trollkhmer news

សង្គមនិងជីវិត

ក្រុងតេអេរ៉ង់ផ្ទុះកំហឹង ខណៈអង់គ្លេសរឹបអូសនាវាដឹកប្រេងរបស់ខ្លួនដែលរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប

ថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១២:២២

អង់គ្លេស បានរឹបអូសនាវាដឹកប្រេងដ៏ធំរបស់អ៊ីរ៉ង់នៅតំបន់ Gibraltar កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការព្យាយាមដឹកប្រេងទៅកាន់ប្រទេសស៊ីរីដែលរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលនេះជាជំហានមួយធ្វើឱ្យក្រុងតេអេរ៉ង់ខឹងសម្បារយ៉ាងខ្លាំង និងអាចបង្កើនការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច។នាវាដឹកប្រេង Grace 1 ត្រូវបានរឹបអូសនៅក្នុងដែនអធិបតេយ្យរបស់អង់គ្លេសនៅចុងខាងជើងនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីនាវានេះ បានធ្វើដំណើរជុំវិញអាហ្វ្រិកដែលជាផ្លូវដ៏វែងឆ្ងាយពីមជ្ឈឹមបូព៌ា ទៅមាត់សមុទ្រមេឌីទែរ៉ាណេ។ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅឯកអគ្គរាជទូតអង់គ្លេស ដើម្បីសម្តែងការប្រឆាំងជំទាស់ដាច់អង្ហាំការ ចំពោះការរឹបអូសខុសច្បាប់ និងមិនអាចទទួលយកបាន។ កាយវិការការទូតបែបនេះ បានធ្វើឱ្យមានការសង្ស័យទាក់ទងនឹងកម្មសិទ្ធិរបស់អ៊ីរ៉ង់ចំពោះនាវានេះ ដែលបានដោតទង់ជាតិប្រទេសប៉ាណាម៉ា ហើយត្រូវបានចុះបញ្ជីថាគ្រប់គ្រងដោយក្រុមហ៊ុនមួយនៅក្នុងប្រទេសសិង្ហបុរី។ខណៈដែលទ្វីបអឺរ៉ុប បានហាមឃាត់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសស៊ីរីចាប់តាំងពីឆ្នាំ ២០១១ ក្រុមប្រទេសនេះ មិនដែលរឹបអូសយកនាវាដឹកប្រេងនៅសមុទ្រនោះទេ។ មិនដូចសហរដ្ឋអាមេរិក អឺរ៉ុបមិនមានទណ្ឌកម្មទូលំទូលាយប្រឆាំងនឹងអ៊ីរ៉ង់ទេ៕

ភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន បង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ សម្លាប់មនុស្ស ២នាក់

ថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៤៦

ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសជប៉ុន បានធូរស្រាលហើយនៅពេលនេះ បន្ទាប់ពីមានហេតុការណ៍រអិលបាក់ដី សម្លាប់មនុស្សពីរនាក់។ ប៉ុន្តែអាជ្ញាធរ នៅតែរក្សាបទបញ្ជាឱ្យជម្លៀសខ្លួនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ដោយព្រមានថា បាតុភូតរអិលបាក់ដី អាចនឹងកើតឡើងបន្តទៀត។ចាប់តាំងពីថ្ងៃសុក្រ តំបន់ចំនួនមួយនៅកោះ Kyushu បានរងគ្រោះភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្ពស់ ១០០០mm ដែលកម្ពស់ខ្ពស់ជាងទ្វេដងនៃកម្ពស់ទឹកធម្មតា។នេះបើយោងតាមទូរទស្សន៍ NHK៕

រញ្ជួយដីទំហំ ៦.៤ រិចទ័រ វាយប្រហារភាគខាងត្បូងកាលីហ្វ័រនីញ៉ា មិនធ្លាប់ក្នុងរយៈពេល ជាង ២ទសវត្សរ៍

ថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:០៥

អាមេរិក៖ ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានវាយប្រហារដោយបាតុភូតរញ្ជួយដីមួយដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ បង្កឱ្យមានការខូចខាត និងអគ្គីភ័យឆាបឆេះ។បាតុភូតរញ្ជួយដីនេះ មានទំហំ ៦.៤ រ៉ិចទ័រ កើតឡើងនៅជិតទីក្រុង Ridgecrest ចម្ងាយប្រហែល ២៤០ ម៉ាយល៍ភាគឦសានទីក្រុង Los Angeles។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានឱ្យដឹងថា ពួកគេកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងពន្លតភ្លើងនៅជុំវិញទីក្រុង។សាស្ត្រាចារ្យ John Rundle ដែលជាសាស្ត្រាចារ្យភូមិសាស្ត្រក្នុងស្រុកបានប្រាប់ BBC ថាមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Ridgecrest ភាគនិរតីនៃចំណុចរញ្ជួយ។ លោក បានបន្ថែមថា សំណាងល្អណាស់ដែលបាតុភូតរញ្ជួយដីនេះ បានកើតឡើងឆ្ងាយពីទីប្រជុំជន៕

វត្ថុបុរាណខ្មែរ ៨៥មុខ ត្រូវបានជនជាតិជប៉ុនប្រគល់មកដល់ដៃកម្ពុជាវិញហើយ នៅព្រឹកនេះ!

ថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៣

ភ្នំពេញ៖ អំណោយវត្ថុបុរាណខ្មែរចំនួន ៨៥មុខ ដែលជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់ជូនប្រទេសកម្ពុជាវិញ ត្រូវបានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ប្រាក់ ស៊ុនដារ៉ា រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសារមន្ទីជាតិ។អំណោយវត្ថុបុរាណទាំងនេះមានដូចជា៖ បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ ត្រូវបានលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ដែលជាជនជាតិជប៉ុន សម្រេចប្រគល់ជូនកម្ពុជាវិញ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី។ក្រសួងវប្បធម៌ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា មានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបាសម្របសម្រួល និងដឹកនាំវត្ថុបុរាណនេះមកប្រទេសកម្ពុជា។ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ ជាការវិលមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើត បង្ហាញឲ្យឃើញពី ការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យបុរាណ។ក្រសួងវប្បធម៌ ក៏បានលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ, ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានា លើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ៕

ចិន៖ ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មលុះត្រាតែ អាមេរិក លុបចោលពន្ធដែលកំពុងដាក់លើទំនិញរបស់ខ្លួន

ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:២៧

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពន្ធរបស់អាមេរិក នឹងត្រូវលុបចោល ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ មេដឹកនាំនៃប្រទេសទាំងពីរ បានយល់ព្រមកាលពីសប្តាហ៍មុន ចាប់ផ្តើមការចរចាពាណិជ្ជកម្មឡើងវិញដែលបានផ្អាកកាលពីខែឧសភា បន្ទាប់ពីសហរដ្ឋអាមេរិក បានចោទប្រកាន់ ចិនថា បានដកថយពីឆន្ទៈ នៅក្នុងកិច្ចព្រមព្រឿងដែលមន្រ្តីចរចាបាននិយាយថា ស្ទើរតែជិតចប់ទៅហើយ។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក Gao Feng បានប្រាប់សន្និសីទសារពត៌មានថា ក្រុមមន្រ្តីពាណិជ្ជកម្មមកពីប្រទេសទាំងពីរកំពុងទាក់ទងគ្នា។គួរបញ្ជាក់ថា ដើម្បីចាប់ផ្តើមការចរចាឡើងវិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានយល់ព្រមមិនតម្លើងពន្ធលើការនាំចូលទំនិញចិនបន្ថែមចំនួន ៣00 ពាន់លានដុល្លារ និងកាត់បន្ថយបម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ។ បច្ចុប្បន្នសហរដ្ឋអាមេរិក បានតម្លើងពន្ធនាំចូល ២៥ភាគរយលើទំនិញរបស់ចិនក្នុងតម្លៃ ២៥0 ពាន់លានដុល្លារ រាប់ចាប់ពីគ្រឿងសង្ហារឹម រហូតដល់ឧបករណ៍អេឡិចត្រូនិក៕

និស្សិតអូស្រ្តាលីដែលល្បីថាបាត់ខ្លួន តាមពិត កូរ៉េខាងជើងជាអ្នកចាប់ខ្លួន ឥឡូវនេះ ត្រូវបានដោះលែងហើយ

ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៤

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានឱ្យដឹងថា បុរសសញ្ជាតិអូស្ត្រាលី លោក Alek Sigley ដែលបានបាត់ខ្លួននៅកូរ៉េខាងជើងកាលពីសប្តាហ៍មុន ឥឡូវនេះ ត្រូវបានដោះលែង និងមានសុវត្ថិភាពទេ។ការដោះ បានលែងធ្វើឡើង បន្ទាប់ពីជំនួបរវាងមន្ត្រីមកពីស្ថានទូតស៊ុយអែតនៅទីក្រុងព្យុងយ៉ាង ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង។ អូស្ត្រាលីមិនមានស្ថានទូតផ្ទាល់ខ្លួននៅក្នុងរដ្ឋធានីរបស់កូរ៉េខាងជើងទេ។លោក Sigley អាយុ ២៩ឆ្នាំ បានបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងកំពុងរកស៊ីផ្នែកទេសចរណ៍នៅទីក្រុងព្យុងយ៉ាង។ គ្មានអ្នកណាដឹងទេថា ហេតុអ្វីបានជានិស្សិតនិយាយភាសាកូរ៉េបានយ៉ាងស្ទាត់ជំនាញរូបនេះ ត្រូវចាប់ឃុំខ្លួន។ដំណឹងនៃការដោះលែងនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានកូរ៉េខាងជើង NK News ដែលបានឱ្យដឹងថា គេមានសុវត្ថិភាពនៅក្នុងប្រទេសចិន ហើយនឹងធ្វើដំណើរទៅប្រទេសជប៉ុន។គួរបញ្ជាក់ថា ស៊ុយអែត គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលមានស្ថានទូតនៅកូរ៉េខាងជើង ហើយជារឿយៗ ប្រទេសនេះ បានដើរតួនាទីជាអន្តរការីសម្រាប់បណ្ដាប្រទេសអឺរ៉ុបដទៃទៀតដែលមិនមានស្ថានទូតនៅកូរ៉េខាងជើង៕

រថយន្ត២គ្រឿងព្រលះគ្នា បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួសធ្ងន់ ២នាក់ នៅក្រុងបាវិត

ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១២:៤០

ស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ៣នាក់បានស្លាប់ និងរបួសធ្ងន់ ២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្ត ២គ្រឿងបុកគ្នា ក្នុងទិសដៅស្របទិសគ្នា ពីលិចមកកើតពេញទំហឹង លាន់ដូចរន្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចទាំងយប់។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្តលេខ ១៥៩ និង១៦០ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។បើតាមសមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនកើតហេតុមានរថយន្ត ០១គ្រឿង ម៉ាកព្រូសពណ៌ទឹកប្រាក់ខៀវ ពាក់ស្លាកលេខស្វាយរៀង 2AX-5643 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចមកកើត រួមជាមួយនិងអ្នកដំណើរប្រុសស្រី ៤នាក់ ជនជាតិចិន។ ខណៈប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយ័ត្ន ក៏បុករថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក ស្របទិសគ្នាពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។បច្ចុប្បន្នអ្នករងគ្រោះធ្ងន់ប្រុសទាំង ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងសាកសព ៣នាក់ បានយកទៅរក្សាទុកនៅវត្តពោធិថ្មី (ហៅវត្តបាវិត) ដើម្បីរងចាំប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ច វាស់វែងនិងយកមករក្សាទុក នៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿង ទៅតាមនីតិវិធី។ទោះបីយ៉ាងណាក៏ដោយ ជនរងគ្រោះស្លាប់និងរបួស សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសពតម្កល់ទុកក្នុងវត្តនៅឡើយ រង់ចាំសាច់ញាត្តិមកយកទៅធ្វើបុណ្យ នៅស្រុកកំណើត។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តម៉ាកព្រូស ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

អាកាសធាតុអាក្រក់ ធ្វើឱ្យទូកនេសាទបង្កងមួយគ្រឿងលិច បង្កឱ្យយ៉ាងហោចណាស់មនុស្ស ២៦នាក់ស្លាប់

ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:០៩

ហុងឌូរ៉ាស៖ អ្នកនាំពាក្យអាជ្ញាធរបានឱ្យដឹង កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានស្លាប់ បន្ទាប់ពីទូកនេសាទបង្កងមួយគ្រឿង បានលិចនៅឆ្នេរអាត្លង់ទិក ប្រទេសហុងឌូរ៉ាស ក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផល។លោក Jose Domingo Meza អ្នកនាំពាក្យអាជ្ញាធរ បាននិយាយថា មនុស្ស ៤៧នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧបទ្ទវហេតុក្បែរទីក្រុងព័រតូលិមប៉ារ៉ា បានកើតឡើង។ ទូកជាច្រើនបានប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រហុងឌូរ៉ាន ដើម្បីចេញនេសាទបង្កងក្នុងរដូវនេសាទបង្កងដែលបានចាប់ផ្តើមក្នុងខែនេះ និងបន្តរហូតដល់ខែកុម្ភៈ។លោក Meza បានឱ្យដឹងផងដែរថា ទូកនេសាទមួយគ្រឿងទៀត បានលិចនៅថ្ងៃដដែលនៅក្នុងតំបន់ដដែល ប៉ុន្តែមនុស្ស ៤៩នាក់ត្រូវបានគេជួយសង្គ្រោះ។ យោងតាមទិន្នន័យជាផ្លូវការ បានឱ្យដឹងថា ការនាំចេញបង្កងរបស់ប្រទេសហុងឌូរ៉ាសបាននាំប្រាក់ចំណូល ៤៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ហើយភាគច្រើនលក់ទៅសហរដ្ឋអាមេរិក៕

លោក Trump ប្រាប់អ៊ីរ៉ង់ឱ្យប្រុងប្រយ័ត្ន! ការគំរាមកំហែងរបស់អ៊ីរ៉ង់ អាចនឹងត្រឡប់ទៅធ្វើបាបអ៊ីរ៉ង់វិញ

ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:៥២

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃពុធចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ថា អាច "ត្រឡប់ទៅធ្វើបាបអ៊ីរ៉ង់វិញ" បន្ទាប់ពីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួន នឹងរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានឱ្យដឹងថា ក្រោយថ្ងៃទី៧ ខែកក្កដា ខ្លួននឹងបង្កើនការផលិតអ៊ុយរ៉ានីញ៉ូមលើសពី ៣.៦៧% ដែលជាចំនួនអតិបរមាអនុញាតដោយកិច្ចព្រមព្រៀង ដែលជាកម្រិតសមល្មមសម្រាប់ការផលិតអគ្គីសនី។នេះជាលើកទី២ហើយ ដែលក្រុងតេអេរ៉ង់បានប្រកាសវិធានការណ៍បែបនេះដែលនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានបញ្ហាចាប់តាំងពី លោក Trump បានដកអាមេរិកចេញ កាលពីឆ្នាំមុន។លោក Trump បានឆ្លើយតបដោយបង្ហោះសារនៅលើបណ្តាញសង្គមថា៖ «អ៊ីរ៉ង់ទើបតែចេញនូវសារព្រមានថ្មី។ លោក Rouhani និយាយថា ពួកគេនឹងបង្កើនការផលិតអ៊ុយរ៉ានីញ៉ូមនូវ “ចំនួនណាមួយដែលគេចង់បាន” ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ សូមប្រយ័ត្នការគំរាមកំហែងនេះ អ៊ីរ៉ង់។ វាអាចត្រលប់ទៅធ្វើបាបអ្នកវិញ!»