trollkhmer news

សង្គមនិងជីវិត

ចំនួនអ្នកឆ្លង COVID-19 លើពិភពលោកកើនដល់ជាង ១២.៣លាននាក់ ស្លាប់ជិត ៥៦ម៉ឺននាក់ និងជាសះស្បើយជាង ៧.១លាននាក់

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៨:៤៩

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៣៧៧,៥៤៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៥៦,៦៦៩នាក់ និងជាសះស្បើយឡើងវិញ ៧,១៨១,០៩៧នាក់។យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២១៩,៧៨០នាក់ ស្លាប់ចំនួន ១៣៥,៩១៥នាក់ និងជាសះស្បើយចំនួន ១,៤២៦,១៧០នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៧៥៩,១០៣នាក់ ស្លាប់ចំនួន ៦៩,២៥៤នាក់ និងជាសះស្បើយ ១,១៥២,៤៦៧នាក់។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៧៩៤,៨៥៥នាក់ ស្លាប់ ២១,៦២៣នាក់ និងជាសះស្បើយ ៤៩៥,៩៦០នាក់៕

ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហា

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៥:៣៤

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងអប់រំនឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ។លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។លោក រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖* គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាព សិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។* គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី÷ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។* គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។* គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស* គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។* ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។អ្នកនាំពាក្យរូបនេះបន្ថែមថា ផ្អែកតាមបទពិសោធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕

ទីក្រុងតូក្យូ រាយការណ៍ការឆ្លងថ្មីចំនួន ២២៤ ករណីសម្រាប់ថ្ងៃកន្លងមក

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:១៥

ទីក្រុងតូក្យូ បានរាយការណ៍អំពីការឆ្លងថ្មីចំនួន ២២៤ ករណីសម្រាប់ថ្ងៃកន្លងមកគឺខ្ពស់ជាងការឆ្លងកាលពីថ្ងៃទី ១៧ ខែមេសា ចំនួន ២០៦ ករណី។ការឆ្លងប្រចាំថ្ងៃមានការកើនឡើងខ្ពស់ឥតឈប់ឈរក្នុងរយៈពេល ៧ ថ្ងៃកន្លងមក ប៉ុន្តែក្រុមមន្រ្តីបានអះអាងថាមិនមានស្ថានភាពអាសន្នថ្មីណាមួយដែលចាំបាច់ទេ។ប្រទេសនេះបានប្រកាសភាពអាសន្នរបស់ខ្លួននាពេលថ្មីៗនេះ ហើយនៅទូទាំងការឆ្លងរោគនិងអត្រាមរណភាពមានកំរិតទាប៕

កូនរដូវប្រាំង នឹងកើតឡើងនៅពាក់កណ្តាលខែកក្កដានេះ ធ្វើឲ្យបរិមាណទឹកភ្លៀងធ្លាក់មានការថយចុះ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១២:៤៧

(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ (កូនរដូវប្រាំង) ដោយបញ្ជាក់ថា កូនរដូវប្រាំងនឹងកើតឡើងនៅពាក់កណ្តាលខែកក្កដានេះ ធ្វើឲ្យបរិមាណទឹកភ្លៀងធ្លាក់ចុះ។សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែ) សម្ពាធខ្ពស់ បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។លក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេស ហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ៕

អាមេរិក បំបែកកំណត់ត្រាថ្មីមានអ្នកឆ្លង COVID-19 ច្រើនបំផុតជាង ៦ម៉ឺននាក់ក្នុង ១ថ្ងៃ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៩:៥២

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបំបែកកំណត់ត្រាថ្មីមួយទៀត នោះគឺការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជាង ៦០,០០០នាក់ នៅក្នុងពេលតែមួយថ្ងៃដែលជាអត្រាឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមកឡើយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃពុធសប្តាហ៍នេះ។ការផ្ទុះចំនួនអ្នកឆ្លងកើនឡើងវិញ និងត្រូវបានចាត់ទុករួចទៅហើយថា ជាការផ្ទុះជំងឺ COVID-19 រលកទី ២ នៅអាមេរិកពេលនេះ ត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកទ្វាររដ្ឋនានាឡើងវិញលឿនពេក និងជាពិសេសនោះគឺបាតុកម្មផ្ទុះស្ទើរទូទាំងប្រទេស ចាប់តាំងពីចុងខែឧសភា។ នៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំងជាង ៦០,០០០នាក់ខាងលើនេះ គឺជិត ១០,០០០នាក់នៅរដ្ឋផ្លូរីដា, ជាង ៩,៥០០នាក់នៅរដ្ឋតិចសាស់ និងជាង ៨,៥០០នាក់នៅរដ្ឋកាលីហ្វ័រញ៉ា។ ដោយឡែកសម្រាប់អ្នកស្លាប់វិញ ក៏ត្រូវបានរាយការណ៍ថាមានជាង ៩០០នាក់ទៀតផងដែរ នៅក្នុងរយៈពេលមួយថ្ងៃដូចគ្នា។គួរបញ្ជាក់ថា គិតតាមតួលេខចុងក្រោយ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.១លានករណី ក្នុងនោះស្លាប់ជាង ១៣.៤ម៉ឺននាក់ និងជាសះស្បើយឡើងវិញជិត ១.៤លាននាក់៕

EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួនចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្កដា ដើម្បីអនុវត្តការងារជួសជុលដំឡើងបរិក្ខារ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៨:៤០

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕

ឥណ្ឌា រកឃើញអ្នកឆ្លង COVID-19 ជាង ២២,០០០នាក់ក្នុងមួយថ្ងៃ

ថ្ងៃទី ០៨ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៥:៣០

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌាបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែកក្កដាឆ្នាំ២០២០។បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសខាងត្បូងមួយនេះបានកើនដល់ ៧៤២,៤១៧ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២០,៦៤២នាក់ស្លាប់បាត់បង់ជីវិត និង ៤៥៦,៨៣១នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៦៤,៩៤៤នាក់។គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក និងលេខ ១ ប្រចាំទ្វីបអាស៊ី (ទាំងករណីឆ្លងសរុប និងអត្រាឆ្លងប្រចាំថ្ងៃ) បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ី កាលពីថ្ងៃចន្ទកន្លងទៅនេះ។ ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាលបន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គនាយកផ្នែកអាកាសចរណ៍ស៊ីវិលឥណ្ឌាបានប្រកាសថា ការហោះហើរអន្តរជាតិចូល និងចេញពីប្រទេសឥណ្ឌា នឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕

ជប៉ុន បង្កើនកម្រិតប្រកាសអាសន្ន ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់

ថ្ងៃទី ០៨ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១២:៤៧

(តូក្យូ)៖ អាជ្ញាធរជប៉ុននៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ចេញកម្រិតប្រកាសអាសន្នថ្មី អំពីគ្រោះទឹកជំនន់ និងរអិលបាក់ដី ខណៈដែលព្យុះភ្លៀងបាននិងកំពុងបន្តបោកបក់ ដល់ភាគកណ្តាលនៃប្រទេស និងចំនួនមនុស្សស្លាប់បានកើនដល់ ៥៤នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ព្យុះភ្លៀងបានបោកបក់យ៉ាងខ្លាំង ទៅលើកោះគ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេស ដែលបានធ្វើឲ្យទឹកទន្លេហៀរបាក់ច្រាំង និងជម្រាលភ្នំត្រូវទឹកហូរច្រោះដ៏គួរឲ្យរន្ធត់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ៥៤នាក់បានស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ទៀត ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។ដោយសារតែព្យុះទឹកភ្លៀងនៅពេលនេះ កំពុងឆ្ពោះទៅភាគខាងជើងប្រទេស ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA នៅព្រឹកថ្ងៃពុធនេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតរបស់ខ្លួន សម្រាប់តំបន់ ជីហ្វូ (Gifu) និងណាហ្គាណុ (Nagano) ដែលស្ថិតនៅចំកណ្តាលប្រទេសជប៉ុន។ មន្ត្រីរបស់ JMA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភ្លៀងធ្លាក់នៅក្នុងតំបន់ទាំងនេះ គឺស្ថិតក្នុងកម្រិតមួយ ដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមកឡើយ... វាជាស្ថានភាពមួយ ដែលយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថិភាព ដើម្បីការពារអាយុជីវិតប្រជាជន»។នៅចំពោះស្ថានការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនបានដាក់ពង្រាយ ក្រុមអ្នកជួយសង្រ្គោះប្រមាណ ៨០,០០០នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។ កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនស៊ូ អាបេ (Shinzo Abe) បានសន្យាថា នឹងបង្កើនចំនួនកងទ័ព ដែលត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែង ជួយសង្រោះខាងលើនេះឲ្យដល់ ២០,០០០នាក់។គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុនកំពុងស្ថិតនៅក្នុងរដូវភ្លៀង ដែលតែងតែបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ជាញឹកញប់ ដោយកាលពីឆ្នាំ២០១៨ មនុស្សច្រើនជាង ២០០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសដូចគ្នានេះ៕

ប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ឆ្លង COVID-19

ថ្ងៃទី ០៨ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១០:៣៥

(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកត្រូវបានគេ រាយការណ៍ថាមានរោគសញ្ញាគួរសង្ស័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC កាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។លោក Bolsonaro ដែលចាត់ទុកថា COVID-19 គឺជាជំងឺផ្ដាសាយកំប៉ិកកំប៉ុក បានប្រាប់អ្នកសារព័ត៌មានថា លោកចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនតាំងតែ ពីថ្ងៃអាទិត្យមកម្លេះ។ បន្ថែមពីលើនេះប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បានអះអាងដែរថា លោកកំពុងលេបថ្នាំ hydroxychloroquine ដើម្បីព្យាបាល COVID-19 ប៉ុន្តែក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក WHO សុទ្ធតែធ្លាប់បានព្រមានពីហានិភ័យដល់អាយុជីវិត នៃការប្រើប្រាស់ថ្នាំនេះ។គួរជម្រាបថា លោក Bolsonaro កាលពីថ្ងៃចន្ទម្សិលមិញ បានប្រាប់ក្រុមអ្នកគាំទ្រ នៅខាងក្រៅវិមានប្រធានាធិបតីថា លោកបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងទទួលការធ្វើតេស្ដរក COVID-19 ហើយលទ្ធផលពិនិត្យតាមកាំរស្មីអិចបញ្ជាក់ថា សួតរបស់លោកមានសភាពប្រក្រតី និងត្រូវរង់ចាំលទ្ធផលផ្លូវការ ពីការធ្វើតេស្ដ COVID-19 កាលពីថ្ងៃអង្គារ។ បើតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប្រេស៊ីលបានករណីឆ្លង COVID-19 ច្រើនជាង ១.៦លាននាក់ ក្នុងនោះស្លាប់ ៦៥,០០០នាក់។ ប្រេស៊ីលបច្ចុប្បន្ន នៅតែជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕