trollkhmer news

សង្គមនិងជីវិត

លោកប្រាយុទ្ធ អាចនឹងបន្តកាន់តំណែង ប្រសិនបើសេចក្តីព្រាងរដ្ឋធម្មនុញ្ញបរាជ័យ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៨:១៩

ប្រសិនបើសេចក្តីព្រាងរដ្ឋធម្មនុញ្ញបរាជ័យក្នុងដំណាក់ការនៃការធ្វើប្រជាមតិលោក (លោកប្រាយុទ្ធ) នឹងបន្តដើម្បីធានាឲ្យបាននូវការធ្វើរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតសកល នេះជាការលើកឡើងរបស់លោក ប្រាវីដ វង់ស៊ូវ៉ាន់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ។គួររម្លឹកផងដែរថា នៅថ្ងៃចន្ទទី១៦ ខែឧសភា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទ អូចា បានបញ្ជាក់ដែរថាដំណើរការនៃការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ នឹងត្រូវត្រលប់ក្រោយវិញ ប្រសិនបើ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនោះបរាជ័យក្នុងការធ្វើប្រជាមតិ។បើយោងតាមប្រភពព័ត៌មានដដែលដែលបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រីថៃដែរថា លោក បានបន្ថែមថា «ប៉ុន្តែខ្ញុំត្រូវចុះចេញពីតំណែង? ខ្ញុំ កំពុងតែបំពេញ ការងារដើម្បីផលប្រយោជន៍ជាតិ។ ខ្ញុំ មិនមែនគំរាមក្នុងការបន្តកាន់អំណាច ប្រសិនសេចក្តីព្រាងរដ្ឋធម្ម នុញ្ញត្រូវបានច្រានចោល»។គណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញថៃ នៅថ្ងៃទី២៩ ខែមីនាកន្លងទៅ បានប្រកាសថា ថៃ នឹងរៀបចំការធ្វើប្រជាមតិជាតិមួយលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី០៧ ខែសីហាខាងមុខនេះដើម្បីស្ទង់មតិប្រជាជនថៃថាតើសេចក្តីព្រាងនោះសមស្រប និងគ្រប់ជ្រុងជ្រោយដែរឬយ៉ាងណា៕

សាលារាជធានីភ្នំពេញ នឹងរៀបចំកែលំអរង្វង់មូលដីក្រហម ប្រសព្វរវាងផ្លូវជាតិលេខ២ ផ្លូវព្រែកជ្រៃ និងផ្លូវលេខ 20A ស្ថិតក្នុងខណ្ឌដង្កោ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៧:៣៦

ដេីម្បីលេីកកំពស់សោភ័ណភាពនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ នឹងរៀបចំកែលំអរង្វង់មូលដីក្រហម ប្រសព្វរវាងផ្លូវជាតិលេខ២ ផ្លូវព្រែកជ្រៃ និងផ្លូវលេខ 20A ស្ថិតក្នុងខណ្ឌដង្កោ ។ តាមគម្រោង រង្វង់មូលនឹងសាងសង់រូបចម្លាក់អប្សរា បែរមុខ៤ទិស ចំផ្ចឹតនៃរង្វង់ ធ្វេីអំពីថ្មភ្នំ កម្ពស់ ៨.៣២៥ម ទទឹង ២.៥០៥ម បពា្ឈរលេីកម្រាលខឿន ឯផ្នែកខាងក្រោមដាំព័ទ្ឋជុំវិញដោយដេីមស្នាយ ផ្ទៃកម្រាលពីថ្មក្រានីត និងតុបតែងលំអដោយភ្លេីងបំភ្លឺ LED។ គួរអោយកត់សំគាល់ផងដែរថា នៅប៉ុន្មានរយៈចុងក្រោយនេះសាលារាជធានីភ្នំពេញបានធ្វើការមមាញឹកខ្លាំងមែនទែនទៅលើការកែលំអ សោភ័ណភាពទីក្រុង និងតាមជាយក្រុង ជាក់ស្តែងដូចរង្វង់មូលស្ពានជ្រោយចង្វារខាងកើតដែលទើបបានសាងសង់រួចយ៉ាងស្រស់ស្អាតផងដែរ។ 

ទឹកជំនន់បានវាយប្រហារប្រទេសស្រីលង្កា បណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់ និងជាច្រើនផ្សេងទៀតជម្លៀសចេញពីផ្ទះសម្បែង

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៥:០០

យោងតាមការផ្សាយរបស់ភ្នាក់ងារពត៌មានចិនស៊ិនហួរបានអោយដឹងថា ចំនួនអ្នកស្លាប់ពីគ្រោះទឹកជំនន់និងការបាក់ដីបានកើនឡើងដល់ 58នាក់ នៅប្រទេសស្រីលង្កានៅថ្ងៃព្រហស្បតិ៍នេះ និងមនុស្សជាង 450,000 នាក់ត្រូវបានរងផលប៉ះពាល់ ខណៈពេលដែលក្រុមជួយសង្គ្រោះបានបន្តប្រតិបត្តិការស្វែងរក និងការជម្លៀសមនុស្សនៅក្នុងតំបន់ដែលរងគ្រោះទាំងនោះ។

នៅ OS X 10.12 អ្នកប្រហែលជាអាចបើក Mac របស់អ្នកដោយស្កេនមេដៃនៅលើ iPhone របស់អ្នក

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៣៧

ក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាដែលនឹងអនុញ្ញាតឲ្យទូរស័ព្ទ iPhone របស់អ្នកបើកកុំព្យូទ័រ Mac របស់អ្នកបានដោយការស្កេនមេដៃឬវាយលេខសម្ងាត់នេះបើតាមការរាយការណ៍ពីគេហទំព័រ MacRumors។ចំពោះនាឡិកាឆ្លាតវៃ Apple Watch វិញគឺមាននូវបច្ចេកវិទ្យា Bluetooth LE ដូចមុខងារដែលមាននៅលើ iPhone របស់យើងដើម្បីបើក Apple Watch ដោយមិនចាំបាច់វាលេខសម្ងាត់។ជាក់ស្តែងនៅពេលឥឡូវនេះដើម្បីបើកកុំព្យូទ័រ Mac របស់អ្នកបានគឺតម្រូវឲ្យអ្នកវាយលេខសម្ងាត់ ហើយលេខសម្ងាត់នោះត្រូវតែវែងដើម្បីធានាវាមានសុវត្ថិភាពខ្ពស់។តាមពិតទៅអ្វីដែលក្រុមហ៊ុន Apple កំពុងនឹងរកធ្វើពេលនេះគឺដូចទៅនឹងកម្មវិធី Knock និង MacID ដែលមាននៅលើកុំព្យូទ័រ Mac ដែលជាកម្មវិធីអនុញ្ញាឲ្យអ្នកបើក Mac របស់អ្នកបានដោយប្រើ iPhone និង Apple Watch រួចស្កេន វាយបញ្ចូលលេខសម្ងាត់និងធ្វើកាយវិការជាដើមដើម្បីបើក។អ្នកអាចទស្សនាពីសមត្ថភាពនិងស្វែងយល់បន្ថែមពីកម្មវិធី Knock នេះបាននៅវីដេអូខាងក្រោមនេះ:ពត៌មានលេចលឺផ្សេងទៀតគឺថាប្រហែលជាអាចប្រើ Apple Pay នៅលើវេបសាយនិងអាចមាន Siri នៅលើ Mac ផងដែរ។ខណៈដែលប្រព័ន្ធប្រតិបត្តិការ OS X 10.12 នៅសល់ពេលប្រហែលយូរដែរមុនពេលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដូច្នេះយើងសង្ឃឹមថាវាអាចនឹងមាននៅក្នុងប្រតិបត្តិការនេះដែលត្រូវប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍ WWDC 2016 នាខែក្រោយនេះឯង។

ស្ដ្រី​វៀតណាម​កាន់​តែ​ច្រើន​ត្រូវ​គេ​ជួញ​ដូរ​ទៅ​ចិន​ដើម្បី​ទៅ​រក​ស៊ី​ផ្លូវ​ភេទ និង​ធ្វើ​កូន​ក្រមុំ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:២៩

បញ្ហា​ជួញ​ដូរ​ស្ដ្រី​ទៅ​ប្រទេស​ចិន​ឲ្យ​ទៅ​ធ្វើ​ការ​រក​ស៊ី​ផ្លូវ​ភេទ ឬ​ក៏​ទៅ​រៀប​ការ​ដោយ​បង្ខំ​កំពុង​តែ​មាន​ការ​កើន​ឡើង​ទូទាំង​ប្រទេស​វៀតណាម​ ។ អ្នក​ជំនាញ​ម្នាក់​ព្យាករ​ថា ស្ដ្រី​វៀតណាម​កាន់​តែ​ច្រើន​នឹង​ត្រូវ​គេ​ជួញ​ដូរ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ខណៈ​ពេល​ដែល​តំបន់​នេះ​បើក​ចំហរ​ពាណិជ្ជកម្ម​កាន់​តែ​សេរី​ជាង​មុន។អ្នក​ស្រី Mimi Vu ពី​អង្គការ​មូលនិធិ​ Pacific Links Foundation មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រនីញា​សហរដ្ឋ​អាម៉េរិក​និយាយ​ថា ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​វៀតណាម​ចំនួន​៧០%​គឺជា​ស្ដ្រីភេទ និង​កុមារី​ ដោយ​ក្នុង​នោះ​មួយ​ភាគ​ធំ​គឺ​ត្រូវ​គេ​នាំ​ទៅ​ចិន​ដើម្បី​ធ្វើ​ជា​កូនក្រមុំ, ស្ដ្រី​រក​ស៊ី​ផ្លូវ​ភេទ ឬ​ក៏​កម្មការិនី​រោង​ចក្រ​ ខណៈ​ពេល​ដែល​ច្រើន​នាក់​ទៀត​ត្រូវ​គេ​បង្ខំ​ឲ្យ​រក​ស៊ី​ផ្លូវ​ភេទ​ ឬ​ក៏​រៀប​ការ​នៅ​ម៉ាឡេស៊ី​ ឬ​ក៏​ធ្វើការ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា​។មាន​ការ​ឲ្យ​ដឹង​ថា កាល​ពី​អតីតកាល​ស្ដ្រី​ភាគ​ច្រើន​ដែល​គេ​ជួញ​ដូរ​ទៅ​ចិន​ គឺ​ពី​ប៉ែក​ខាង​ជើង​វៀតណាម​នៅ​ក្បែរ​ព្រំដែន​វៀតណាម​-ចិន។ប៉ុន្ដែ​នៅ​ក្នុង​ពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ​ អ្នក​ស្រី Mimi Vu និយាយ​ថា ពាណិជ្ជកម្ម​ជួញ​ដូរ​ស្ដ្រី​ភេទ​បាន​រីក​ដុះ​ដាល​ដល់​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​ ដោយ​មន្ដ្រី​វៀតណាម​បាន​រក​ឃើញ​ជន​រង​គ្រោះ​ច្រើន​ថែម​ទៀត​ពី​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ។ប្រទេស​ចិន​ជា​គោល​ដៅ​នៃ​ការ​ជួញ​ដូរ​នាំ​យក​ស្ដ្រី​ទៅ​ធ្វើ​ជា​កូន​ក្រមុំ​ដោយ​សារ​តែ​នៅ​ចិន​គេ​ខ្វះ​ស្ដ្រីភេទ​ ព្រោះ​តែ​គោល​នយោបាយ​កូន​តែ​ម្នាក់​របស់​ចិន​ដែល​អាជ្ញាធរ​បាន​ដាក់​ចេញ​នៅ​ចុង​ទសវត្សរ៍​១៩៧០។ ប៉ុន្ដែ​កាល​ពី​ឆ្នាំ​២០១៥​ អាជ្ញាធរ​បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​គោល​នយោបាយ​មាន​កូន​នេះ ដោយ​អនុញ្ញាត​ឲ្យ​ប្ដី​ប្រពន្ធ​អាច​មាន​កូន​បាន​ដល់​ទៅ​២នាក់​វិញ៕

ប្រមុខអង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារលើកងកម្លាំងមួកខៀវក្នុងប្រទេសម៉ាលី

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:២៥

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ប្រមុខអង្គការសហប្រជាតិលោក Ban Ki Moon កាលពីថ្ងៃពុធបានថ្កោលទោសចំពោះការវាយប្រហារលើកងរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងប្រទេសម៉ាលី បណ្តាលឱ្យកងរក្សាសន្តិភាព ៥នាក់មកពីប្រទេសឆាតបានស្លាប់។របាយការណ៍ដែលចេញដោយអ្នកនាំពាក្យលោកបានគីមូនបានឱ្យដឹងថា អគ្គលេខាធិការបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដែលកើតឡើងនៅថ្ងៃនេះ និងដែលបណ្តាលឱ្យកងកម្លាំងរក្សាសន្តិភាព ៥នាក់ស្លាប់ និងរបួស ៣នាក់ផ្សេងទៀត។លោកបាន អំពាវនាវឱ្យធ្វើសកម្មភាពនានា ដើម្បីនាំយកអ្នកប្រព្រឹត្តិការវាយប្រហារទៅកាត់ទោស។គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំមក មានការវាយប្រហាររាប់សិបលើកប្រឆាំងនឹងអង្គការសហប្រជាជាតិក្នុងតំបន់ Kidal ដែលជាលទ្ធផលបុគ្គលិកអង្គការសហប្រជាជាតិយ៉ាងតិច ១២នាក់បានស្លាប់៕

ប្រធានាធិបតីហ្វីលីពីនថ្មីនិយាយថា នឹងបង្ក្រាបលើការជក់បារី ការសេពគ្រឿងស្រវឹង និងការដើរលេងដាច់យប់ ក្នុងប្រទេស

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១១:០៣

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានដាក់ចេញនូវផែនការ កាលពីថ្ងៃអង្ការ ដើម្បីទប់ស្កាត់នឹងសេរីភាពសង្គមនានា ហើយដាក់ចេញនូវបទបញ្ជាដែលកន្លងមកមិនព្រមស្តាប់បង្គាប់ពីរដ្ឋ ដោយធ្វើការបង្ក្រាបនូវរាល់ជំងឺសង្គមទាំងឡាយ។ជាមួយនឹងការយកលំនាំតាមប្រទេសសិង្ហបុរី ទៅលើឥរិយាបថ ប្រឆាំងសង្គមដោយសន្យាថា នឹងហាមប្រាមលើការជក់បារី និងការសេពគ្រឿងស្រវឹង នៅតាមទីកន្លែងសាធារណៈ ហើយលោកនឹងបង្ក្រាបទៅលើការបើកបរក្នុងល្បឿនលឿន ជាមួយនឹងការបើកបរក្នុងស្ថានភាពស្រវឹងទៀតផង។ជាងនេះទៅទៀត ថ្មីៗនេះលោកនឹងធ្វើឲ្យដូចដើមវិញ នូវទោសប្រហារជីវិត ដែលត្រូវបានព្យួរចោល កាលពីឆ្នាំ ២០០៦។ បន្ថែមលើសពីនេះ លោកក៏អនុញ្ញាតឲ្យប៉ូលិស បាញ់ប្រហារទៅលើមនុស្ស ដែលជាប់សង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋគ្រោងទុកជាមុន។ ឪពុកម្តាយ ដែលអនុញ្ញាតឲ្យកូនរបស់ខ្លួនចេញក្រៅផ្ទះ បន្ទាប់ពីបម្រាមគោចរ នៅម៉ោង ១០យប់ នឹងត្រូវរងការចោទប្រកាន់ ពីបទធ្វេសប្រហែស ហើយអ្នកបើកបររថយន្តតាក់ស៊ី ក៏នឹងត្រូវរងការបង្ខិតបង្ខំឲ្យធ្វើការផ្លាស់ប្តូរ ដូចដែលធ្លាប់ធ្វើកន្លងមក ក្នុងការដឹកជញ្ជូនអ្នកដំណើរលើសចំណុះដែរ។ លោកក៏បានសន្យាថា នឹងលុបបំបាត់ចោលនូវសំឡេងអឺងកង ដែលការធ្វើដូច្នេះ នាំឲ្យពលរដ្ឋសម្រាកសម្រាន្តបានស្រួល នៅពេលរាត្រី។គួររម្លឹកផងដែរថា លោក Duterte ត្រូវបានប្រជាពលរដ្ឋហ្វីលីពីន បោះឆ្នោតជូនលោក យ៉ាងច្រើនលើសលប់។ ដែលនាំឲ្យប្រធានាធិបតីវ័យ ៧១ឆ្នាំរូបនេះ កាន់តំណែងក្នុងអាណត្តិថ្មី ដែលមានរយៈពេល៦ឆ្នាំ៕

អាជ្ញាធរភ្នំពេញស្វែងរកដៃគូមកវិនិយោគគម្រោងកែច្នៃសំរាមបំលែងទៅជាប្រភពថាមពល អគ្គីសនី

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១០:៥៤

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញប្តេជ្ញារកដៃគូមកវិនិយោគគម្រោងកែច្នៃសំរាមបំលែងទៅជាប្រភពថាមពលអគ្គីសនីមិនអោយផុតចុងឆ្នាំ២០១៦នេះឡើយខណៈដែលសំរាមនៅទីលានកំពុងចោទ ជាបញ្ហាពេញណែនបង្កផលប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពុលបរិស្ថាន។ក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាកែច្នៃសំរាមនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែឧសភានេះ លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការឈានទៅប្តេជ្ញាបានដូច្នេះ បន្ទាប់ពីមន្រ្តីជំនាញបានសំរិតសំរាងរកឃើញក្រុមហ៊ុនវិនិយោគមួយឈ្មោះ China National Environmental Protection Group ក្នុងចំណោមក្រុមហ៊ុនវិនិយោគចំនួន៣ថាមានលក្ខខណ្ឌល្អអាច ឈាន ទៅចាប់ដៃគូវិយោគរួមគ្នាបាន។លោកអភិបាលរាជធានី ភ្នំពេញបានបញ្ជាក់ទៀតថា សម្រាប់លក្ខខណ្ឌដែលអាចទទួលយកបាននេះក្រុមហ៊ុនមានជំហរស្មោះត្រង់ចង់ធ្វើការវិនិយោគពិតប្រាកដមិនដូចក្រុមហ៊ុនមួយចំនួនសិក្សារួចត្រលប់ទៅវិញឬចង់ធ្វើនំអត់ម្សៅលក់គម្រោងសិក្សាទៅអោយក្រុមហ៊ុនដ៏ទៃ។ ម្យ៉ាងទៀតក្រុមហ៊ុននេះធានាទទួលទិញសំរាមចូលរោងចក្រនិងផលិតជាថាមពលលអគ្គីសនីលក់ទៅឲ្យក្រុមហ៊ុនអគ្គីសនីកម្ពុជាវិញក្នុងតម្លៃសមរម្យ មានទុនវិនិ យោគខ្ពស់រហូតដល់ជាង១៩៦លានដុល្លានិងបានដាក់ប្រាក់តម្កល់ចំនួន៣លានដុល្លា ហើយក្រោយពីការវិនិយោគបានរយៈពេល៣៥ឆ្នាំនិងប្រគល់គម្រោងនេះមកអោយរដ្ឋជាអ្នកគ្រប់គ្រងវិញ។អ្នកស្រីលីវ ចាង តំណាងក្រុមហ៊ុនChina National Environmental Protection Group បានអោយដឹង ថា គម្រោងបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនេះត្រូវការដីប្រមាណ១០ហិចតា ហើយថាមពលដែលផលិតបានក្នុងមួយថ្ងៃចន្លោះ៥៤០.០០០គីឡូវ៉ាតម៉ោងក្នុងមួយថ្ងៃទៅដល់ ៦៥០.០០០គីឡូវ៉ាតម៉ោងក្នុងមួយថ្ងៃ ចំណែកថាមពលប្រមាន១៦ភាគរយនឹងត្រូវប្រើប្រាស់ក្នុង រោងចក្រផលិតសំរាមនិងកន្លែងរដ្ឋបាល។អ្នកស្រីបន្តថាក្រៅពីបំលែងសំរាមទៅជាថាមពលអគ្គីសនីរោងចក្រកែច្នៃសំរាមនេះក៏អាចផលិតទៅជាចំហាយទឹកត្រជាក់និងចំហាយទឹកក្តៅសម្រាប់បំរើអោយវិស័យឧស្សាហកម្មតាមរោងចក្រសហគ្រាសនិងកែច្នៃសំរាមទៅ ជាសំភារៈប្រើប្រាស់បាន ឡើងវិញផងដែរ។ អ្នកស្រីបន្ថែមថា ប្រសិនបើមានការឯកភាពពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុននឹងដឹកនាំប្រតិភូរជំនាញរបស់កម្ពុជាទៅបំពេញទស្សនៈកិច្ចនៅរោងចក្រផលិតថាមពលអគ្គីសនីដើរដោយសំរាម នៅប្រទេសចិន និងការកសាងរោងចក្រភ្លាមៗឲ្យទាន់សភាពការណ៍៕

អ្នកវិនិយោគបរទេសស្នើឲ្យមានការចរាចរប្រាក់យ័នរបស់ចិន ទូលំទូលាយនៅកម្ពុជា ដូចប្រាក់ដុល្លារអាមេរិក

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៥:០៣

ក្រុមវិនិយោគិនបរទេសជាច្រើននាក់បានស្នើឲ្យមានការធ្វើចរាចរណ៍ប្រាក់យ័នរបស់ចិន ឲ្យបានទូលំទូលាយដូចគ្នាទៅនឹងប្រាក់ដុល្លាររបស់អាមេរិក នៅក្នុងទីផ្សារបស់ប្រទេសកម្ពុជា ព្រោះកំណើនខ្លាំងនៃអ្នកវិនិយោគចិននៅកម្ពុជា។ថ្លែងក្នុងវេទិការហិរញ្ញវត្ថុកម្ពុជា-ចិន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅឯសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ អគ្គនាយកក្រុមហ៊ុនខ្មែរហូលឌីងគ្រុប លោក ឆាវ អ៊ីនទ័រ បានលើកឡើងពីគោលបំណងឲ្យប្រាក់យ័នរបស់ចិនអាចធ្វើចរាចរណ៍ទូលំទូលាយនៅក្នុងប្រទេសកម្ពុជាដូចប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកដែរ ដោយលើកហេតុផលថា មានក្រុមហ៊ុនចិនច្រើនណាស់ដែល បានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពួកគាត់អាចនឹងជួបនូវបញ្ហា ប្រឈមក្នុងកិច្ចដំណើរការវិនិយោគរបស់ខ្លួន នាពេលកន្លងមក ហើយការកសាងហិរញ្ញវត្ថុគឺជាកត្តាចម្បង ព្រោះថាវិស័យនេះជាសក្តានុពលដ៏សំខាន់នៃការកសាងនិងលើកកម្ពស់សេដ្ឋកិច្ចប្រទេស។ជាមួយគ្នា លោក គិម វ៉ាដា អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមក្នុងវេទិកាហិរញ្ញវត្ថុកម្ពុជា-ចិន នាឱកាសនោះ បានមានប្រសាសន៍ថា កម្ពុជាបានចាប់ផ្តើម ប្រើដុល្លាអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៣ ជាសម័យអ៊ុនតាក់ ប៉ុន្តែវាមិនមែនជាគោលនយោបាយរបស់រដ្ឋទេ។ លោកបញ្ជាក់ថា បើលុយដុល្លារអាមេរិកចាយវាយបាននៅកម្ពុជា លុយបរទេសផ្សេងទៀត ក៏អាចធ្វើចរាចរដោយទូលាយដូចគ្នាដែរ។ ឆ្លងតាមកិច្ចសហការល្អរវាងប្រទេសទាំង២កម្ពុជា-ចិន គួរតែមានកិច្ចពិភាក្សាណាមួយលើការចាយវាយលុយចិននេះ ដោយអង្គុយជជែកគ្នាតាមរយៈធនាគារ ដើម្បីប្រាក់យ័នចិនមានរង្វិលក្នុងការចរាចរណ៍តាមលក្ខខណ្ឌនិងគោលការណ៍ច្បាប់។ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចបានថ្លែងប្រាប់វិទ្យមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី ១៩ ឧសភា ២០១៦ឲ្យដឹងថា កាលដែលអ្នកវិនិយោគបរទេសបានជំរុញការចរាចរប្រាក់យ័ន គឺដោយសារតែសេចក្តីទុកចិត្តរបស់ពួកគាត់ទៅលើប្រាក់យ័ន។ម្យ៉ាងទៀត បើផ្អែកលើទីផ្សារសេរី គឺក្រុមវិនិយោគិនទាំងនោះ មានជម្រើសច្រើនក្នុងការជ្រើសរើសរូបិយបណ្ណណាដែលពួកគេចង់ប្រើប្រាស់ សម្រាប់ការទូទាត់ទំនិញផ្សេងៗ និងការសន្សំទុក ដើម្បីបង្កានៅពេលដែលរូបិយបណ្ណណាមួយធ្លាក់ចុះតម្លៃ នោះពួកគេមិនសូវជាខាតបង់ច្រើន។ លោកបានបញ្ជាក់ថា ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសចិនធំ ដូច្នេះប្រាក់យ័នមានតម្លៃគ្រប់គ្រាន់ ដែលធ្វើឲ្យក្រុមអ្នកវិនិយោគទាំងនោះទុកចិត្តបាន។លោក ចាន់ សុផល បានបញ្ជាក់ផងដែរថា បណ្តាប្រទេសផ្សេងៗ មានការចរាចររូបិយបណ្ណបរទេសច្រើន ហើយគោលបំណងនៃការចាយប្រាក់បរទេស គឺដើម្បីជាមធ្យោបាយទូទាត់ផង និងការសន្សំទុកទៅថ្ងៃអនាគត៕