រដ្ឋមន្ត្រីសាធារណការកម្ពុជា ចុះពិនិត្យការកែលម្អផ្លូវជាតិលេខ១ជំរុញ ការសហការ ពីប្រជាពលរដ្ឋ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់កែលម្អផ្លូវជាតិលេខ១ ចាប់ពីកំណត់ផ្លូវPK០ ដល់កំណត់ផ្លូវPK៤ (ចម្ងាយ៤គីឡូម៉ែត្រ) ដែលបានចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ២០១៥ ហើយរំពឹងថានឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។ប្រភពពីក្រសួងសាធារណការបានឲ្យដឹងថា មកដល់ពេលនេះការសាងសង់កែលម្អនេះសម្រេចបាន៦០%ហើយ។ការសង់ផ្លូវនេះជួបឧបសគ្គនឹងបញ្ហាប្រឈមសំខាន់ៗជាច្រើនដូចជា៖ ការកកស្ទះចរាចរបង្កដែលឡើងរថយន្តធ្វើដំណើរលើកំណត់ផ្លូវនេះប្រមាណពី២,០០០គ្រឿងទៅ៣,០០០គ្រឿងក្នុងមួយថ្ងៃ ការពន្យារពេលក្នុងការរំកិលផ្ទះនានាដែលរងផលប៉ះពាល់ពីគម្រោងធ្វើឱ្យយឺតយ៉ាវដល់ការដកបង្គោលខ្សែបញ្ជូនអគ្គិសនី និងការកកស្ទះចរាចរដែលបង្កឡើងដោយរថយន្តតាក់ស៊ីចតខុសច្បាប់និងរថយន្តដឹកទំនិញផ្សេងទៀតផងដែរ។ក្រសួងសាធារណការ និងដឹកជញ្ជូនសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយដែលមានការអត់ធ្មត់ យោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរយ៉ាងលំបាកលើកំណត់ផ្លូវនេះ ក្នុងអំឡុងពេលកំពុងសាងសង់។ នៅពេលកំណត់ផ្លូវនេះត្រូវបានសាងសង់រួចរាល់ ក្រសួងបានសន្យាថា ការកែលម្អធ្វើឱ្យប្រសើរឡើងនូវកំណត់ផ្លូវជាតិលេខ១នេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាពលរដ្ឋរបស់យើងដែលបានខិតខំប្រឹងប្រែងតស៊ូជួបការលំបាកនាពេលកន្លង។ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យម្ចាស់លំនៅដ្ឋាននានា ដែលមិនបានសហការជាមួយនឹងអាជ្ញាធរ ខិតខំសហការឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ឆាប់ៗខាងមុខ យើងនឹងបានឃើញ នាឡិកាវៃឆ្លាតរបស់ ក្រុមហ៊ុន Google
យោងតាមគេហទំព័រ Androidauthority ឱ្យដឹងថា ក្រុមហ៊ុន Google កំពុងផលិតនាឡិកាឆ្លាតវៃដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android ពីរម៉ូដែល ហើយពួកវាអាចនឹងត្រូវបានដាក់ឈ្មោះថា Nexus ទៀតផង ។ នាឡិកាវៃឆ្លាតឈ្មោះ Angelfish និងមួយម៉ូដែលទៀតឈ្មោះ Swordfish ខណៈដែលកាលបរិច្ឆេទបញ្ចេញនាឡិកាវៃឆ្លាតមិនទាន់ត្រូវបានបញ្ចាក់លំអិតនៅឡើយទេ។ពួកវាទាំងពីរនឹងមានការរចនារាងខុសប្លែកពីផលិតផលរបស់ក្រុមហ៊ុនផ្សេងដូចជាមានប៊ូតុងចុចចំនួន៣៖ ដោយប៊ូតុងទី១ នៅចំកណ្តាលផ្នែកខាងស្តាំ និងប៊ូតុង តូចៗពីរផ្សេងទៀតអាចនៅពីលើ ឬពីក្រោម ។ ទាំងម៉ូដែល Angelfish និង Swordfish នឹងបំពាក់ប្រព័ន្ធ GPS, LTE និងមុខងារត្រួតពិនិត្យចង្វាក់បេះដូង ខណៈលក្ខណៈពិសេសមានកម្រាស់១៤ មីល្លីម៉ែត្រ ៕
កម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់បញ្ហាកង្វះជីវជាតិសម្រាប់កុមារ
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងខំប្រឹងប្រែងលុបបំបាត់បញ្ហាកង្វះជីវជាតិសម្រាប់កុមារកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកុមារឲ្យបានេពេញលេញទាំងបញ្ញា ស្មារតី និងរាងកាយ។របាយការណ៍សារខ្លីរបស់អង្គការយូនីសេហ្វ បានពន្យល់ថាការទទួលជីវជាតិមិនគ្រប់គ្រាន់នៅក្នុងវ័យកុមារអាចរារាំងសក្តានុពលរបស់កុមារក្នុងការអភិវឌ្ឍបានពេញលេញ ដោយធ្វើឲ្យចុះខ្សោយបញ្ញា ប៉ះពាល់ការលូតលាត់ផ្លូវចិត្ត និងរាងកាយ ដែលបណ្តាលឲ្យការរៀនសូត្រខ្សោយ និងជាលទ្ធផលពុំសូវទទួលបានឱកាសការងារនៅក្នុងជីវិត។របាយការណ៍សារខ្លីនេះ បានបញ្ជាក់ថាអាហារូបត្ថម្ភសមស្របមានសារៈសំខាន់ក្នុងវ័យដំបូងបំផុតនៃជីវិត ពេលដែលខួរក្បាលអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងល្បឿនដែលមិនអាចកើតឡើងម្តងទៀតបាន។របាយការណ៍សារខ្លីនេះ បានផ្សព្វផ្សាយថាអាហារូបត្ថម្ភសមស្របជួយឲ្យកុមារសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន។កុមារដែលទទួលបានជីរជាតិគ្រប់គ្រាន់អាចរីកលូតលាស់ និងរៀនសូត្រ ចូលរួម ចំណែកនៅក្នុងសហគមន៍របស់ពួកគេ និងប្រឆាំងនឹងជំងឺ ក៏ដូចជាបញ្ហាផ្សេងទៀតបានប្រសើរ។អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមផ្សព្វផ្សាយលើកកម្ពស់ ការផ្តល់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដល់កុមារនៅទូទាំងប្រទេស។ «ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលខ្លាំងបំផុត ដែលអ្នកអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកបាន»៕
ឧទ្ធម្ភាគចក្រមួយគ្រឿងធុន MI-25 របស់រុស្សីុ ត្រូវពួក ISIS បាញ់ធ្លាក់នៅសីុរី
យោងតាម SPUTNIK ថា ក្រសួងការពារប្រទេសរុស្ស៊ីថ្លែងកាលពីថ្ងៃទី៩ កក្កដា ថា ពួកភេរវករក្រុមរដ្ឋអ៊ិស្លាមបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងផលិតនៅរុស្ស៊ីជារបស់ស៊ីរីនៅជិតទីក្រុងបុរាណ PALMYRE ដោយសម្លាប់អ្នកបើកជនជាតិរុស្ស៊ី២នាក់ជាគ្រូបង្វឹក ។ក្រសួងនេះគូសបញ្ជាក់ថា កាលពីថ្ងៃទី៨ កក្កដា អ្នកបើកជាគ្រូបង្វឹកជនជាតិរុស្ស៊ីទាំង២នាក់បានបើកឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ស៊ីរីធុន MI-25 ដើម្បីធ្វើការហ្វឹកហ្វឺន ខណៈពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាមកំពុងធ្វើការវាយប្រហារលើទីតាំងនានារបស់កងទ័ពស៊ីរីនៅជិតទីក្រុង PALMYRE ។ គ្រូបង្វឹករុស្ស៊ីទាំង២នាក់នេះបានទទួលសំណើពីទីបញ្ជាការដ្ឋានកងទ័ពស៊ីរី ដែលរងការវាយប្រហារពីក្រុមរដ្ឋអ៊ិស្លាម ។ ពេលនោះអ្នកបើកជាមេបញ្ជាការលោករីយ៉ាហ្វាហ្គាត ហាប៊ីប៊ូលីន បានសម្រេចជួយធ្វើការវាយប្រហារលើពួកភេរវករ ។ សកម្មភាពដ៏មានប្រសិទ្ធភាពរបស់ក្រុមយានិករុស្ស៊ីអាចធ្វើឱ្យការវាយប្រហាររបស់ពួកភេរវកររងការបរាជ័យ ។ ពេលឧទ្ធម្ភាគចក្រនេះជិតអស់គ្រាប់ ហើយផ្លាស់ប្តូរទិសក៏ត្រូវពួកភេរវករនៅលើដីបាញ់ធ្លាក់ក្នុងតំបន់មួយដែលត្រួតត្រា ដោយកងទ័ពរដ្ឋាភិបាលស៊ីរី ។ សមាជិកក្រុមយានិកទាំង២នាក់បានត្រូវស្លាប់ ។យោងតាមក្រសួងការពារប្រទេសរុស្ស៊ីថា អ្នកបើកឧទ្ធម្ភាគចក្រដែលស្លាប់ទាំង២រូបនេះ លោករីយ៉ាហ្វាហ្គាត ខាប៊ីប៊ូលីន និងលោកយេវហ្សេនី ដុលហ្គីន នឹងទទួលគ្រឿងឥស្សរិយយសបច្ចាមរណៈ ៕
ប្រទេសឡាវ សង្កត់ធ្ងន់លើអេកូទេសចរណ៍ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច
ប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យទេសចរណ៍ឆ្លងកាត់ ព្រំដែនថ្មី ជាមួយប្រទេសថៃជិតខាង ដែល ជាផ្នែកមួយនៃការខិតខំដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងការស្វាគមន៍រាក់ទាក់នៅក្នុងតំបន់ ជាពិសេសវិស័យអេកូទេសចរណ៍។ កិច្ចព្រមព្រៀងនេះបានកើតឡើងនៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសថៃនៅសប្ដាហ៍នេះ ដោយនាយករដ្ឋមន្ត្រី ឡាវ លោក ថោងលូន ស៊ីស៊ូលីត។កិច្ចព្រមព្រៀងនេះ កសាងនៅលើចលនាទាំងឡាយ ដើម្បីពង្រីកទំនាក់ទំនង និងបណ្តាញនានាក្នុងតំបន់នៅក្នុងចំណោមប្រទេសទាំងឡាយនៅក្នុងសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ នេះជាប្រធានបទកណ្តាលមួយ នៃវេទិកាអេកូទេសចរណ៍អាស៊ាន ដែលឡាវបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះជាលើកដំបូងនៅទីក្រុងប៉ាក់សេ នៅចុងខែមិថុនា។ វេទិកាអាស៊ាន ដែលមានគណៈប្រតិភូជាង៣០០នាក់ចូលរួមនោះ បានអំពាវនាវឲ្យមានផែនទីបង្ហាញផ្លូវមួយដែលមានការសម្របសម្រួលសម្រាប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបញ្ចូលគ្នានូវធនធានទាំងឡាយ និងពង្រីកឱកាសសេដ្ឋកិច្ចជាមួយរបៀងសំខាន់។លោក បូសេងខាម វង្សសដារា រដ្ឋមន្ត្រីក្រសួងព័ត៌មានវប្បធម៌ និងទេសចរណ៍ឡាវបាននិយាយថា វិស័យទេសចរណ៍ ជាពិសេសអេកូទេសចរណ៍បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍ក្នុងស្រុក។គួរបញ្ជាក់ដែរថា វិស័យទេសចរណ៍ គឺជាអ្នកកាច់ចង្កូតដ៏សំខាន់មួយសម្រាប់ប្រទេសនេះ។ យោងទៅតាមរបាយការណ៍ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក បានឲ្យដឹងថា ការរួមវិភាគទានដល់សេដ្ឋកិច្ចសរុបរបស់វិស័យទេសចរណ៍នៅប្រទេសឡាវ គឺមានប្រហែល១៥ភាគរយ នៃទិន្នផលសរុប(ផលិតផលសរុបក្នុងស្រុក)ដែលមានចំនួន១៣ភាគរយ នៃការងារ។ ជំរុញដោយអ្នកទេសចរមកពីប្រទេសចិន ជប៉ុន និងកូរ៉េ ក៏ដូចជាអ្នកទេសចរមកពីប្រទេសវៀតណាមនោះ ការមកដល់ភ្ញៀវកើនឡើង១៣ភាគរយ ទៅដល់៤,៦លាននាក់ នៅក្នុងឆ្នាំ២០១៥៕
មុនសម្រេចចិត្តសាក់រូបលើដងខ្លួន គួរតែចូលអានអត្ថបទមួយនេះសិនទៅ
សាក់រូប បានក្លាយទៅជាការពេញនិយមមួយ ដែលមានប្រជាប្រិយភាព ប៉ុន្តែ យើងគួរតែចងចាំថា ផលប៉ះពាល់របស់វាក៏មានផងដែរ ជាពិសេស គឺការវះកាត់ដើម្បីយកស្នាមសាក់នេះចេញ។ ការចាក់សាក់ពាក់ព័ន្ធនឹងហានិភ័យនៃការឆ្លងមេរោគផងដែរ។ តើអ្វីទៅជាហានិភ័យនៃការសាក់? ខាងក្រោមនេះ គឺជាផលវិបាកចម្បងមួយចំនួនដែលអាចបណ្តាលពីការសាក់ ៖ការឆ្លងមេរោគ ៖ ឧបករណ៍ចាក់សាក់ និងម្ជុលដែលមិនបានសំលាប់មេរោគ អាចចំលងជំងឺឆ្លងដូចជាជំងឺរលាកថ្លើមជាដើម។ ហានិភ័យនៃការឆ្លងមេរោគនេះ គឺជាហេតុផលដែលសេវាកម្មឈាមជាតិ មិនអនុញ្ញាតអោយអ្នកបរិច្ចាគឈាមរហូតដល់ទៅ ៦ ខែបន្ទាប់ពីសាក់រួច។ បញ្ហានៃការលុបសាក់វិញ ៖ ទោះបីជាបច្ចុប្បន្នមានបច្ចេកវិទ្យាទំនើបក្នុងការប្រើកាំរស្មីឡាស៊ែ ដើម្បីលុបស្នាមសាក់ក៏ដោយ ក៏វាមានការឈឺចាប់ដែរ។ ដើម្បីលុបស្នាមសាក់បាន លោកអ្នកត្រូវទទួលការព្យាបាលជាច្រើន និងចំណាយពេលយូរ។ ការលុបស្នាមសាក់ដែលមិនបន្សល់ទុកនូវស្លាកស្នាម គឺមិនអាចទៅរួចនោះទេ។ ប្រតិកម្ម ៖ ការប្រតិកម្មទៅនឹងសារធាតុពណ៌សំរាប់សាក់ គឺកម្រ តែបើមានវិញ គឺពិបាកក្នុងការធ្វើអោយបាត់វិញណាស់។ ជួនកាល មនុស្សអាចប្រតិកម្មអាលែកស៊ីទៅនឹងការចាក់សាក់របស់ពួកគេជាច្រើនឆ្នាំ។ ឡើងដុំសាច់ Granulomas ៖ វាគឺជាដុំដែលបង្កើតឡើងដោយភាគល្អិតនៃជាតិពណ៌របស់សាក់៕
ភ្ញៀវទេសចរដែលមិនគោរពក្រមប្រតិបត្តិអង្គរ នឹងមិនអាចទិញសំបុត្រចូលទស្សនាអង្គរបានឡើយ
សៀមរាប៖ ភ្ញៀវទេសចរបរទេសដែលមិនបានគោរពតាមក្រមប្រតិបត្តិ អង្គរ ដែលស្ថាប័នខ្លួនបានដាក់ចេញកាលពីចុងឆ្នាំ២០១៥មក ភ្ញៀវទេស ចរទាំងនោះ នឹងមិនអាចទិញសំបុត្រចូលទស្សនាអង្គរបានឡើយ។ នេះបើយោងតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កាលពី ថ្ងៃទី៩ កក្កដា ឆ្នាំ២០១៦។លោក ឡង់ កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ក្រមប្រតិបត្តិអង្គរ ហាមភ្ញៀវទេសចរស្លៀកពាក់មិនសមរម្យ ប៉ះថ្មប្រាសាទ និយាយខ្លាំងៗនៅកន្លែងទីសក្ការៈជាដើម។លោក បន្តថា ក្រុមការងាររបស់លោក នឹងចុះត្រួតពិនិត្យភ្ញៀវទេសចរនៅគ្រឹះស្ថានអង្គរ ដែលជាទីតាំងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ លោក ថា នៅពេលក្រុមការងារពិនិត្យឃើញការអនុវត្តរបស់ភ្ញៀវទេសចរផ្ទុយពីក្រម ប្រតិបត្តិអង្គរ ដូចជាស្លៀកពាក់មិនសមរម្យជាដើមនោះ ពួកគេអាចត្រូវហៅមកអប់រំ។ ក្នុងករណីភ្ញៀវទេសចរមិនស្តាប់ នោះស្ថាប័នលក់សំបុត្រ អាចនឹងមិនលក់សំបុត្រជូនភ្ញៀវទេសចរទាំងនោះ។គួររំលឹកថា អាជ្ញាធរជាតិអប្សរា ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែកក្កដា បានសរសេរថា ខ្លួននឹងចាត់វិធានការដល់ភ្ញៀវទេសចរណា ដែលមិនគោរពតាមក្រមប្រតិបត្តិអង្គរ ចាប់ពីថ្ងៃទី៤ ខែសីហាតទៅ។ គោលបំណងសំខាន់ចំពោះចំណាត់ការនេះ តាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា គឺកុំឲ្យមានការប៉ះពាល់ដល់ប្រាសាទ បរិស្ថាន សហគមន៍ម្ចាស់ស្រុក វប្បធម៌ប្រពៃណីរបស់ខ្មែរ។ល៕
Hacker ទម្លាយអាថ៌កំបាំងរឿង NATO យកវិបត្តិអ៊ុយក្រែន និងស៊ីរី ធ្វើជា “ឆ្នួន” ឲ្យអាមេរិកបង្កសង្គ្រាមជាមួយរុស្ស៊ី
ក្រុម Hacker ដែលបាន Hack លួចមើលអ៊ីមែលទំនាក់ទំនងគ្នារបស់មេបញ្ជាការយោធាជាន់ខ្ពស់អង្គការ NATO បានទម្លាយអាថ៌កំបាំងឲ្យដឹងថា អង្គការ NATO សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់វិបត្តិនៅប្រទេសអ៊ុយក្រែន និងជាពិសេសវិបត្តិនៅប្រទេសស៊ីរី ធ្វើជា "ឆ្នួន" ឲ្យអាមេរិកបង្កសង្គ្រាមជាមួយរុស្ស៊ី បន្ទាប់ពីផែនការរបស់អាមេរិក និង NATO បរាជ័យក្នុងការអូសទាញរុស្ស៊ីឲ្យក្លាយទៅជាដៃគូនៅអឺរ៉ុប ហើយប្រែទៅជាផែនការទប់ទល់នឹងរុស្ស៊ីវិញរួចមក ។សារអ៊ីមែលទំនាក់ទំនងរវាងលោកឧត្តមសេនីយ៍យោធា Phillip M.Breedlove អតីតអគ្គលេខាធិការអង្គការ NATO និងលោកឧត្តមសេនីយ៍យោធា Phipipbr-eedove អតីតមេបញ្ជាការយោធាអាមេរិកប្រចាំនៅតំបន់អឺរ៉ុប បន្ទាប់ពីរុស្ស៊ីដាក់តំបន់គ្រីមៀរក្រោមការគ្រប់គ្រងរបស់ខ្លួន បានបញ្ជាក់ឲ្យដឹងថា អង្គការ NATO មានគម្រោងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈអឺរ៉ុបជាប្រទេសសមាជិកអង្គការ NATO បានរួមដៃគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីជាស្រេច ដើម្បីឲ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ ងាយស្រួលយកប្រៀបឈ្នះរុស្ស៊ីបើមានសង្គ្រាមកើតឡើង ។ មេបញ្ជាការយោធាអាមេរិកប្រចាំអឺរ៉ុប បានអះអាងថា ទីបញ្ជាការកងទ័ពអាមេរិកនៅតំបន់អឺរ៉ុប (EUCOM) និងអង្គការ NATO បានត្រៀមលក្ខណៈរួចរាល់ដើម្បីអនុវត្តន៍ផែនការធ្វើសង្គ្រាមយកជ័យជម្នះលើរុស្ស៊ីនៅពេលណាចាំបាច់ ដោយត្រៀមលក្ខណៈទាំងសព្វាវុធទំនើបៗ ត្រៀមទាំងយុទ្ធសាស្ត្រសង្គ្រាម ។អតីតអគ្គលេខាធិការអង្គការ NATO បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក សហរដ្ឋអាមេរិក និងអង្គការ NATO បានពង្រឹងសមត្ថភាពយោធា ទាំងសព្វាវុធ ទាំងស្មារតីកងទ័ព ត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំ និងក្នុងរយៈពេលខ្លី យកប្រៀបឈ្នះទៅលើរុស្ស៊ី ខណៈក្រសួងការពារជាតិអាមេរិកបានស្នើសុំឲ្យសភាអនុម័តចំណាយប្រាក់ប្រមាណ៣,៤ពាន់លានដុល្លារអាមេរិក បម្រើឲ្យសកម្មភាពយោធាអាមេរិកនៅតំបន់អឺរ៉ុបរហូតដល់ឆ្នាំ២០១៧ខាងមុខ ។ជាមួយនឹងការត្រៀមខ្លួនរួចរាល់ផង រុស្ស៊ីបានព្រមានចំៗថា សកម្មភាពរបស់អង្គការ NATO គឺប្រព្រឹត្តផ្ទុយទៅនឹងកិច្ចព្រមព្រៀងរក្សាសន្តិសុខនៅក្នុងតំបន់ទាំងស្រុង ៕