​បាន​ស្លាប់​​នៅនឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​ម៉ូតូរ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​​។ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅម៉ោង​ជាង​២យប់​ថ្ងៃ​ទី​០២​ ខែ​មីនា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​កែង​ផ្លូវ​លេខ​១៨៤​ ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូនពេញ​។ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS RX330 ពណ៌​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ ​2AX-5853​ បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ងាកមក​ខាង​ឆ្វេង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ចំ​ពេញ​មួយ​ទំហឹង​អូស​ជាង​៥០ម៉ែត្រ​ បណ្ដាល​ឲ្យ​​ជនជាតិ​​បរទេស២នាក់​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​រ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​។រី​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​វិញ មិន​ចេញ​ពី​កន្លែង​កើត​ហេតុ​ទេ​ តែ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ​ ដើម្បី​ធ្វើ​ការ​សាកសួរ​នាំ​ផង​ដែរ​។បច្ចុប្បន្ន​សព​ទាំង​៣ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​រង់ចាំសាច់​ញាតិ​មក​ទទួល​យក​ ដោយ​ឡែក​សព​ទាំង​៣ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ទេ​៕