trollkhmer news

សង្គមនិងជីវិត

ចិនធ្វើការរឹតបន្តឹងខ្លាំងលើអ្នកធ្វើដំណើរចូលមកក្នុងប្រទេស ព្រោះករណីនាំចូល COVID-19 ចេះតែកើនឡើង

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ០៩:៣៨

(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសថា នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួន ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង ហើយក៏នឹងហាមឃាត់ការធ្វើដំណើរចូលវិញរបស់ជនបរទេស ដែលរស់នៅក្នុងប្រទេសចិនផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ខណៈដែលករណីនាំចូលអ្នកជំងឺនេះពីក្រៅប្រទេស ហាក់ដូចជាកំពុងកើនច្រើនឡើងៗ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី ២៧ ខែមីនា ឆ្នាំ២០២០។នារយៈពេលពីរថ្ងៃជាប់ៗគ្នាចុងក្រោយនេះ ប្រទេសចិនមិនបានរាយការណ៍ អំពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ឡើយ លើកលែងតែករណីឆ្លងនាំចូលពីប្រទេសខាងក្រៅប៉ុណ្ណោះ។ ប្រការនេះវាបានធ្វើឲ្យមានក្តីព្រួយបារម្ភ កាន់តែខ្លាំងជុំវិញរឿងនេះ ខណៈករណីនាំចូលអ្នកផ្ទុកជំងឺ COVID-19 ពីក្រៅប្រទេសបានកើនឡើងលើសពី ៥០០ករណី ទៅហើយនៅទូទាំងប្រទេស។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ទោះបីជាជនបរទេស ដែលមានទិដ្ឋាការត្រឹមត្រូវ និងមានការអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសចិនក៏ដោយ ក៏នឹងត្រូវហាមឃាត់ មិនឲ្យវិលចូលប្រទេសចិនវិញដែរ ដោយនឹងចាប់ផ្តើមអនុវត្តិ នៅថ្ងៃអាទិត្យសប្តាហ៍នេះតែម្តង។ ជាមួយគ្នានេះក្រសួងក៏បានបន្ថែមទៀតថា «ការហាមឃាត់នេះគឺជាវិធានការបណ្តោះអាសន្នមួយ ដែលប្រទេសចិនត្រូវតែធ្វើឲ្យខាងតែបាន ដើម្បីទប់ស្កាត់ការនាំចូលករណីថ្មីៗក្នុងប្រទេស»។តែទោះយ៉ាងណា មន្ត្រីការទូត និងនាវិកនៃក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងនាវាអន្តរជាតិនឹងត្រូវបានលើកលែងចំពោះវិធានការនេះ។ នេះបើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងដដែល៕

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា ប្រទេសចិនគឺជាអ្នកដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ពិភពលោក

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៦:០៧

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងឡុងដ៍បាននិយាយថា ប្រទេសចិនគឺជាអ្នកដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ពិភពលោក ដោយការលុបបំបាត់ព័ត៌មានពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលអនុញ្ញាតឱ្យមារោគរាតត្បាតនេះរីករាលដាលហួសព្រំដែន។ឯកអគ្គរដ្ឋទូត លោក Woody Johnson បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់កាសែត The Times ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា៖ « ចិន ដំបូងព្យាយាមលាក់បាំងព័ត៌មាននេះ ។ នៅពេលនោះ ទីក្រុងប៉េកាំងបានចែករំលែកព័ត៌មានសំខាន់ៗដែលពួកគេជ្រើសរើសតែប៉ុណ្ណោះ ខណៈពេលដែលអាជ្ញាធរសុខភាពអន្ដរជាតិធ្វើជញ្ជាំងបាំង »។ លោកបានសរសេរបន្ថែមថា“ ប្រសិនបើប្រទេសចិនបានធ្វើអ្វីដែលត្រឹមត្រូវ ក្នុងពេលដ៏ត្រឹមត្រូវ នោះចំនួនប្រជាជនរបស់ខ្លួន និងនៅលើពិភពលោកអាចនឹងមិនត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីជំងឺនេះឡើយ” ៕

ថៃ៖ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចូលជាធរមាន បន្ទាប់ពីមានការឆ្លងមេរោគថ្មីចំនួន ១១១ ករណី

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៤:០៥

រដ្ឋាភិបាលបាននិយាយនៅលើបណ្តាញសង្គម Twitter នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងវីរុសកូរ៉ូណាចំនួន ១១១ ករណី ដោយកើនឡើងដល់ ១,០៤៥ ។វិធានការ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានចូលជាធរមានហើយ ដោយអាជ្ញាធរបាន និងកំពុងបង្កើតប៉ុស្តន៍ត្រួតពិនិត្យ នៅតាមដងផ្លូវសំខាន់ ដែលភ្ជាប់ទៅកាន់ខេត្តនានា នៅក្នុងប្រទេស ព្រមទាំងពង្រឹងវិធានការត្រួតពិនិត្យ ក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃមេរោគរាតត្បាតមួយនេះ។ក្រោមការអនុវត្តវិធានការបណ្ដោះអាសន្នបច្ចុប្បន្ន ជនបរទេសដែលមិនមែនជាពលរដ្ឋ ឬអ្នកស្នាក់អចិន្ត្រៃយ៍ ក៏ត្រូវបានជាប់បំរាមចូលមក ក្នុងប្រទេសថៃផងដែរ ខណៈការជួបជុំ ឬការប្រមូលផ្ដុំ សុទ្ធតែត្រូវបានហាមឃាត់ដូចគ្នា ហើយអាជ្ញាធរបានស្នើឱ្យមនុស្សចាស់ ឬក៏អ្នកមានសុខភាពទន់ខ្សោយ ត្រូវស្ថិតនៅក្នុងផ្ទះ៕

ចិនរាយការណ៍ថ្ងៃទីពីរជាប់ៗគ្នាសារជាថ្មីដោយគ្មានករណីឆ្លងក្នុងតំបន់ ប៉ុន្តែករណីនាំចូលនៅតែកើនឡើង

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៣:៥៧

ប្រទេសចិនរាយការណ៍ជាលើកទី ២ សារជាថ្មីនៃការគ្មានករណីឆ្លងវីរុសក្នុងតំបន់ ខណៈដែលចំណុចកណ្តាលនៃការរាលដាលនៃខេត្តហ៊ូប៉ីបានបើកព្រំដែនរបស់ខ្លួន ប៉ុន្តែករណីនាំចូលបានកើនឡើងនៅទីក្រុងប៉េកាំង។គណៈកម្មការសុខភាពជាតិរបស់ចិនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា សរុបករណីថ្មីចំនួន ៦៧ ត្រូវបានរាយការណ៍នៅចុងថ្ងៃពុធ ពោលគឺកើនឡើង ៤៧ករណីពីថ្ងៃមុន ដែលករណីទាំងអស់នោះសុទ្ធតែត្រូវបាននាំចូល ហើយចំនួនករណីសរុបឥឡូវមានចំនួន ៨១ ២៨៥  ខណៈអ្នកស្លាប់សរុប ៣.២៨៧ នាក់គិតត្រឹមថ្ងៃដូចគ្នា។អ្នកជំងឺថ្មីទាំងអស់កាលពីថ្ងៃពុធគឺជាអ្នកធ្វើដំណើរដែលបានមកប្រទេសចិនពីក្រៅប្រទេស ដោយចិនរាយការណ៍ថា មិនមានការឆ្លងក្នុងស្រុកទេ។ ដោយឡែកទីក្រុងស៊ាងហៃបានរាយការណ៍ថា មានករណីច្រើនជាងគេដោយមាន ១៨ ករណី បន្ទាប់មកគឺតំបន់អ៊ីនហ្គោនមាន ១២ និងខេត្តក្វាងទុងមាន ១១ ករណី។ប្រមាណ ៩០% នៃករណីដែលបាននាំចូលទាំងអស់គឺជាអ្នកកាន់លិខិតឆ្លងដែនចិន។ លោក Luo Zhaohui អនុរដ្ឋមន្រ្តីក្រសួងការបរទេសបាននិយាយនៅក្នុងសន្និសីទកាសែតមួយដោយបន្ថែមថា ៤០ ភាគរយនៃនិស្សិតទាំងនោះគឺជានិស្សិតចិនដែលនៅឯបរទេស ហើយវិលត្រឡប់មកស្រុកវិញចំពេលមានការឆ្លងរាលដាលនៅឯបរទេស៕

ទូតកម្ពុជានៅកូរ៉េ៖ រដ្ឋាភិបាលកូរ៉េ អនុញ្ញាតឲ្យពលករគំរូ ពន្យារពេលស្នាក់នៅបានដល់៥០ថ្ងៃ

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១១:០៧

(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពបន្តស្នាក់ នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។ស្ថានទូតកូរ៉េបញ្ជាក់ទៀតថា ពលករគំរូដែលចប់៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យារការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។ជាមួយគ្នានេះ ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីដោះស្រាយជូនបងប្អូនឲ្យបានមកស្នាក់ នៅឯផ្ទះស្នាក់នៅបណ្តោះ ដែលមានទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន អានសាន ក្វាងជូធំ និងសាសាងជាដើម៕

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនស្ថានភាពអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ននោះទេ

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:៥៩

(បាត់ដំបង)៖ ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអះអាងថា ប្រសិនបើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុតពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ។សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺមិនទាន់មានទេ [ដាក់ប្រទេសក្នុងគ្រាមានអាសន្ន] ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះ (COVID-19) ជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ»។ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ តាមតួលេខដែលសម្ដេចទទួលបានពី អគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនេះ បានប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានចំនួនប្រមាណ២១,០០០នាក់។បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករ ដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីត១៩ នៅអេស៉្បាញកើនលើសប្រទេសចិន

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:០៦

អេស្បាញបានពុះពារជាខ្លាំងដើម្បីរកដោះស្រាយនៅថ្ងៃពុធ ជាមួយនឹងវិបត្ដិនៃការឆ្លងវីរុសកូរ៉ូណាដែលអ្នកស្លាប់កើនឡើង លើសពីប្រទេសចិន ជាមួយនឹងចំនួនមនុស្ស ៧៣៨ នាក់បានបាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃ ហើយរដ្ឋមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ទីបីមួយរូបត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសនេះ។ជាមួយនឹងចំនួនអ្នកស្លាប់ ៣.៤៣៤ នាក់ឥឡូវនេះ ប្រទេសអេស្បាញមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ២ នៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសអ៊ីតាលីដែលមានចំនួន ៦.៨២០ នាក់។ ផ្ទះគិលានុបដ្ឋាយិកានៅទូទាំងប្រទេសត្រូវបានរីកដូចផ្សិតយ៉ាងខ្លាំង ហើយកន្លែងជិះស្គីលើទឹកកកនៅទីក្រុងម៉ាឌ្រីតត្រូវបានប្រែក្លាយជាទីបញ្ចុះសពបណ្តោះអាសន្ន។រាជរដ្ឋាភិបាលបានបញ្ជាឱ្យប្រជាជនស៊ូទ្រាំនៅក្នុងផ្ទះរបស់ពួកគេរយៈពេលយូរសិន ដើម្បីទប់ស្កាត់មេរោគរាតត្បាតមួយនេះ ចាប់តាំងពីការប្រកាសអាសន្នបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមីនា៕

សម្តេចតេជោ ហ៊ុន សែន៖ ទឹកប្រាក់ពីការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ប្រយុទ្ធនឹងកូវីដ១៩ មានចំនួនជិត៩លានដុល្លារហើយ

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៦:៣៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ការឧបត្ថម្ភរបស់សប្បុរសជននានា សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ មានទឹកប្រាក់ជិត ៩លានដុល្លារអាមេរិកហើយ។ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤០០នាក់។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួន សម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ចំពោះការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនផងដែរ ហើយសម្តេចចាត់ទុកថា នេះគឺជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នាទៅវិញទៅមក។ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនេះ ទួលព្រះបង្គំខ្ញុំ តាងនាមឲ្យរាជរដ្ឋាភិបាល សូមអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចព្រះវរៈមាតាជាតិខ្មែរ សម្តេចម៉ែ ដែលព្រះអង្គបានចូលរួមវិភាគទាន ដោយចាប់ផ្តើមមុនគេ នៃការប្រទានជំនួយសប្បុរសនេះ។ ចេញពីព្រះមហាក្សត្រ និងចេញពីសម្តេចម៉ែរបស់យើង ព្រះមហាក្សត្រ ១០ម៉ឺនដុល្លារ សម្តេចម៉ែ ២០ម៉ឺនដុល្លារ បន្ទាប់ទៅសប្បុរសជន ក៏បានចាប់ផ្តើមចូលរួម ដែលមកដល់ពេលនេះ ថវិកាដែលបានចូលរួមរបស់សប្បុរសជន បានប្រមាណជិត ៩លានដុល្លារ»។

សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងដកហូតម៉ាស់ពីឱសថស្ថានណា ដែលលក់ក្នុងតម្លៃហួសហេតុ

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៤:៤២

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានប្រើកណ្ដាប់ដៃដែក បិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បីឲ្យរៀងចាលដែលចំណុចនេះសម្ដេចកំពុងសិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយកតែម្ដង ដាក់បញ្ជារឹបអូសតែម្ដង។ កុំឲ្យវាយកស៉ីតទៅទៀត ហើយបិទឱសថស្ថានចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែលរដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើកនេះបិទមិនឲ្យអ្នកឯងរកស៉ី មិនត្រឹមតែដកម៉ាស់ទេ បិទមិនឲ្យរកស៉ីមួយជីវិតដើម្បីឲ្យរាងចាល»។ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា ដោយសារណែនាំទៅម្ចាស់ទីតាំងមិនស្ដាប់ ទើបប្រើចំណាត់ការនេះ។