trollkhmer news

សង្គមនិងជីវិត

សេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ មានសីតុណ្ហភាពអប្បបរមាពី២០-២៥អង្សាសេ

ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:៤៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយបញ្ជាក់ថា អាកាសធាតុអប្បបរមាមានពី២០-២៥អង្សាសេ និងអតិបរមាមានពី២៨-៣២អង្សាសេ។យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប់បន្ត សង្កេតឃើញថា ជ្រលងសម្ពោធខ្ពស់បាន និងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមួយសប្តាហ៍ទៅមុខនេះ៖

មន្រ្តីការទូតជាន់ខ្ពស់ចិននិយាយថា សហរដ្ឋអាមេរិកបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជំនឿចិត្តរវាងប្រទេសទាំងពីរ

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៥:០៩

មន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាងយី បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ជំនឿចិត្តរវាងប្រទេសទាំងពីរ ដោយបានរិះគន់ទីក្រុងប៉េកាំងជុំវិញបញ្ហាហុងកុង និងការប្រព្រឹត្តលើជនជាតិអ៊ីស្លាមអ៊ូហ្គួរ។ទីប្រឹក្សារដ្ឋ លោកវ៉ាង បាននិយាយថា៖ “កាយវិការនេះ ពិតជាកម្រនៅក្នុងទំនាក់ទំនងអន្តរជាតិដែលធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជំនឿចិត្តរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងធ្វើឱ្យភាពជឿជាក់ជាអន្តរជាតិរបស់សហរដ្ឋអាមេរិកចុះខ្សោយ” ។ លោកវ៉ាងដែលជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានបន្តថា មានបញ្ហាដែលត្រូវដោះស្រាយរវាងភាគីទាំងពីរដែលជាបញ្ហាកំពុងនាំឱ្យមានការប្រឈមកាន់តែខ្លាំងឡើងទៅអនាគតនៃទំនាក់ទំនង។គួររម្លឹកថា ភាពតានតឹងទ្វេភាគីលើបញ្ហានានាដូចជាបាតុកម្មនៅហុងកុង និងក្រុងប៉េកាំងស្តីពីជនជាតិភាគតិចមូស្លីមអ៊ូហ្គួរបានផ្ទុះឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ស្របពេលប្រទេសទាំងពីរបានព្យាយាមដោះស្រាយបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។ យ៉ាងណាក៏ដោយ ថ្មីៗនេះសហរដ្ឋអាមេរិកបានដាក់ចេញនូវច្បាប់មួយចំនួនដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗ របស់ចិនដែលបានរំលោភសិទ្ធិមនុស្សនៅហុងកុង និងស៊ីនជាំង។ រដ្ឋាភិបាលក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះច្បាប់ទាំងនោះដែលខ្លួនចាត់ទុកថា ជាការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕

ឃាតកម្មសម្លាប់ស្រ្តីម្នាក់នៅក្នុងចំការ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កម្លាំងនគរបាលកំពុងបើកការស្រាវជ្រាវ តាមចាប់ជនដៃដល់

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៤:១៦

ក្រចេះ៖ សពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចំការ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នៅចំណុចវាលក្បូន ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសមត្ថកិច្ចសង្ស័យបឋមថា ជាករណីឃាតកម្ម។លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ការសន្និដ្ឋានបឋម គឺជាករណីឃាតកម្មសម្លាប់ ហើយហេតុការណ៍នេះប្រហែលកើតឡើងនៅរសៀលម្សិលមិញ តែទើបត្រូវបានគេប្រទះឃើញនៅព្រឹនេះ។ ស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ ៣៩ឆ្នាំ មានប្ដីមានកូនម្នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។អធិការរូបនោះបន្តទៀតថា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ឪពុកខ្លួន ប៊ុន ផេង ទៅដឹកអុសឡ ខណៈម្តាយដឹកគោទៅក្រោយផ្ទះ តែមិនឃើញត្រឡប់មកវិញ ក៏ចាប់អារមណ៍រហូតដល់ម៉ោងប្រហែល ៦ល្ងាច រួចនាំគ្នាដើរកតែរកមិនឃើញ លុះដល់ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ ក៏ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា ១៥០ម៉ែត្រ។លោកបន្តទៀតថា តាមការពិនិត្យសាកសព ឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។ ក្រោយពីការពិនិត្យពីរមន្រ្តីជំនាញបានប្រគល់សពស្រ្តីរងគ្រោះ ឲ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។នៅពេលនេះកម្លាំងនគរបាល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បាននិងកំពុងបើកការស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់៕

ប្រទះឃើញគ្រោងឆ្អឹងសពមនុស្សម្នាក់នៅស្រុកខ្សាច់កណ្ដាល នគរបាលកំពុងស្រាវជ្រាវរកសាច់ញាតិ

ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១១:១៥

កណ្ដាល៖ សាកសពមនុស្សម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ជូនសមត្ថកិច្ច នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ដើម្បីស្វែងរកអត្តសញ្ញាណសព និងស្រាវជ្រាវរកសាច់ញាតិសពផងដែរ។ករណីប្រទះគ្រោងឆ្អឹងសាកសពមនុស្សនេះ កើតឡើងនៅចំណុចមាត់បឹងត្បូង ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។នគរបាលបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥៖០០នាទី ប្រជាពលរដ្ឋមិនស្គាល់ ឈ្មោះបាន ទៅរកខ្យងនៅបឹងត្បូង ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ហើយបានប្រទះឃើញគ្រោងឆ្អឹងសាកសព មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ ទើជាប់នៅព្រៃរបោះ មាត់បឹងត្បូង។ បន្ទាប់មកខ្លួនក៏បានទៅប្រាប់ឈ្មោះ ធន ធុច ភេទប្រុស ដែលកំពុងតែបូមទឹកដាក់ ស្រែនៅជិតនោះ។ បន្ទាប់មកឈ្មោះធន ធុច បាន រាយការណ៍ជូនសមត្ថកិច្ច។ករណីនេះ សមត្ថកិច្ចថ្នាក់ខេត្ត បានចុះសហការត្រួតពិនិត្យសាកសព និងស្វែងរកអត្តសញ្ញាណសាកសព ជនរងគ្រោះ និងស្រាវជ្រាវរកសាច់ញាតិសពផងដែរ៕

EDC ផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង រយៈពេល ៤ថ្ងៃ

ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០៩:៤៧

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

សពនារីវ័យក្មេងម្នាក់ដែលគិតខ្លីលោតទឹកសម្លាប់ខ្លួនពីលើស្ពានដែកខេត្តពោធិ៍សាត់ដោយសារឈ្លោះជាមួយសង្សារ ត្រូវបានរកឃើញ

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៣:៤៤

ពោធិ៍សាត់៖ ក្រោយលោតទឹកសម្លាប់ខ្លួន ២យប់ និង៣ថ្ងៃ សពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់ ខាងក្រោយសណ្ឋាគាររីវើសាយ ត្រើយខាងកើត ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឈ្មោះ ហេង ស្រីពេជ្រ ហៅហ្សា អាយុ ២៩ឆ្នាំ មុខរបរនារីធ្វើការនៅ «KTV ដាលីង» បច្ចុប្បន្នស្នាក់នៅ និងជួលបន្ទប់ជិតស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។សេចក្ដីរាយការណ៍បន្ថែមថា នារីរងគ្រោះ ស្លៀកអាវ និងខោខោប៊យ ពណ៌ទឹកប៊ិច ហើយត្រូវបានអ្នកស្នាក់នៅបន្ទប់ជួលជាប់គ្នា សង្ស័យមកពីមានជម្លោះជាមួយសង្សាព្រោះកាលពីថ្មីៗនេះ សង្សារនារីរងគ្រោះតែងតែវាយធ្វើបាប រហូតដល់នាងលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយតែមិនស្លាប់។បច្ចុប្បន្ននគរបាលមូលដ្ឋាន បាននឹងកំពុងស្វាត់ស្វែង ស្រង់សាកសពមក ធ្វើកោសល្យវិច្ច័យ និងរៀបចំធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានប្រជាពលរដ្ឋ បានប្រទះឃើញនារីវ័យក្មេងម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានដែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ អូសមងស្វែងរកដែរ តែរកមិនឃើញ ទើបតែព្រឹកព្រលឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រទះឃើញសាកសពអណ្តែតហើម មានសភាពស្អុយរលួយ រ៉បមាត់ស្ទឹងពោធិ៍សាត់ ជាប់ទូកដ ខាងក្រោយសណ្ឋាគាររីវើសាយ៕

ទីបំផុតអ្នកស្រាវជ្រាវបង្ហាញពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ហើយ គឺស្ថិតក្នុងទម្រង់លើកដៃ «ប្រណម្យត្រឹមដើមទ្រូង»

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:៤២

សៀមរាប៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋាន របស់មតិនីមួយៗនៅឡើយ។ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា រវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់ និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ធ្នូ នៅខេត្តកំពត

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:១៨

ភ្នំពេញ៖ ខណៈពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត កំពុងខិតជិតមកដល់ជាបណ្ដើរៗនោះ ក្រសួងទេសចរណ៍ បានបង្ហាញវីដេអូខ្លីមួយផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរនានាឱ្យបានដឹង និងអំពាវនាវឱ្យចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះឱ្យបានច្រើនកុះករ។សូមជម្រាបថា ពិធីបុណ្យសមុទ្រឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩៕

ស្លាប់២នាក់ និងទ្រព្យសម្បត្តិមួយចំនួនរងការខូចខាត ក្នុងករណីអគ្គិភ័យឆេះចំណតរថយន្តសណ្ឋាគារឈូកទិព្វ (មានវីដេអូ)

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០៩:៥៧

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និងទ្រព្យសម្បត្តិមួយចំនួនទៀតរងការខូចខាត ក្នុងករណីអគ្គិភ័យឆេះ នៅចំណតរថយន្តអគារឈូកទិព្វ នៅវេលាម៉ោង ៣៖២៥នាទីយប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្វជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាញ់ទឹក កុំឲ្យមានការឆាបឆេះរាលដាល ជាបន្តបន្ទាប់ទៀត។ មិនយូរប៉ុន្មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ស្រាប់តែប្រទះឃើញសពមនុស្សពីរនាក់ដេកឱបគ្នាស្លាប់ យ៉ាងអាណោចអាធ័ម។សូមបញ្ជាក់ផងដែរថា អគ្គិភ័យដែលបានឆេះនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់ការឆេះមិនឲ្យរាលដាលទៅកន្លែងផ្សេងទៀត។សពរបស់ជនរងគ្រោះទាំងពីរ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរ ដើម្បីស្វែងរកអត្តសញ្ញាណ និងទាក់ទងទៅក្រុមគ្រួសារ ឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកទំហំនៃការខូចខាត សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយនោះទេ រង់ចាំស្រាវជ្រាវលម្អិត៕សូមទស្សនាវីដេអូខាងក្រោមនេះ៖