trollkhmer news

កីឡា

Buffon ថា PSG មានភាពធូរស្រាលឡើងវិញ បន្ទាប់ពីបានផ្តួល Manchester United នៅ Old Trafford

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:១១

បារាំង៖ Gianluigi Buffon បាននិយាយថា Paris Saint-Germain មានភាពធូរស្រាលឡើងវិញ បន្ទាប់ពីបានផ្តួល Manchester United ២-០ នៅទឹកដី Old Trafford ហើយគិតថា បានបន្ថែមបទពិសោធន៍ផ្សេងៗ១ទៀតនៅទីនោះ។អ្នកចាំទីរូបនេះបានរក្សា Clean-Sheet នៅក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League ជុំ១៦ក្រុមចុងក្រោយ ជាមួយនឹងការទទួលជ័យជម្នះដែលធ្វើឡើងដោយកីឡាករ Kimpembe និង ខ្សែប្រយុទ្ធវ័យក្មេង Mbappe បើទោះបីជាក្រុមខ្លាំងនៅបារាំងគ្មានខ្សែប្រយុទ្ធឆ្នើម Neymar និង Cavani ក៏ដោយ។"យើងបានធ្វើឲ្យក្រុមមានភាពធូរស្រាលជាងមុន ដោយពួកយើងប្រឹងប្រែងសាមគ្គីគ្នានៅក្នុងការប្រកួតប្រជែងមួយក្នុងរយៈពេល ៩០នាទីនៅ Old Trafford ។ ដើមការប្រកួតយើងទទួលការវាយសម្រុកមួយចំនួនពីគូប្រកួត ប៉ុន្តែចូលតង់ទី២ ពួកគេក៍បានភ្លាត់ស្នៀត ដែលធ្វើឲ្យក្រុមយើងអាចរកគ្រាប់បាល់បាន។ "នេះបើតាមសម្តីរបស់អ្នកចាំទីជើងចាស់ប្រាប់ទៅ Sky Sport Italia ។គួរបញ្ជាក់ផងដែរថា Old Trafford ក៍ជាកន្លែងអនុស្សាវរីយ៍ជូរចត់ចំពោះ Buffon ដោយរូបគេបានបាត់បង់ Champions League បាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយថ្វីជើងមិត្តរួមលីហ្គ AC.Milan កាលពីឆ្នាំ២០០៣៕

Solskjaer ថា គាត់មិនអាចធ្វើអ្វី និងជួយកីឡាករ Sanchez បានឡើយ ដើម្បីរក្សាកៅអីក៍ដូចជា អនាគតនៅក្នុងក្លិប

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:១០

អង់គ្លេស៖ Ole Gunnar Solskjaer បាននិយាយថា គាត់មិនអាចធ្វើអ្វីបាន និងជួយកីឡាករ Alexis Sanchez បានឡើយ ដើម្បីឲ្យខ្សែប្រយុទ្ធរូបនេះវិលទៅរកទម្រង់លេងដ៏ល្អបំផុតរបស់គេវិញ និងរក្សាកៅអីនៅក្នុងក្លិបក៍ដូចជា អនាគតផងដែរ។Sanchez បានដូរជំនួស Jesse Lingard នៅនាទីបន្ថែមក្នុងតង់ទី១ ហើយកីឡាករឈីលីរូបនេះមិនអាចស្រោចស្រង់ និងធ្វើអ្វីជាដុំកំភួនដើម្បីឲ្យក្រុមខ្លួនរកគ្រាប់បាល់នៅ Old Trafford ខណៈក្រុមបិសាចក្រហមចាញ់ PSG ២-០ ក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Champions League ហើយក៍ជាការបរាជ័យលើកដំបូងរបស់ Solskjaer ផងដែរ។  នៅពេលសួរពី Sanchez ដែលទើបរកបាន ៥គ្រាប់ចាប់តាំងផ្ទេរពី Arsenal មកទីក្រុង Manchester  កាលពីខែមករាឆ្នាំ ២០១៨ លោក Solskjaer អ្នកចាត់ការទូទៅបណ្ដោះអាសន្នបាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ "ខ្ញុំមិនអាចធ្វើអ្វី ឫជួយ Alexis បានទេ គាត់ត្រូវតែប្រឹងប្រែងរក្សាទម្រង់លេងឲ្យដូចកាលមុន ដូចដែលយើងដឹងថា គាត់មានគុណភាពយ៉ាងណាហើយ " ៕

Di Maria ត្រូវអ្នកគាំទ្រ ManUtd ស្វាគមន៍មានទាំងដបស្រា និងដបទឹក ក្នុងការប្រកួតនៅ Old Trafford

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:១៩

អង់គ្លេស៖ Angel Di Maria ត្រូវអ្នកគាំទ្រ ManUtd ស្វាគមន៍ទាំងដបស្រា និងដបទឹក ពេលវិលទៅកាន់ទឹកដី Old Trafford សម្រាប់ពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ។  ការវិលទៅកាន់ Old Trafford លើកដំបូងក្នុងរយៈពេល ៤ឆ្នាំក្រោយចាកចេញពីទីនោះកាលពីឆ្នាំ២០១៥ ទៅចូលរួមជាមួយ PSG លើកនេះ អ្នកគាំទ្រមិនបានស្វាគមន៍ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន ដូចដែរពួកគេស្វាគមន៍ Ronaldo ឡើយ ក្នុងនាមជាក្រុមគូប្រជែង  អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រក្ដៅចិត្តថែមទៀតនោះគឺ គ្រាប់បាល់ជ័យជម្នះទាំង២របស់ PSG គឺបង្កើតឱកាសដោយ Di Maria ទាំង ២លើក។ប៉ុន្មាននាទីក្រោយពេលដែល Di Maria ទៅទាត់បាល់ជ្រុងអ្នកគាំទ្របានចោលដបស្រាបៀរទៅលើគាត់ តែមិនត្រូវនោះទេ ឆ្លើយតបនឹងការប្រមាថរបស់អ្នកគាំទ្រ អតីតកីឡាករបិសាចក្រហមរូបនេះបានរើសដបស្រាហើយធ្វើពុតជាផឹកឲ្យអ្នកគាំទ្រមើល។ ដបទឹកសុទ្ធមួយទៀតដែលមានទឹកពេញក៍ត្រូវបានគប់សំដៅរកគាត់ មុនពេលកីឡាករវ័យ ៣០ឆ្នាំបញ្ជូនបាល់ឲ្យ Mbappe រកគ្រាប់បាល់ទី២ ឲ្យ PSG៕

Marcelo អះអាងថា Bale និយាយតែភាសាអង់គ្លេស បើទោះបីលេងនៅអេស្ប៉ាញអស់រយៈពេល ៦ឆ្នាំក៏ដោយ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៦:០០

អេស៉្បាញ៖ Marcelo បាននិយាយថា Gareth Bale មិននិយាយអ្វីសោះក្នុងបន្ទប់សំលៀកបំពាក់របស់ Real Madrid  តែបើនិយាយ អតីតកីឡាករ Spurs រូបនេះ និយាយតែភាសាអង់គ្លេស ទោះបីជាលេងនៅអេស្ប៉ាញរយៈពេល ៦ឆ្នាំហើយ ក៏ដោយ។ខ្សែបម្រើប្រយុទ្ធ Gareth Bale បានផ្លាស់ពី Spurs ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៣ ប៉ុន្តែគេមិនប្រើប្រាស់ភាសាអេស្ប៉ាញសោះក្នុងរយៈពេល ៦ឆ្នាំកន្លងទៅ។ បើយោងតាមប្រភពកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា មិត្តរួមក្រុម Real Madrid ខ្សែការពារ Marcelo ទម្លាយថា Bale និយាយភាសាអង់គ្លេសតែមួយមុខគត់។ បន្ទាប់ពីការចាកចេញរបស់  Ronaldo និង Kiko Casilla ខ្សែការពារអន្តរជាតិប្រេស៊ីលថា ពេលនេះគឺឯកោណាស់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។Marcelo បានប្រាប់ថា៖ “ពេលនេះខ្ញុំគ្មាននរណាអង្គុយជិតទេ។ ខ្ញុំមានតែ Bale ដែលអង្គុយនៅម្ខាងម្នាក់ ប៉ុន្តែគេមិននិយាយអេស្ប៉ាញ និយាយតែអង់គ្លេស​ ហើយពួកយើងនិយាយគ្នាតាមរយៈកាយវិការ និងនិយាយ Hi, Hello, Good wine” ជាដើម៕ 

Marcelo ដឹងរួចទៅហើយថា Ronaldo នឹងចាកចេញពីអេស៉្បាញ មុនការប្រកួតផ្តាច់ព្រ័ត្រ UCL

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:២១

អេស៉្បាញ៖ ការចាកចេញពី Real Madrid របស់ Ronaldo បានធ្វើពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរដូវក្តៅមុន ប៉ុន្តែ Marcelo បានដឹងរួចទៅហើយថា ខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីរដ្ឋធានីអេស៉្បាញ ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅក្នុងទីក្រុង Kiev ។អ្នកទាំងពីរគឺជាមិត្តភក្តិជិតស្និទ្ធបំផុតនៅក្នុងក្រុមយក្សអេស៉្បាញ ហើយខ្សែការពារអន្តរជាតិប្រេស៊ីលបានបង្ហើបឲ្យដឹងថា ដៃគូបានប្រាប់គាត់ពីផែនការរបស់គេក្នុងពេលហ្វឹកហាត់មុនជ័យជម្នះលើ Liverpool ។  Marcelo បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Esporte Interativo ថា៖  "យើងបានហ្វឹកហាត់សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅពេលនោះ CR7 ប្រាប់ខ្ញុំថា គាត់កំពុងចាកចេញពីអេស៉្បាញ។ ដំបូងខ្ញុំសឹងតែមិនជឿ តែពេលនេះ វាបានកើតឡើងរួចទៅហើយ " ។ គួរបញ្ជាក់ផងដែរថា Ronaldo បានប្រាប់ពីការចាកចេញរបស់ខ្លួន នៅពេលដែលត្រូវបានគេសម្ភាស បន្ទាប់ពីការប្រកួត ប៉ុន្តែក្រោយមកបានត្រលប់មកវិញមុនពេលក្លិបបង្ហាញពានរង្វាន់ទៅអ្នកគាំទ្រនៅ Estadio Santiago Bernabeu៕

ប្រធានក្លិប Real អះអាងថា ក្លិបមិនចាំបាច់ចាយលុយលើខ្សែប្រយុទ្ធថ្មីទេ ព្រោះ Benzema ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៥៤

អេស៉្បាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez បានអះអាងថា ក្លិបមិនចាំបាច់ចំណាយលុយចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីឡើយ ខណៈដែល Karim Benzema គឺជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក។អ្នកជំនួញវ័យ ៧១ឆ្នាំរូបនេះក៏បានបញ្ជាក់ផងដែរថា គោលនយោបាយផ្ទេរកីឡាករបច្ចុប្បន្នរបស់ក្រុមយក្សអេស៉្បាញគឺទិញកីឡាករវ័យក្មេងដែលអាចអភិវឌ្ឍខ្លួនបានខ្ពស់នាពេលអនាគត និងមិនចាំបាច់ខ្ជះខ្ជាយលុយនាំយកកីឡាករចាស់ៗមកទេ។ គាត់បានប្រាប់ទៅបាល់ទាត់បារាំងថា៖ " ខ្ញុំបានអាន និងបានឮតាមក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំដែលពួកគេចុះផ្សាយថា  Madrid ត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ខណៈពេលដែលការពិតបង្ហាញយ៉ាងច្បាស់ថា Benzema គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងពិភពលោក " ។លោកបានបន្ថែមថា «ខ្ញុំទទូចថា យើងមានក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក និងឈ្នះពានរង្វាន់ទាំងឡាយដែលយើងធ្លាប់បានលេង។ អ្វីដែលយើងធ្វើគឺនាំយកកីឡាករវ័យក្មេងដែលនឹងក្លាយជា World Class នាពេលអនាគតដូចជា Vinicius Jr ឬ Rodrygo ដែលជាបេក្ខជនសម្រាប់ពានរង្វាន់ Kopa Trophy »៕

ប្រទះឃើញភ្នាក់ងារ Arsenal នៅទីក្រុង Lisbon ដើម្បីពិនិត្យមើលការលេងរបស់ខ្សែការពារម្នាក់នៅក្លិប Benfica

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:៥៦

ព័រទុយហ្គាល់៖ ភ្នាក់ងារបស់ Arsenal ត្រូវបានរាយការណ៍ថា បានប្រទះឃើញនៅទីក្រុង Lisbon ដើម្បីពិនិត្យមើលការលេងរបស់ខ្សែការពារឆ្វេង Alex Grimaldo នៅក្លិប Benfica ។កីឡាករវ័យ ២៣ឆ្នាំរូបនេះបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនៅលីហ្គព័រទុយហ្គាល់រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៦គ្រាប់ និងបញ្ជួនបាល់ឲ្យមិត្តរួមក្រុម ៥ដងក្នុងការបង្ហាញខ្លួនចំនួន ២១លើក។ បើយោងតាមកាសែត A Bola នៅក្នុងប្រទេសព័រទុយហ្គាយបានឲ្យដឹងថា Grimaldo គឺជាគោលដៅរយៈពេលវែងរបស់ក្រុមកាំភ្លើងធំចង់បាន។បច្ចុប្បន្ នកីឡាករ Sead Kolašinac បានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើដ៏មានតម្លៃ ប៉ុន្តែមិនរឹងមាំក្នុងការការពារនោះទេ ខណៈ Nacho Monreal តែងតែរងរបួស និងមានវ័យកាន់តែចាស់ថែមទៀតផងនោះ Grimaldo នឹងមានគុណសម្បតិ្តចាំបាច់ដើម្បីក្លាយជាខ្សែការពារដ៍ល្អក្រោមការដឹកនាំរបស់លោក Unai Emery ខណៈពេលដែលកីឡាករវ័យក្មេងរូបនេះនៅមានឱកាសដើម្បីអភិវឌ្ឍខ្លួន៕

Barcelona យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Top-Scorer នៅក្នុងក្របខ័ណ្ឌ Bundesliga

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:២៥

អាល្លឺម៉ង់៖ Barcelona ត្រូវបានរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែប្រយុទ្ធ Luka Jović របស់ក្លិប Eintracht Frankfurt ។Jović កំពុងតែមានភាពជោគជ័យនៅក្នុងក្របខ័ណ្ឌ Bundesliga ដែលបច្ចុប្បន្នឈរនៅលើកំពូលតារាង Top-Scorer ដោយរកបាន ១៤គ្រាប់។ កីឡាករអន្តរជាតិស៊េប៊ីរូបនេះបច្ចុប្បន្នកំពុងខ្ចីជើងនៅអាល្លឺម៉ង់ពីក្លិប Benfica ប៉ុន្តែជាមួយ Frankfurt ដែលបានអះអាងរួចហើយថា ពួកគេមានជម្រើសទិញនៅរដូវក្តៅ ហើយ Barcelona នឹងត្រូវចរចាជាមួយពួកគេ មិនមែនក្លិបយក្សព័រទុយហ្គាល់នោះទេ។ទម្រង់លេងរបស់ខ្សែប្រយុទ្ធទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់ទិសទីនៅទ្វីបអឺរ៉ុប ប៉ុន្តែយោងតាមការសែត Frankfurter Allgemeine កាលពីថ្ងៃចន្ទ បានឲ្យដឹងថា Barçelona គឺស្ថិតនៅជួរមុខគេ ដោយអះអាងថា ក្រុមមកពី Camp Nou បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដែលបាននិយាយរួចមកហើយជាមួយនឹងភ្នាក់ងាររបស់កីឡាករ ហើយឥឡូវនេះភ្នាក់ងាក្លិបនឹងទៅអាល្លឺម៉ង់ដើម្បីពិភាក្សាតម្លៃខ្លួនកីឡាករ៕

ទីបំផុត! តារាបាល់ទាត់សញ្ជាតិបារ៉ែនដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃ អាចវិលត្រលប់ទៅអូស្រ្តាលីវិញហើយ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៥៩

បរទេស៖ កីឡាករសញ្ជាតិបារ៉ែន Hakeem al-Araibi នឹងវិលត្រលប់ទៅប្រទេសអូស្រ្តាលីវិញនាថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល ២ខែ ក្នុងពន្ធនាគារនៅក្នុងទីក្រុងបាងកក។គេត្រូវបានគេឃុំខ្លួនតាំងតែពីខែវិច្ឆិកា តាមសេចក្ដីជូនដំណឹងរបស់ប៉ូលិសអន្តរជាតិ ដែល ស្នើដោយប្រទេសបារ៉ែន បន្ទាប់ពីគេបានធ្វើដំណើរទៅប្រទេសថៃដើម្បីក្រេបទឹកឃ្មុំជាមួយនឹងភរិយា។ ភរិយារបស់កីឡាកររូបនេះ បានប្រាប់សារព័ត៌មាន BBC ថា នាងអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលអូស្រ្តាលី និងសាធារណជន ព្រមទាំងសហគមន៍បាល់ទាត់អន្តរជាតិ។គួររម្លឹកថា កីឡាករវ័យ ២៥ឆ្នាំរូបនេះបានភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលីពីប្រទេសបារ៉ែននៅក្នុងឆ្នាំ២០១៤ ជាទីដែលគេទទួលបានសិទ្ធិជ្រកកោននយោបាយ។ ខណៈគេកំពុងនៅអូស្ត្រាលី រូបគេត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ១០ឆ្នាំពីបទបំផ្លិចបំផ្លាញស្ថានីប៉ូលិសដែលរូបគេបានបដិសេ៕