trollkhmer news

សង្គមនិងជីវិត

ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:២៣

ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល៤៨ម៉ោងនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ខណៈព្រមានអាមេរិកកុំឲ្យបង្កាត់ភ្លើងនៅតំបន់អាស៊ី។ យោងតាមប្រព័ន្ធផ្សាយក្នុងស្រុកមួយនៅក្នុងប្រទេសចិនបានឲ្យដឹងថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល៤៨ម៉ោងនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពចិនក្នុងគោលបំណងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដែលអាចកើតឡើងដោយមើលពុំឃើញនាពេលអនាគត។ការធ្វើសមយុទ្ធនេះផងដែរមានការចូលរួមពីកងទ័ពជើងទឹកមកពីកងនាវាប្រចាំនៅសមុទ្រចិនខាងត្បូងនិងកងទ័ពជើងអាកាសដែលមកពីកងការពារដែនសមុទ្រភាគខាងជើង ដោយប្រើនាវាចម្បាំងនិងយន្តហោះចម្បាំងទំនើបៗ។ក្រោយពេលបញ្ចាប់ការធ្វើសមយុទ្ធ នាវាចម្បាំងនិងយន្តហោះចម្បាំងទាំងអស់បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bashi ពេលត្រឡប់ពីតំបន់ខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកសំដៅទៅកាត់ទីតាំងឈរជើងរបស់ខ្លួនវិញ។ស្របពេលដំណាលគ្នានេះដែរ ប្រទេសចិនក៏បានព្រមានលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កុំឲ្យបង្កាត់ភ្លើងនៅតំបន់អាស៊ីផងដែរកាលពីម្សិលមិញ បន្ទាប់ពីលោក បានប្រកាសលុបចោលបម្រាមដែលហាមមិនឲ្យលក់អាវុធមកឲ្យប្រទេសវៀតណាមនោះ។លោក បារ៉ាក់ អូបាម៉ា បានបង្ហាញជំហានជាប្រវត្តិសាស្ត្រកាលពីថ្ងៃច័ន្ទ អំឡុងពេលលោកមកបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ដោយលើកឡើងថា ចំណាត់ការនេះ “មិនជាប់ព័ន្ធនឹងប្រទេសចិននោះទេ” ទោះបីជាលោកទទួលស្គាលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននិងរដ្ឋាភិបាលក្រុងហាណូយមានកង្វល់ដូចគ្នាជុំវិញសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ប្រទេសចិននិងប្រទេសវៀតណាមដែលសុទ្ធតែជាប្រទេសប្រកាន់ជំហរកម្មុយនីស្តដូចគ្នាធ្លាប់ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទនឹងគ្នាអំឡុងសម័យសង្រ្គាមកាលពីប៉ុន្មានទសវត្សរិ៍មុន ហើយតែងតែរួមដៃគ្នាប្រឆាំងប្រទេសប្រជាធិបតេយ្យ ប៉ុន្តែឥឡូវប្រទេសទាំងពីរនេះបែរជាមានភាពរកាំររកុសនឹងគ្នាជាបន្តបន្ទាប់ទៅវិញដោយសារជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលជាហេតុបើកឱកាសឲ្យសហរដ្ឋអាមេរិកអាចរឹតចំណងមិត្តភាពជាមួយសត្រូវចាស់របស់ខ្លួនគឺប្រទេសវៀតណាមបានកាន់តែខ្លាំងមួយកម្រិតទៀត។គួរបញ្ជាក់ថា ដោយមើលឃើញថា ចំណាត់ការបស់លោកបារ៉ាក់ អូបាម៉ា គឺមានបំណងទប់ស្កាត់ “ការកើនឡើងឥទ្ធិពលរបស់ចិន” នោះ កាសែតChina Daily ដែលជាកាសែតរបស់គណបក្សកម្មុយនីស្តចិនបានព្រមាននៅក្នុងអត្ថបទរបស់ខ្លួនចេញផ្សាយកាលពីម្សិលមិញថា សហរដ្ឋអាមេរិក និងវៀតណាមដាច់ខាតកុំធ្វើឲ្យ “គ្រាប់រំសែវផ្ទុះឡើងនៅក្នុងតំបន់“ឲ្យសោះ៕

ពួកតាលីបង់តែងតាំង Mullah Haibatullah Akhundzada ជាមេដឹកនាំថ្មី

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:០៣

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ពួកសកម្មប្រយុទ្ធតាលីបង់បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំកំពូលរបស់ពួកគេ Akhtar Mohammad Mansoor Mullah នៅថ្ងៃពុធនិងបានប្រកាស Mawlawi Haibatullah Akhundzada ជាមេដឹកនាំថ្មីនៃក្រុមបះបោរ។បើតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើវេបសាយរបស់ក្រុមតាលីបង់នៅថ្ងៃពុធបានឱ្យដឹងថា ក្រុមប្រឹក្សានៃភាពជាអ្នកដឹកនាំអ៊ិស្លាមអេមីរ៉ាតក្នុងប្រទេសអាហ្វហ្គានីស្ថានបានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ Mawlawi Haibatullah Akhundzada ជាមេដឹកនាំថ្មី។សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងថា Sirajuddin Haqqani មេដឹកនាំនៃបណ្តាញ Haqqani និងMohammad Yaqoob Mawlawi ដែលជាកូនប្រុសរបស់លោក Mullah Mohammad Omar ត្រូវបានជ្រើសរើសជាអនុប្រធានរបស់មេដឹកនាំថ្មីនៃក្រុមតាលីបង់។គួរបញ្ជាក់ថា Mullah Mansoor ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់តាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ ហើយដែលរដ្ឋាភិបាលអាហ្គានីស្ថានបញ្ជាក់អះអាងពីការស្លាប់របស់គាត់មួយថ្ងៃក្រោយនៅថ្ងៃអាទិត្យ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ឆ្នាំនេះនឹងធ្វើពិធីអុ៊ំទូកឡើងវិញ

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៤:០១

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថានៅឆ្នាំនេះ ត្រូវតែមានការធ្វើពិធីអ៊ុំទូក។ សម្តេចបានមានប្រសាសន៍ថា ៖ “ហើយធ្វើម៉េចជម្រៅទឹកឲ្យបានល្អបំផុត ដែលត្រូវអុំទូក ព្រោះបើមិនអុំទៀតគឺឡើងបីឆ្នាំជាប់គ្នា… ឆ្នាំនេះត្រូវតែអុំ អញ្ចឹងត្រៀមទូក ង ឲ្យហើយទៅ អុំបាន ប៉ុន្តែឆ្នាំទៅបើអុំ ប្រហែលជាមានបញ្ហា ព្រោះអាទឹកដែលមិនត្រូវខ្នាតនេះ គឺនឹងធ្វើឲ្យលំបាកសម្រាប់ចំណុះទូកអុំ”។ សូមបញ្ចាក់ផងដែរថារដ្ឋាភិបាលបានផ្អាកការអុំទូកចំនួន៤លើកមកហើយ ក្នុងនោះបីឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១១, ២០១២ ២០១៣ ហើយប្រារព្ធឡើងវិញក្នុងឆ្នាំ២០១៤។ រដ្ឋាភិបាលបានផ្អាកការអុំទូកនៅឆ្នាំ២០១៥ ដោយបានពន្យល់ថាមកពីមូលហេតុទឹករាក់ពេកមិនអាចអ៊ុំបាន។ ដោយឡែកឆ្នាំនេះដែរការប្រារព្ធពិធីបុណ្យអ៊ុំទូកនឹងធ្វើឡើងនៅថ្ងៃទី ១៣,១៥និង១៥ ខែវិច្ឆិកា ។ ពិធីបុណ្យអុ៊ំទូកគឺជាពិធីតាំងពីសម័យមុនមកៗដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់កងទ័ពជើងទឹកកម្ពុជាដ៏ខ្លាំងក្លាកាលពីសម័យអង្គរ ។ 

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet ចុះកិច្ចសន្យាទិញយន្តហោះ Boeing 737 ចំនួន100 គ្រឿង

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:២៨

អាកាសចរណ៍ Vietjet របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាមួយតម្លៃ ១១,៣ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing ដែលមានមូលដ្ឋាននៅអាមេរិក ដើម្បីផ្គត់ផ្គង់យន្តហោះ Boeing737MAX200 ម៉ាស៊ីនពីរចំនួន ១០០គ្រឿង។ប្រធានក្រុមហ៊ុន Vietjet និងប្រធានយន្តហោះពាណិជ្ជកម្ម Boeing របស់ក្រុមហ៊ុន Boeing លោក Ray Conner បានចុះហត្ថលេខាលើកិច្ចសន្យានេះ នៅទីក្រុងហាណូយ។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានបន្ថែមថា យន្តហោះទាំងនេះ នឹងត្រូវបានប្រគល់ នៅចន្លោះឆ្នាំ ២០១៩ និងឆ្នាំ ២០២០ នៅក្រោមកិច្ចសន្យានេះ។គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានយន្តហោះជាង ២០០ គ្រឿង ទាំងយន្តហោះ Boeing និងយន្តហោះ Airbus ដើម្បីកែសម្រួលផែនការពង្រីកកងយន្តហោះរបស់ខ្លួន។ ក្រុមហ៊ុនអាកសចរណ៍នេះ ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងតម្លៃ ៣,០៤ ពាន់លានដុល្លារអាមេរិកសម្រាប់ម៉ាស៊ីនយន្តហោះ ដែលផលិតដោយក្រុមហ៊ុន Pratt Whitney ជាអង្គភាពមួយរបស់បច្ចេកវិជ្ជា United Technologiesសម្រាប់យន្តហោះ Airbus A321 ចំនួន ៣០គ្រឿង ដែលខ្លួនបានបញ្ជាទិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ផងដែរ៕

តួសម្តែងខ្សែភាពយន្តចិន យ៉ាង​គួ និង​សៀវ ឡុ​ង​នី នឹង​ចូល​រោងការ​នា​ខែកក្កដា

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៥១

គូស្នេហ៍​ក្នុង​រឿង «​ទេព​ឥ​ន្រី្ទ​បក្សី​ស្នេហ៍​» លោក​យ៉ាង​គួ និង​នាង​សៀវ ឡុ​ង​នី បាន​ប្រកាស​ថា ពួក​គេ​នឹង​ចូល​រោងការ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២១ កក្កដា ពួក​គេ​នឹង​កាត់​ចំណងដៃ​នៅ​តៃវ៉ាន់​វិញ​ម្តង​ដែល​ជាទី​កន្លែង​កំណើត​របស់​កូនក្រមុំ ។លោក Chen Xiao និង​នាង Michelle Chen បាន​បង្កាត់ភ្លើង​ស្នេហ៍​អំឡុង​ពេល​សម្តែង​ក្នុង​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» ហើយ​ក្រោយមក​ពួក​គេ​បាន​ប្រកាស​ពី​ចំណង​ស្នេហ៍​នេះ​កាលពី​ខែសីហា ២០១៥ ។Chen Xiao វ័យ​២៨​ឆ្នាំ និង​គូស្នេហ៍​នាង Michelle Chen វ័យ​៣២​ឆ្នាំ បាន​បង្ហាញ​ភាព​ល្អូកល្អិន​ក្នុង​រឿង «​ទេព​ឥ​ន្រី្ទ​បក្សី​ស្នេហ៍​» ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ គូស្នេហ៍​នេះ​នឹង​បញ្ចប់​ការងារ​សម្តែង​នៅ​ខែមិថុនា​ដើម្បី​រៀបចំ​ពិធី​មង្គលការ​របស់​ពួក​គេ ។ ពួក​គេ​មិន​ប្រាថ្នា​អ្វី​ធំ​ដំ​ទេ ពោល​គឺ​ពិធី​បែប​សាមញ្ញ​មួយ​ប៉ុណ្ណោះ ៕

ថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៤:២៨

រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ចេទនៃការបោះឆ្នោត ជ្រើសរើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះបើតាមសេចក្តីសម្រេចមួយ ចុះថ្ងៃទី ២៤ ឧសភា ២០១៦ ដោយមានចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រុមហ៊ុន Apple ចង់ចាប់ដៃគូរជាមួយ LG អោយជួយផលិតកាមេរ៉ាភ្លោះសំរាប់ iPhone ជំនាន់ក្រោយ

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:០៩

អ្នកវិភាគ​ពី​ក្រុមហ៊ុន​ជប៉ុន Nomura Securities ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple អាច​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន LG ជា​អ្នក​ផ្គត់ផ្គង់​កាមេរ៉ា​ភ្លោះ​សម្រាប់ iPhone 7 បន្ទាប់​ពី​ក្រុមហ៊ុន Sony ដែល​គេ​រំពឹង​ថា​ជា​អ្នក​ផលិត​កាមេរ៉ា​ឱ្យ iPhone ជំនាន់​ក្រោយ​កំពុង​តែ​ប្រឈម​នឹង​ការ​ផលិត​ទាប​មិន​អាច​បំពេញតម្រូវការ​បាន​ដោយសារ​តែ​មាន​គ្រោះ​រញ្ជួយ​ដី​កាលពី​ខែមេសា​ដែល​ប៉ះពាល់​ដល់​ការ​ផលិត ។Nomura Securities ព្យាករ​ថា ក្រុមហ៊ុន Apple នឹង​ជ្រើសរើស​យក​កាមេរ៉ា​អុ​ប​ទិ​កលើ iPhone 7 ទំហំ​៤.៧​អី​ុ​ង ។ iPhone 7 បាន​ក្លាយជា​ប្រធាន​ប​ក្តៅ​ក្នុង​សារព័ត៌មាន​បច្ចេកវិទ្យា​ទូរស័ព្ទ ខណៈ​អតិថិជន​របស់​ខ្លួន​ទន្ទឹងរង់ចាំ​ការ​បង្ហាញ​រូបរាង​ជា​ផ្លូវការ ។ ជាមួយ​គ្នា​នេះ​ដែរ​ពាក្យ​ចចាមអារ៉ាម​ពី មុន​ៗ​ឱ្យ​ដឹង​ថា iPhone 7 នឹង​ការពារ​ការ​ជ្រាប​ទឹក ព្រមទាំង​បំពាក់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ជាង​មុន ៕LG G5

សិស្សស្រី ១៨នាក់ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអាគារស្នាក់នៅរបស់សាលារៀនក្នុងប្រទេសថៃ

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៤៨

បណ្តាញសារព័ត៌មានស៊ីអិនអិនបានផ្សាយឱ្យដឹងថា នៅថ្ងៃចន្ទម្សិលមិញនេះឪពុកម្តាយសិស្សជាច្រើននាក់បានប្រញាប់ប្រញាល់នាំគ្នាទៅកាន់សាលារៀនមួយកន្លែងក្នុងប្រទេសថៃ កន្លែងដែលសិស្សស្រី ១៨នាក់ត្រូវបានសម្លាប់ក្នុងអគ្គិភ័យឆាបឆេះកន្លែងស្នាក់នៅមួយកន្លែងក្នុងសាលា។លោក Rewat Wassana នាយកសាលា បានប្រាប់បណ្តាញសារព័ត៌មានថា យើងកំពុងធ្វើការកំណត់អត្តសញ្ញាណសាកសព ក្នុងពេលដែលឪពុកម្តាយមិនអាចចំណាំកូនរបស់ពួកគេបាន។ប្រធានក្រុមប៉ូលិសស៊ើបអង្កេតលោក Kachornsak Pongthit បានឱ្យដឹងថា ពេលមានអគ្គិភ័យកើតឡើងមានសិស្ស ស្រី ទាំងអស់ ៣៨នាក់កំពុងគេងក្នុងអាគារស្នាក់នៅរបស់សាលា Pitakiatwittaya ដែលជាឯកជនមួយរបស់គ្រឹស្តសាសនិកក្នុងខេត្តឆៀងរៃភាគខាងជើងប្រទេសថៃ។មិនមានព័ត៌មានច្បាស់លាស់ពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យកើតឡើង ដែលគេជឿថា បានចាប់ផ្តើមនៅម៉ោងប្រមាណ ១១យប់ថ្ងៃអាទិត្យ។ប្រធានផ្នែកអគ្គិភ័យខេត្តឆៀងរៃ Sawang Momdee ដែលដឹកនាំប្រតិបត្តិការជួយសង្គ្រោះបានឱ្យដឹងថា សិស្សស្រី ២០នាក់ត្រូវបានភ្នាក់ងារពន្លត់អគ្គិភ័យជួយសង្គ្រោះដោយដាក់ជណ្តើរឡើងតាមជញ្ជាំងអាគារ។ គួរបញ្ជាក់ថា សាលារៀននេះបានដំណើរការ ៥ឆ្នាំមកហើយ និងបង្រៀនសិស្ស ១៤២នាក់ចាប់ពីថ្នាក់ដំបូង រហូតដល់ថ្នាក់ទី៦ ដោយឥតបង់ថ្លៃ៕

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3.3 ត្រូវគេ Jailbreak បានហើយ

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០០:៥២

ក្រុមហ៊ុន Apple ទើបតែបានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3.3 ក្រោយពី 9.3.2 មានបញ្ហាមួយចំនួន ហើយមិនទាន់បានប៉ុន្មានផងឥឡូវមានគេហែកគុកឬ Jailbreak វាបានហើយ។ការ Jailbreak បានសម្រេចនៅលើ iOS 9.3.3 នេះត្រូវបានធ្វើឡើងដោយអ្នកអភិវឌ្ឍន៍ម្នាក់ឈ្មោះ Luca Tedesco ដែលលោកបានបង្ហោះនូវរូបភាពនៅលើបណ្តាញសង្គម Twitter របស់លោកឈ្មោះ @qwertyoruiopz ពីការ Jailbreak បាននៅលើ iPod របស់គាត់។តាមពិតទៅនៅពេលលោក Luca ធ្វើការ Jailbreak នៅ iOS 9.3 នេះលោកក៏ចង់បង្ហាញរបៀប Jailbreak នេះជាវីដេអូដែរហើយបង្ហោះជាសាធារណៈដែរ ជាក់ស្តែងចាប់ពីវើសិន iOS 9.2 ឡើងមកមិនមាននរណា Jailbreak បានឡើយទើបតែ 9.3.3 នេះទេ។នៅខណៈនេះគឺដូចទៅកាលពី iOS 9.3 ចឹង លោក Luca ដូចជាមិនរំពឹងថានឹងចេញការ Jailbreak iOS 9.3.3 នេះជាផ្លូវការឲ្យគ្រប់គ្នា Jailbreak ជាសាធារណៈឡើយ យើងច្បាស់ជាមានបញ្ហាមួយចំនួននិងគុណវិបត្តិខ្លះហើយទើបលោក Luca មិនបញ្ចេញការ Jailbreak នេះជាសាធារណៈ។ទោះជាយ៉ាងណា យើងក៏បានដឹងថាប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3.3 នេះត្រូវគេ Jailbreak បាន ហើយត្រូវចាំថាបើសិនជាអ្នកចង់ Jailbreak អ្នកមិនត្រូវនៅវើសិនលើសពី iOS 9.1 ឡើយ។