trollkhmer news

សង្គមនិងជីវិត

ឃាតកម្ម! បុរសម្នាក់ត្រូវប្រពន្ធ និងម្ដាយក្មេកព្រួតគ្នាចាក់សម្លាប់ ព្រោះទំនាស់ពាក្យសម្ដីក្នុងគ្រួសារ

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៥៦

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រពន្ធ និងម្ដាយក្មេកព្រួតគ្នាកាប់ និងចាក់បណ្ដាលឲ្យស្លាប់ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រោះទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ហើយខឹងជនរងគ្រោះជាអ្នកផ្ដើមប្រើប្រាស់អំពើហិង្សាមុន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ម្ដាយកូន ជនសង្ស័យទី១៖ ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី២៖ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ (ប្រពន្ធអ្នកស្លាប់) មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលកើតហេតុ។បើតាមលោកអធិការ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំ ចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិត្តប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់ជាមួយគ្នាជាញឹកញ៉ាប់។នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន (ជនសង្ស័យឈ្មោះ គង់ ធីតា) ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១០,០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់ជាមួយគ្នាតែម្តង។បន្ទាប់មកជនរងគ្រោះ បានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ (ជនសង្ស័យ គឹម ធីតា) ជួយហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើងស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។ទើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

សហរដ្ឋអាមេរិក បញ្ជូនកងទ័ពបន្ថែមចំនួន ១៥០០០នាក់ ទៅកាន់មជ្ឈឹមបូព៌ា

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:១១

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសពង្រាយកងទ័ពចំនួន ១៥០០០នាក់ទៀត ទៅកាន់មជ្ឈឹមបូព៌ា ដោយបានហៅការសម្រេចចិត្តនេះថា ជាកិច្ចប្រឹងប្រែង ដើម្បីការពារខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ខណៈបានចោទប្រកាន់ឆ្មាំបដិវត្តន៍របស់ប្រទេសនេះថា បានពាកព័ន្ធដោយផ្ទាល់ចំពោះការវាយប្រហារទៅលើនាវាដឹកប្រេង នៅខែនេះ។វិធានការនេះ គឺជាវិធានការថ្មីបំផុតដោយរដ្ឋអំណាច លោក Trump ស្របពេល ខ្លួនមើលឃើញថា មានការគំរាមកំហែងវាយប្រហារដោយអ៊ីរ៉ង់ ហើយបានពន្លឿនការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ ក៏ដូចជាបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងកាំជ្រួច Patriot បន្ថែមទៅមជ្ឈឹមបូព៌ា។ការដាក់ពង្រាយនេះ ធ្វើឡើងចំពេលមានទំនាក់ទំនងមិនល្អរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើននូវការព្រួយបារម្ភអំពីការកើនឡើងហានិភ័យនៃជម្លោះ។ ទោះយ៉ាងណាក៏ដោយ លោកTrump បានពិពណ៌នាការដាក់ពង្រាយកងទ័ពនេះថា គ្រាន់តែជាការការពារខ្លួន៕ 

ក្រសួងធនធានទឹក៖ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:១៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ទន្ទឹមនឹងនេះ ក៏អាចមានតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសរាជធានីភ្នំពេញ និងបណ្តាខេត្តដែលស្ថិតនៅភាគខាងក្រោមប្រទេស។ ចំពោះសីតុណ្ហភាពអតិបរិមាជាមធ្យម ស្ថិតក្នុងចន្លោះពី៣៣-៣៥ អង្សាសេ ខណៈបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តការគំរាមកំហែងដដែល៕

ជ្រូកវៀតណាមនៅតែបន្តហូរចូលទីផ្សារកម្ពុជា, រថយន្តដឹកជ្រូក ៣៧ក្បាល នាំចូលពីវៀតណាមតាមច្រករបៀង ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវមន្រ្តីចុះបង្ក្រាប

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៨

ស្វាយរៀង៖ ទោះបីមន្ត្រីជំនាញខិតខំបង្ក្រាបការនាំចូលសត្វជ្រូករស់ សាច់ជ្រូកពីប្រទេសជិតខាងយ៉ាងណា ក៏ឈ្មួញខិលខូច នៅតែឆ្លៀតឱកាសលួចនាំចូលតាមច្រករបៀងមួយចំនួន នៃខេត្តស្វាយរៀង។ជាក់ស្តែង នៅរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអគ្គនាយកដ្ឋាន សហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានស្ទាក់ចាប់រថយន្តមួយគ្រឿងទៀត ដែលបានលួចដឹកជ្រូកចូលដោយខុសច្បាប់។ប្រតិបត្តិការចុះបង្ក្រាបនេះ ចាប់បានរថយន្តដឹកជ្រូក ១គ្រឿងដែលមានដឹកជ្រូក ៣៧ក្បាល នៅចំណុចវត្តស្វាយរំពារ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលដឹកចេញពីច្រកចំការអំពៅ ភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ឆ្ពោះទៅកាន់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។បើតាមមន្ត្រីពេទ្យសត្វ បានបញ្ជាក់ថា បទល្មើស និងវត្ថុតាងទាំងនោះ បានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់។សូមបញ្ជាក់ថា ទាក់ទិននឹងករណីលួចនាំជ្រូកចូលនេះ លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានមន្ត្រីដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឱ្យទប់ស្កាត់ឲ្យខាងតែបាន ហើយបើក្នុងការបង្ក្រាប ការនាំចូលសត្វជ្រូករស់ក៏ដូចជាសាច់ជ្រូក ឃើញថា ច្រកណាមួយហ៊ានអនុញ្ញាតឱ្យសត្វជ្រូកចូល ត្រូវតែសម្រេចចិត្តដកចោល ( វះកាត់) ព្រោះនេះគឺជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

ប្រជាជនចិននាំគ្នាបោក Iphone កម្ទេចចោល បន្ទាប់ពីHuawei ត្រូវអាមេរិកធ្វើបាប

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:៣៨

ចិន៖ យោងតាមវីដេអូមួយដែលបង្ហោះដោយទំព័រហ្វេសប៊ុកបរទេសឈ្មោះ Shahmir ប្រជាជនចិននាំគ្នាបោកទូរសព្ទ iPhone របស់ខ្លួនចោល ដើម្បីបង្ហាញពីជាតិនិយម គាំទ្រក្រុមហ៊ុនយក្សចិន Huawei ដែលត្រូវក្រុមហ៊ុនអាមេរិកធំៗឈប់រកស៊ីជាមួយ។ ក្រោយ Huawei ត្រូវក្រុមហ៊ុនអាមេរិកដូចជា Google, Qualcom និង Intel ជាដើម បានផ្អាកការផ្គត់ផ្គង់សេវាកម្ម និងផលិតផលឈីបរបស់ខ្លួន ដល់ក្រុមហ៊ុន Huawei ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រជាជនចិនហាក់ខឹង សម្បារនឹងផលិតផលអាមេរិកពិសេស iPhone របស់ Apple ដែលកំពុងមានវត្តមាននៅទីផ្សារចិន រហូតដល់នាំគ្នាបោកចោល។ក្រៅពីនេះ បណ្តាក្រុមហ៊ុនចិនមួយចំនួន បានហាមឃាត់បុគ្គលិករបស់ខ្លួនមិនឲ្យទិញ iPhone ប្រើ ហើយបើឃើញអ្នកណាប្រើ iPhone នឹងមិនឱ្យលុយថែមម៉ោង និងប្រាក់រង្វាន់ដាច់ខាត។ សម្រាប់អ្នកទិញ Huawei មកប្រើនឹងត្រូវផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម៕

អ៊ីរ៉ង់និយាយថា ខ្លួននឹងមិនចុះញ៉មអាមេរិកដាច់ខាត ទោះបីជាត្រូវទម្លាក់គ្រាប់បែកក៏ដោយ

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៥៩

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងមិនចុះចាញ់ការគាបសង្កត់របស់សហរដ្ឋអាមេរិកឡើយ ហើយនឹងមិនបោះបង់ចោលគោលដៅរបស់ខ្លួន ទោះបីជាត្រូវទម្លាក់គ្រាប់បែកក៏ដោយ។យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា ការប្រឈមមុខគ្នារវាងក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោនគឺជា "សង្គ្រាមឆន្ទៈ" ដោយព្រមានថា "ការសាកល្បងណាមួយ" របស់សត្រូវ នឹងត្រូវឆ្លើយតប។ ភាពតានតឹងកំពុងតែកើតមានឡើងរវាងប្រទេសទាំងពីរ បន្ទាប់ពីវ៉ាស៊ីងតោនបានបញ្ជូនកងកម្លាំងយោធាបន្ថែមទៀតទៅមជ្ឈឹមបូព៌ា ដើម្បីតទល់នឹងអ្វីដែលអាមេរិកហៅថា ការគំរាមកំហែងចំពោះកងទ័ព និងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់។គួររម្លឹកថា បន្ទាប់ពីដកចេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ទណ្ឌកម្មជាសារជាថ្មីទៅលើអ៊ីរ៉ង់កាលពីឆ្នាំមុន និងរឹតបន្តឹងបន្ថែមនៅខែនេះ ដោយបញ្ជាឱ្យប្រទេសទាំងអស់បញ្ឈប់ការនាំចូលប្រេងរបស់អ៊ីរ៉ង់ ឬដាក់ទណ្ឌកម្មដោយផ្ទាល់៕

លោក Trump ចាប់ Huawei ជាចំណាប់ខ្មាំង ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន?

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤១

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ក្រុមហ៊ុន Huawei អាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ទោះបីជាលោកបាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ "បង្កគ្រោះថ្នាក់ខ្លាំង" ក៏ដោយ។សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន កាន់តែមានភាពតានតឹងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងការដំឡើងពន្ធ និងការគំរាមចាត់វិធានការណ៍បន្ថែម។ ក្រុងវ៉ាស៊ីនតោនក៏បានកំណត់គោលដៅក្រុមហ៊ុន Huawei ផងដែរ ដោយដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម។សហរដ្ឋអាមេរិកបាននិយាយថា ក្រុមហ៊ុន Huawei អាចបង្កឱ្យមានហានិភ័យសន្តិសុខជាតិ ខណៈក្រុងប៉េកាំងបានចោទប្រកាន់អាមេរិកថា "សម្លុតគំរាមក្រុមហ៊ុនរបស់ខ្លួន"។ លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា "ក្រុមហ៊ុន Huawei គឺក្រុមហ៊ុនដែលគ្រោះថ្នាក់បំផុត"។ ប៉ុន្តែលោកបាននិយាយថា "អាចទៅរួច" ដែលក្រុមហ៊ុននេះអាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។ គួររម្លឹកថា កាលពីសប្ដាហ៍មុន រដ្ឋបាលលោក Trump បានដាក់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទីពីររបស់ពិភពលោកទៅក្នុងបញ្ជី "បញ្ជីខ្មៅ" ដោយហាមឃាត់ក្រុមហ៊ុននេះមិនឱ្យទទួលយកបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកដោយគ្មានការយល់ព្រមពីរដ្ឋាភិបាល៕

ជនជាតិចិនពីរក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើល ខណ្ឌបឹងកេងកង ទាំងកណ្តាលយប់

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:០៩

ភ្នំពេញ៖ ជនជាតិចិនពីរក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើល ខណ្ឌបឹងកេងកងទាំងកណ្តាលយប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៩៥ស្ថិត ក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បើកបរដោយជនជាតិមួយក្រុម ធ្វើដំណើរតាមបណ្ដោយផ្លូវ៩៥ក្នុង ល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2AQ-3376 ដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចចំជំហៀងខាងឆ្វេង បណ្ដាលឲ្យ រថយន្តរងការខូចខាតយ៉ាងដំណំ។បន្ទាប់ពីរថយន្តទាំងពីរជួបគ្រោះថ្នាក់ចរាចរណ៍ហើយ ភ្លាមៗនោះភាគីរថយន្តទាំងពីរបានចុះពីលើរថយន្តប្រកែកគ្នា រហូតដល់បង្កជាករណី ហិង្សាដេញវាយគ្នាពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

សមត្ថកិច្ចខេត្តតាកែវ ស្ទាក់ចាប់បានចោរលួចរថយន្ត នៅស្រុកត្រាំកក់

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៩

តាកែវ៖ ចោរលួចរថយន្តស្ទើរភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ បានស្ទាក់ចាប់បាន រួមនឹងវត្ថុតាងរថយន្តមួយគ្រឿងនៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហុក រ៉ាវី អាយុ២៨ឆ្នាំ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចខេត្តតាកែវ បានទទួលព័ត៌មាន ពីលោកអធិការនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ថា មានករណីលួចរថយន្តមួយគ្រឿងម៉ាក កាមរីព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y-7042 ស៊េរីឆ្នាំ២០០៤ ពីភ្នំពេញទិសដៅទៅខេត្តតាកែវ ទើបកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញកម្លាំងស្ទាក់ និងដាក់របាំងការពារចាប់បានរថយន្ត និងជនសង្ស័យតែម្ដង។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រថយន្តខាងលើ គឺរូបគេពិតជាបានលួចមកពីការ៉ាស់ឡានថែទាំរថយន្តយីហោ មាតា នៅភ្នំពេញ។ក្រោយទទួលបានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕