trollkhmer news

កីឡា

ខែមេសាខាងមុខនេះ នឹងសម្រេចជោគវាសនាលោក Arsene Wenger ជាមួយកាំភ្លើងធំ Arsenal

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៣:០៦

គ្រូបង្វឹកក្រុមកាភ្លើងធំ Arsenal លោក Arsene Wenger បានប្រាប់អ្នកគាំទ្រទ្រាំសិនយ៉ាងហោចណាស់ត្រឹមខែមេសា ក្រោយចប់រដូវកាលនេះ ដោយលោកនឹងធ្វើការសម្រេចចិត្តថាគួរបន្តនៅដឹកនាំ ឬក៏ត្រូវចាកចេញ។កុងត្រាអ្នកចាត់ការចាស់វស្សាជនជាតិបារាំងនឹងអស់សុពលភាពជាមួយ Arsenal នៅខែឧសភា ខណៈដែលអ្នកគាំទ្រភាគច្រើនចង់ឲ្យរូបលោកចាកចេញពីក្លឹប ព្រោះប៉ុន្មានឆ្នាំចុងក្រោយមកនេះ Arsenal មិនដែលបានឈ្នះពានធំៗបាននោះឡើយ។ លោក Wenger បានឲ្យដឹងទៅកាន់សារព័ត៌មានថា៖ "ខ្ញុំនឹងពិចារណាថាគួរសម្រេចចិត្តបែបណា ខ្ញុំគិតថាថ្នាក់ដឹកនាំរបស់ក្លឹបនៅតែទុកឱកាសឲ្យខ្ញុំ ប៉ុន្តែខ្ញុំនឹងសម្រេចចិត្តក្រោយចប់ខែមេសា"។ លោក Arsene Wenger គឺជាអ្នកចាត់ការដែលកំពុងកាន់តំណែងយូរជាងគេនៅក្របខ័ណ្ឌបាល់ទាត់ពោលគឺ ២០ឆ្នាំ និង៨៣ថ្ងៃ ដោយជួយឲ្យ Arsenal ឈ្នះពានរង្វាន់ Premier League ៣សម័យ, FA Cup ៦សម័យ និង Community Shield ៦សម័យផងដែរ។

បើចិនចង់បាន Wayne Rooney ទាល់តែហ៊ានចាយ ៧០ម៉ឺនផោនក្នុង១សប្តាហ៍

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១២:៤៧

ខ្សែប្រយុទ្ធ Wayne Rooney បានទាមទារប្រាក់នឿយហត់ក្នុង១សប្តាហ៍ ៧០០,០០០ផោន ប្រសិនបើក្លិបនៅលីគចិនណាមួយ ចង់បានកីឡាកររូបគេពីក្លិបបិសាចក្រហម Manchester United។ ក្លិបចិនធំចំនួន២ នៅក្របខ័ណ្ឌ Chinese Super League រួមមាន Guangzhou Evergrande និង Beijing Guoan កំពុងតែតាមប្រមាញ់ប្រធានក្រុមតោកំណាចអង់គ្លេស បន្ទាប់មិនសូវធានាកៅអី១១នាក់ដំបូងក្នុងការប្រកួតលក្ខណជម្រើសជាតិនិងលក្ខណក្លិប។បច្ចុប្បន្ននេះ ក្រុមបិសាចក្រហម Manchester United បានចំណាយប្រាក់ ៣០០,០០០ផោន ឲ្យកីឡាករវ័យ ៣១ឆ្នាំ ក្នុង១សប្តាហ៍ ស្របពេលកុងត្រានៅកីឡដ្ឋាន Old Trafford នឹងត្រូវបញ្ចប់ ២០១៩។ យោងទៅតាមពត៌មានមួយចំនួន Rooney មិនទាន់មានបំណងចាកចេញពីក្រុម Man Utd នៅរដូវកាលនេះឡើយ ដោយរង់ចាំបំបែកកំណត់ត្រារបស់វីរៈបុរសលោក Sir Bobby Charlton ក្នុងរកគ្រាប់បញ្ចូលទីបានច្រើនជាងគេបំផុតនៅក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យ។ 

AC Milan ស្គាល់រសជាតិពាន Supercoppa Italiana ក្រោយខកខានអស់រយៈពេល៥ឆ្នាំ

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១១:០៩

ក្រុម AC Milan អាចស្គាល់រសជាតិពានរង្វាន់ Supercoppa Italiana សារជាថ្មី ក្រោយពីខកខានអស់រយៈពេល៥ឆ្នាំ បន្ទាប់ពីបានទម្លាក់ក្រុមការពារតំណែងជើងឯក Juventus ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី នៅវគ្គផ្តាច់ព្រ័ត។ កម្មវិធីដែលធ្វើឡើងនាទីក្រុងឌូហាប្រទេសកាតា ក្រុមសេះបង្កង់ Juventus គឺជាអ្នកនាំមុខដោយការពែនបាល់បញ្ចូលទីរបស់ខ្សែការពារ, Giorgio Chiellini នៅនាទី ១៨ មុននឹងខ្សែបម្រើអ៊ីតាលី Giacomo Bonaventura តែតបាល់តាមស្មើ នៅនាទី៣៨។ លទ្ធផលស្មើគ្នា (១-១) បានអូសបន្លាយទៅដល់ការកាត់សេចក្តីសម្រេចនូវជោគវាសនារវាងក្រុមអ៊ីតាលីទាំង២ ដោយបាល់ប៉េណាល់ទី បន្ទាប់ពីបន្ថែមម៉ោងអស់ ៣០នាទី គ្មានអ្នករកគ្រាប់បាន។ ទីបំផុតពានរង្វាន់ធំទី៣នៅអ៊ីតាលី បានធ្លាក់ទៅលើដៃក្រុម AC Milan ដោយអាចសម្រេចគ្រាប់បាល់ ៤ក្នុងចំណោម៥គ្រាប់ រីឯ Juventus អាចសម្រេច ៣ គ្រាប់ប៉ុណ្ណោះ។ ពានរង្វាន់ Supercoppa Italiana ជាការប្រកួតរវាងជើងឯកចំនួន២ប្រចាំអ៊ីតាលីគឺ Serie A និង Coppa Italia ដែលបានបង្កើតតាំងពីឆ្នាំ ១៩៨៨ មក ដោយក្រុមដែលគ្រងតំណែងជាម្ចាស់ច្រើនជាងគេ មានតែ  AC Milan និង Juventus ចំនួន៧លើកដូចគ្នា។ 

លោក Sam Allardyce ក្លាយជាគ្រូបង្វឹកថ្មីក្រុមឥន្ទ្រីយ៍ Crystal Palace

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ០៩:០៩

អតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Sam Allardyce បានក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមឥន្ទ្រីយ៍ Crystal Palace ដោយចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ បន្ទាន់ពីក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានសម្រេចចិត្តបណ្តេញគ្រូបង្គោល Alan Pardew ចេញពីតំណែងកាលពីម្សិលមិញ។ ការប្រកួត ១៧ សប្តាហ៍កន្លងមក នាក្របខ័ណ្ឌ Premier League ក្រុម Crystal Palace អាចស្រវាបានជ័យជម្នះតែ៤ដងទេ ដោយបរាជ័យរហូតដល់ ១១ ដង ហើយបច្ចុប្បន្នក្លិបមួយនេះកំពុងឈរនៅលំដាប់លេខ១៧លើតំបន់កាត់ចោលតែ១ថ្នាក់ប៉ុណ្ណោះ ដែលនេះជាលទ្ធផលមិនល្អទាល់តែសោះ។ កាលពីខែមករាឆ្នាំ ២០១៥ អតីតខ្សែបម្រើ Alan Pardew បានក្លាយជាសមាជិកក្រុមឥន្ទ្រីយ៍ Crystal Palace ដោយទទួលបានប្រាក់ឈ្នួល ៣.៥ លានផោនជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ៦ខែ ប៉ុន្តែដោយសារលទ្ធផលមិនគាប់ប្រសើរធ្វើអោយលោកត្រូវចាកចេញមុនការកំណត់។ ដូច្នេះលោក Sam Allardyce គឺអ្នកដឹកនាំបន្តក្រុម Crystal Palace ដោយយោលលើបទពិសោធន៍យ៉ាងជោគជាំនៅពិភពបាល់នៅចក្រភពអង់គ្លេស៕

Cristiano Ronaldo បង្ហោះវីឌីអូដើម្បីលើកទឹកចិត្តដល់កុមារក្នុងប្រទេស Syria​ (មានវីឌីអូ)

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ២១:៣៨

មតិកីឡាករ : មុននេះបន្តិចកីឡាករជួរមុខរបស់ក្រុមបាល់ទាត់យក្សអេស្បាញ Real Madrid គឺ  Cristiano Ronaldo បានបញ្ចេញវីឌីអូមួយដើម្បីលើកទឹកចិត្តដល់កុមារក្នុងប្រទេស Syria ៕សូមស្តាប់វីឌីអូនេះនៅខាងក្រោម ៖

ច្បាស់ការណ៍! Oscar ផ្ទេរទៅ Shanghai SIPG ក្លាយជាកីឡាករថ្លៃដាច់គេលើលោក

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៦:២៥

ខ្សែបម្រើប្រេស៊ីល Oscar នឹងចាកចេញក្រុមតាខៀវ Chelsea ទៅកាន់ក្រុម Shanghai SIPG នៅលីគកំពូលចិនជាមួយតម្លៃខ្លួន ៦០ លានផោន នេះបើយោងទៅតាមគេហទំព័ររបស់ក្រុមទាំង២ខាងបានចេញផ្សាយ។   កាលពី ២០១២ ក្លិបប្រេស៊ីល Internacional បានលក់កីឡាករវ័យឆ្នាំ ២៥ រូបនេះ មកកាន់ក្លិបរបស់មហាសេដ្ឋី Roman Abramovich ក្នុងតម្លៃ១៩.៣៥ លោនផោន ហើយអំឡុងពេលរស់នៅទឹកដី Stamford Bridge រយៈពេល ៤ឆ្នាំកន្លះ Oscar បានជួយឲ្យក្រុមឈ្នះពានរង្វាន់ចំនួន៣គ្រឿង រួមមាន Premier League ១គ្រឿង,  League Cup  ១គ្រឿង និង Europa League ១គ្រឿង។ សមាជិកថ្មីក្រុម  Shanghai SIPG  នឹងទទួលប្រាក់នឿយហត់ ៤០ម៉ឺនផោនក្នុង១សប្តាហ៍ ដែលត្រូវនឹង ១ឆ្នាំ បាន២០.៨លានផោន ហើយបើគិតជាថ្ងៃគឺ ៥៧,១៣៤ ផោន បើគិតម៉ោងគឺ ២,៣៨១ ផោន បើគិតនាទីគឺ ៣៩ ផោន។   តម្លៃដ៏មួយមហាសាលមួយនេះ នឹងអាចធ្វើឲ្យ  Oscar ក្លាយកីឡាករបាល់ទាត់ដែលមានប្រាក់ចំណូលប្រចាំអាទិត្យច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់។Oscar (Shanghai SIPG) ៤០០,០០០ ផោន ក្នុង១សប្តាហ៍ ស្មើ ២០.៨លានផោន ក្នុង១ឆ្នាំCristiano Ronaldo (Real Madrid) ៣៦៥,០០០ ផោន ក្នុង១សប្តាហ៍ ស្មើ ១៩លានផោន ក្នុង១ឆ្នាំ Lionel Messi (Barcelona) ៣៦៥,០០០ ផោន ក្នុង១សប្តាហ៍ ស្មើ ១៩លានផោន ក្នុង១ឆ្នាំ Gareth Bale (Real Madrid) ៣៤៦,០០០ ផោន ក្នុង១សប្តាហ៍ ស្មើ ១៨លានផោន ក្នុង១ឆ្នាំ  Hulk (Shanghai SIPG) ១៣៧,០០០ ផោន ក្នុង១សប្តាហ៍ ស្មើ ១៦.៥លានផោន ក្នុង១ឆ្នាំ

ទីបំផុត! PSG អាចនាំយក Julian Draxler មកទឹកដីបារាំងក្នុងតម្លៃខ្លួន ៣៥ លានអឺរ៉ូ

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៥:៣៨

ក្រុមចាយលុយធំបារាំង Paris Saint Germain បានព្រមព្រៀងជាមួយក្រុមចចកអាល្លឺម៉ង់ VFL Wolfsburg ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Julian Draxler ជាមួយតម្លៃខ្លួន ៣៥ លានអឺរ៉ូ ។ សារពត៌មាន Reuters បានចេញផ្សាយថា កីឡាករវ័យ ២៣ឆ្នាំ បានពិភាក្សាជាមួយអ្នកគ្រប់គ្រងក្លិបបារាំង លោក Patrick Kluivert  រួចរាល់អស់ហើយ ដោយរូបគេនឹងចាកចេញពីប្រទេសអាល្លឺម៉ង់ទៅកីឡដ្ឋាន Parc des Princes នៅពេលទីផ្សារដោះដូរកីឡាករបើក នាខែមករា ខាងមុខនេះ ក្នុងកិច្ចកុងត្រារយៈពេល ៥ឆ្នាំ ជាមួយតម្លៃខ្លួនខាងលើ បូកផ្សំជាមួយប្រាក់បន្ថែមពីក្រៅចំនួន ១០ លោនផោនផ្សេងទៀត។

មុនផ្ទេរទៅកើបលុយនៅចិន Carlos Tevez ចូលរោងជ័យជាមួយមិត្តស្រីខ្លួន

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១២:១៦

ទីបំផុតខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez បានចូលរោងជ័យជាមួយមិត្តស្រីតាំងពីវ័យក្មេងរបស់ខ្លួន Vanesa Mansilla កាលពីម្សិលមិញនៅស្រុកកំណើតរបស់គេ មុនពេលផ្ទេរទៅកើបលុយនៅប្រទេសចិន។គូស្នេហ៍ទាំង២បានចាប់ផ្តើមស្រលាញ់គ្នាតាំងពីអតីតកីឡាករ Man Utd មានអាយុ១៣ឆ្នាំ ដោយបច្ចុប្បន្នមានកូននៅក្នុងបន្ទុកចំនួន៣រូប ដោយមានកូនស្រី២រូប និងប្រុស១រូប។ គួររំលឹកផងដែរថា កីឡាករវ័យ៣២ឆ្នាំត្រូវបានគេរាយការណ៍មកឲ្យដឹងថានឹងចុះកុងត្រាជាមួយក្រុមជើងឯកលីគកំពូលចិន៣សម័យរយៈពេល២ឆ្នាំ ដោយនឹងទទួលបានថ្លៃនឿយហត់ជិត៣០លានផោនក្នុង១ឆ្នាំ ដោយក្នុង១ខែទទួលបាន២លាន៦សែនផោន, ក្នុង១សប្តាហ៍៦សែន១ម៉ឺន៥ពាន់ផោន, ក្នុង១ថ្ងៃបានម៉ឺន៧ពាន់ផោន ហើយបើគិតជាម៉ោងវិញនឹងទទួលបាន៣ពាន់៦រយផោន។

សំបុត្រពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័តដាក់លក់ហើយ

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១១:៤៨

សំបុត្រពានរង្វាន់ Toyota Mekong Championship ឆ្នាំ២០១៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័តបានដាក់លក់ហើយ ដែលក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ ក្រុមដែលឈ្នះនៅក្នុងវគ្គជម្រុះ ដោយអាចជាក្រុម SHB Đà Nẵng របស់វៀតណាម ឬក្រុមLanexang United របស់ឡាវ ឬក្រុម Yadanarbon របស់មីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ចំណែកសំបុត្រសម្រាប់ចូលទស្សនាការប្រកួតមានដាក់លក់ជាផ្លូវការហើយ ដោយមានតម្លៃ៤ពាន់រៀល និង៨ពាន់រៀល។