trollkhmer news

Power By Pepsi

កែវ រំចង់ និង សេន ប៊ុនថេន ប្រាប់គន្លឹះដល់កីឡាករខ្មែរដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍ Khmer Thai Fight

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៧:២២

កែវ រំចង់ និង សេន ប៊ុនថេន ប្រាប់គន្លឹះដល់កីឡាករខ្មែរដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍ Khmer Thai Fight


អ្នកប្រដាល់គុនខ្មែរ កែវ រំចង់ និង សេន ប៊ុនថេន ដែលធ្លាប់ប្រឡូកក្នុងព្រឹត្តិការណ៍ Thai Fight បានផ្តាំផ្ញើទៅកីឡាករគុនខ្មែរទាំង៤រូបដែលត្រូវធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ Khmer Thai Fight នៅថ្ងៃទី ២៥ វិច្ឆិកា ២០១៧ ខាងមុខនាទឹកដីកម្ពុជាលើកដំបូង។


តាមរយៈបទពិសោធរបស់ខ្លួនដែលធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍នេះ៤ដង កែវ រំចង់ បានផ្តល់មតិថា ៖សម្រាប់កីឡាករខ្មែរយើងទាំងអស់ដែលប្រកួតក្នុងកម្មវិធីនេះកុំមានអារម្មណ៍ខ្លាច ហើយភ័យអោយសោះ ត្រូវគិតថាការប្រកួតធម្មតាព្រោះនេះជាទឹកដីរបស់យើង មានតែដៃគូយើងទេដែលត្រូវខ្លាចយើង ហើយពេលឡើងដល់សង្វៀន អ្វីដែលមានត្រូវបញ្ចេញអោយអស់ កុំមានចិត្តអាណិតដៃគូ មានឪកាសត្រូវផ្តាច់ គឺផ្តាច់ ។ ចុងក្រោយអ្នកប្រដាល់ខេត្តបាត់ដំបង ជួនពរអោយកីឡាករកម្ពុជាទាំងអស់ជោគជ័យ។ 


ចំណែក សេន ប៊ុនថេន ដែលជើងខ្លាំងគុនខ្មែរមួយរូបដែលធ្លាប់ប្រឡូកក្នុងព្រឹត្តិការណ៍ Thai Fight នេះពីរដង  បានផ្តល់យោបល់ដល់កីឡាករកម្ពុជាទាំងបួនស្រដៀង កែវ រំចង់ ដែរ ពោល ម្ចាស់ខ្សែក្រវាត់ពីបារាំងបញ្ជាក់ថា៖ សមត្ថភាពកីឡាករខ្មែរ ខ្ញុំដឹងហើយខ្ញុំសង្ឃឹមលើពួកគេទាំងអស់គ្នា អ្វីដែលខ្ញុំប្រាប់ទៅពួកគេតាមបទពិសោធដែលខ្ញុំធ្លាប់ប្រកួតគឺមិនត្រូវមានចិត្តភ័យនោះទេ ត្រូវគិតថានេះជាការប្រកួតកម្មវិធីធម្មតាដូចយើងប្រកួតនៅតាមសង្វៀនផ្សេងៗ ដែរ កុំគិតថានេះជាកម្មវិធីធំ រឺ អស្ចារ្យ ព្រោះអាចធ្វើអោយយើងមានចិត្តភ័យ បើយើងគិតថាជាកម្មវិធី ធម្មតាអារម្មណ៍ប្រកួតយើងនឹងល្អ ។ 


សូមបញ្ជក់ថា ព្រឹត្តិការណ៍ខ្មែរ-ថៃ ហ្វៃ ( Khmer-Thai Fight ) ដែលធ្វើឡើងនៅទឹកដីកម្ពុជាលើកដំបូង ថ្ងៃទី ២៥ វិច្ឆិកា នេះកីឡាករខ្មែរមាន ឃឹម ឌីម៉ា ម៉ឺន សុភា  ឡៅ ចិត្រា និង ពេជ្រ ម្ទេសខ្មាំង ដែលពួកគេត្រូវប៉ះកីឡាករបរទេស នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕