trollkhmer news

សង្គមនិងជីវិត

ចាប់ខ្លួនជនជាតិចិន ២នាក់ ក្រោយប្លន់ម្ចាស់រថយន្តតាក់ស៊ី នៅស្រុកបាទី ខេត្តតាកែវ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៣:៥២

តាកែវ៖ ជនជាតិចិនពីរនាក់ ដែលបានធ្វើសកម្មភាព ចាក់ប្លន់ម្ចាស់រថយន្តតាក់ស៊ី ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស នៅចំណុចស្រុកបាទី ខេត្តតាកែវ ដែលបម្រុងរត់ទៅលាក់ខ្លួននៅខេត្តកំពត ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ តាមក្របួចចាប់បានពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ឃុំអង្គតាមសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនជាតិចិន០២នាក់ ដែលប្លន់រថយន្តតាក់ស៊ី មានឈ្មោះទី១៖ ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងទី២ឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ ដែលបានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គម្រាមប្លន់ ម្ចាស់រថយន្តតាក់ស៊ី ម៉ាក lexus RX300ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-8959 ដែលខ្លួនបានជួលជិះពីពោធិ៍ចិនតុង ទៅខេត្តកំពត។ពេលមកដល់ចំណុចផ្លូវជាតិលេខ៣ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូង ស្រុកបាទី ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ហើយក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្តាលឱ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យ បានបើករថយន្តរត់គេចខ្លួនសំដៅទៅខេត្តកំពត។លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងថា ក្រោយពីទទួលដំណឹងនេះភ្លាម លោកបានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យឆែកឆេរ រហូតដល់វេលាម៉ោង១៩៖៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។បើតាមលោកស្នងការខេត្តតាកែវ នៅក្នុងការសាកសួរចំលើយលើជនសង្ស័យជាជនជាតិចិនទាំង២នោះ ជនសង្ស័យបានឆ្លើយពង្វាងថា មូលហេតុ ដែលខ្លួនយកកាំបិតចាក់លើជនរងគ្រោះ គឺបណ្ដាលមកពីខឹងនឹងអ្នកបើកឡាននិយាយទូរសព្ទ នៅក្នុងឡានយូពេកដែលបង្ករំខានដល់ខ្លួន ដែលជាភ្ញៀវជួលជិះរថយន្ត។ តែទោះជាជនសង្ស័យឆ្លើយយ៉ាងណាក្តី នេះជាបទល្មើសជាក់ស្ដែង ព្រោះជនរងគ្រោះមានស្នាមចាក់ និងហូឈាមពេញខ្លួន ដូច្នោះរឿងនេះសមត្ថកិច្ច និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់៕

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី២ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៣០

រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីពីរ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ខេមរះ សេរីមន្ត លោក ឆន សុវណ្ណរាជ លោក ហ្សូនូ លោក ជី ដាវិត។ កម្មវិធីចាប់រង្វាន់នេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន ៣ គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ? សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! ពិសាដោយការទទួលខុសត្រូវ!

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្មបណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:២១

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគ បើករថយន្តមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ រងគ្រោះថ្នាក់នោះទេ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោក្រុងភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយ គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកភ្នំពេញ 2Q-1278 ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរស្រវឹងស្រាជោគផងនោះ ក៏ជ្រុលចង្កូតទៅស្ដាំបណ្ដាលឲ្យរថយន្ដបុក រះបង្គោលភ្លើងបាក់ខ្ទេចមួយដើម រួចក៏បន្តទៅបុកបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាត ខ្ទេចមួយកំណាត់មុខយ៉ាងដំណំតែម្ដង។ ភ្លាមៗនោះគេបានឃើញអ្នកបើកបររថយន្តបង្កខាងលើបានចុះពីលើរថយន្តដោយសភាពស្រវឹង ស្រាឈរលែងនឹង បានរត់ឡើងជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកធ្វើការចុះមកធ្វើការវាស់វែង ដើម្បី យករថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕

សប្បាយចិត្តជំនួស! ឆ្នាំសិក្សា ២០១៩-២០២០ ប្អូនៗពិការទូទាំងប្រទេស នឹងអាចរៀនបរិញ្ញាបត្រ ដោយមិនបាច់បង់ថ្លៃ សូម្បីមួយសេន

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៤

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៩ នេះ សិស្សដែលមានពិការភាព នឹងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រដោយមិនបាច់បង់ថ្លៃ ១០០% ដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង នៅតាមគ្រឹះស្ថានឧត្ដមសិក្សា។ ការផ្ដល់អាហាររូបករណ៍សិក្សាដោយឥតថ្លៃនេះ ក្រសួង មានគោលបំណងលើកទឹកចិត្តដល់សិស្សពិការឱ្យមានលទ្ធភាពបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រ។ សម្រាប់សេចក្ដីលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សហរដ្ឋអាមេរិក ប្រគល់លុយជិត ២០០លានដុល្លារ របស់មូលនិធិរដ្ឋ 1MDB ដែលបាត់ ដោយសារអំពើពុករលួយទៅឱ្យម៉ាឡេស៊ីវិញ

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៥:២៥

អាមេរិក៖ រដ្ឋាភិបាលអាមេរិក បានប្រគល់លុយជិត ២០០លានដុល្លារ ទៅឱ្យម៉ាឡេស៊ីវិញដែលលុយនេះ រឹបអូសបានពីទ្រព្យសម្បត្តិដែលជាប់ទាក់ទងទៅនឹងមូលនិធិរដ្ឋ 1MDB ស្មើនឹងប្រមាណមួយភាគបួននៃចំនួនទឹកប្រាក់សរុប។អាជ្ញាធរម៉ាឡេស៊ី និងសហរដ្ឋអាមេរិកបាននិយាយថា លុយប្រមាណ ៤,៥ ពាន់លានដុល្លារ ត្រូវបានគេផ្ទេរចេញពី 1MDB ដែលជាមូលនិធិរដ្ឋ បង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីបរ៉ាហ្សាក់។ ចាប់តាំងពីការចាញ់ឆ្នោតទូទៅ កាលពីឆ្នាំមុន លោកណាជីប ត្រូវបានគេចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួនជាង ៤០ករណីដែលពាក់ព័ន្ធនឹងការបាត់បង់លុយរបស់មូលនិធិរដ្ឋ 1MDB និងអង្គភាពរដ្ឋផ្សេងទៀត។ ប៉ុន្តែលោកបានទទូចថា មិនមានទោស។ចាប់តាំងពីឆ្នាំ២០១៦មក ក្រសួងយុត្តិធម៌អាមេរិក (DoJ) បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី រឹបអូសទ្រព្យសម្បត្តិចំនួន ១,៨ ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិ ដែលត្រូវបានគេចោទប្រកាន់ថា បានទិញដោយយកលុយពីមូលនិធិ 1MDB រួមមានដូចជា យន្តហោះឯកជនប្រណីត អចលនទ្រព្យ សិល្បៈ និងគ្រឿងអលង្ការ។ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី លោក Kamala Shirin Lahkdhir បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងប្រគល់លុយប្រមាណ ១៩៦លានដុល្លារពីទ្រព្យសម្បត្តិដែលរឹបអូសបានទៅឱ្យបានម៉ាឡេស៊ីវិញ៕

ចាប់ខ្លួនយុវជន ២នាក់ ក្រោយចាប់រំលោភបូកនារីរងគ្រោះ នៅខេត្តព្រះវិហារ

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៥:១១

ព្រះវិហារ៖ យុវជន២នាក់ បានចាប់រំលោភបូកនារីវ័យក្មេងម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ តាមពាក្សបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ។លោកវរសេនីយ៍ឯក តៀម សង្រ្គៀម អធិការនគរបាលស្រុកជ័យសែន បានប្រាប់ឱ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះបានទៅចូលរួមមង្គលការញាតិមិត្តក្នុងភូមិ។ពេលចូលរួមកម្មវិធី នារីរងគ្រោះផឹកស្រាស្រវឹង លុះដល់យប់បន្តិច ចប់កម្មវិធីផឹកស៊ីរាំលេង នារីរងគ្រោះបានចេញទៅផ្ទះ ហើយជនសង្សយ័ទាំង២នេះ ជាអ្នកជិះម៉ូតូជូននារីរងគ្រោះទៅផ្ទះ លុះដល់កន្លែងស្ងាត់ក៏ចាប់រំលោភតែម្តង។លោកអធិការបានបន្តថា នារីរងគ្រោះមានឈ្មោះ ន.ស.ត អាយុ១៦ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ ទី១៖ ធួន សុផា ភេទប្រុស អាយុ១៩ឆ្នាំ និងជនសង្ស័យ និងទី២៖ ឈ្មោះ ថេន ផល្លា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់៕

Trump ពិភាក្សាជាមួយ លោក Shinzo Abe អំពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់សាកល្បងអាវុធថ្មីមួយរបស់ក្រុងព្យុងយ៉ាង

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១២:១១

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបាននិយាយជាមួយ លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន អំពីកូរ៉េខាងជើង និងពាណិជ្ជកម្ម បន្ទាប់ពីកូរ៉េខាងជើងបានធ្វើឱ្យមានភាពស្រពិចស្រពិលអំពីអនាគតនៃចរចានុយក្លេអ៊ែរ ដោយសារតែការបាញ់សាកល្បងអាវុធថ្មីៗនេះ។នៅក្នុងសារ Twitter លោក Trump បានពិពណ៌នាការជជែករបស់លោកជាមួយលោក Abe ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធថាជា "ការសន្ទនាដ៏ល្អ" ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។លោក Trump និងរដ្ឋការរបស់លោក មិនបានប្រតិកម្មអ្វីចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ឡើយ ដែលក្រុមអ្នកវិភាគយោធានិយាយថា អាចជាប់ពាក់ព័ន្ធនឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ លោក Abe បានប្រាប់ក្រុមអ្នកកាសែតថា សហរដ្ឋអាមេរិក និងជប៉ុន នឹងឆ្លើយតប "រួមគ្នា" ជាមួយកូរ៉េខាងជើង "ឆ្ពោះទៅមុខ" ។គួរបញ្ជាក់ថា ប្រសិនបើអាវុធនេះជាមីស៊ីលផ្លោង មានន័យថា វាជាមីស៊ីលដំបូងដែលបាញ់ដោយកូរ៉េខាងជើង ចាប់តាំងពីការផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនកាលពីឆ្នាំ២០១៧ ដែលបានបើកផ្លូវ ពិភាក្សាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

អាមេរិក បញ្ជូន នាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក ទៅមជ្ឈឹមបូព៌ា ដើម្បីកំញើញអ៊ីរ៉ង់

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:៣៤

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាល លោក Trump កំពុងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក នៅមជ្ឈឹមបូព៌ា ដើម្បីឆ្លើយតបទៅនឹង "ភាពចាំចាច់ និងការព្រមាន" ពីប្រទេសអ៊ីរ៉ង់ និងដើម្បីបង្ហាញថា សហរដ្ឋអាមេរិក នឹងសងសឹកដោយ "កងកម្លាំងមិនសំចៃ" ចំពោះការវាយប្រហារណាមួយមកលើខ្លួន។ ដោយមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការដាក់ពង្រាយនេះ ត្រូវបានបញ្ជាឱ្យធ្វើឡើង ដើម្បីកំញើញចំពោះការរៀបចំកងកម្លាំងដោយអ៊ីរ៉ង់ ដែលគេមើលឃើញថា អាចវាយប្រហារទៅលើកងកម្លាំង អាមេរិកនៅក្នុងតំបន់។ យ៉ាងណាក៏ដោយ មន្ត្រីម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកមិនរំពឹងថា នឹងមានការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ ភ្លាមៗនោះទេ៕

ទុស្សេខ្សែភ្លើងធ្លាក់លើរថយន្ត ចតស្ងៀមផ្ទុះឆេះស្លាប់មនុស្សម្នាក់ កំពុងដេកក្នុងរថយន្ត

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:១១

រតនគិរី៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលកំពុងដេកលង់លក់ក្នុងរថយន្ត ដោយសារការឆាបឆេះរថយន្ត ដែលបណ្តាលមកពីការទុស្សេឆេះខ្សែបញ្ជូនចរន្តអគ្គិសនីនៅតាមផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១៖១០នាទីនៅចំណុចឃ្លាំងទិញដំឡូងមី ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ហេតុការណ៍គ្រោះអកុសលខាងលើនេះ ត្រូវបានសមត្ថកិច្ចអះអាងថា នៅមុនកើតហេតុមានការទុស្សេខ្សែបញ្ជូនចរន្តអគ្គិសនី ហើយឆេះធ្លាក់លើកង់រថយន្តដែលចតស្ងៀម និងបណ្តាលឱ្យឆាបឆេះរថយន្តតែម្តង។ ការឆាបឆេះក៏បណ្តាលឱ្យអ្នកបើកបររថយន្តដែលកំពុងដេកក្នុងរថយន្តនោះ បានស្លាប់ផងដែរ។លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តបានបញ្ជារថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់មិនឱ្យមានការរាលដាលដល់ផ្ទះអ្នកជិតខាង និងទ្រព្យសម្បត្តិផ្សេងៗឡើយ។លោក សួន សាវុធ មេប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ ថូ រតនា អាយុ ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរដោយក្តីអាឡោះអាល័យ។ជាមួយគ្នារដូវក្តៅហួតហែងបញ្ហាអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗងាយនឹងកើតឡើងជាយថាហេតុ។ ឆ្លើយតបបញ្ហានេះ លោកឧត្តមសេនីទោ យិន ចំណាន បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានករណីអ្វីកើតឡើងសុំផ្តល់ព័ត៌មានមកស្នងការជាបន្ទាន់រូបលោកចេញកម្លាំងជួយអន្តរាគន៍ភ្លាមៗ៕