trollkhmer news

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អូឡាំព្យានិងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីនធើឃែ នៃក្រុមហ៊ុន OCIC បានធ្វើកិច្ចសហការប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលនិងសាលាក្រុងរាជធានីភ្នំពេញក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់យុវជនកម្ពុជា។

ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១១:៥៧

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អូឡាំព្យានិងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីនធើឃែ នៃក្រុមហ៊ុន OCIC បានធ្វើកិច្ចសហការប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលនិងសាលាក្រុងរាជធានីភ្នំពេញក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់យុវជនកម្ពុជា។

ក្រុមហ៊ុន OCIC បានដឹកនាំមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីនធើឃែរ បង្កើតកន្លែងចាក់វ៉ាក់សាំងដំបូងលើយុវជនជាមួយសកម្មភាពចាក់វ៉ាក់សាំងសាកល្បង ដោយចាប់ផ្តើមនៅផ្សារទំនើបអូឡាំព្យា ដំណាក់កាលទី២ ក្រោមការសហការពីក្រុមការងារនៃសណ្ឋាគារតារា ហូថែល ធ្វើឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ទី ០៦ ខែសីហា ឆ្នាំ ២០២១ កន្លងមកនេះ។



ការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលធ្វើឡើងក្នុងគោលបំណង ជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅកម្ពុជា តាមរយៈការចាក់ថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ដល់យុវជនចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំសម្រាប់ដូសទី១ និងទី២ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏ធ្លាប់បានផ្តល់ជូននូវទីតាំងនៅកោះពេជ្រ រួមទាំងសាលាអន្តរជាតិ CIS ជាកន្លែងចាក់វ៉ាក់សាំងសម្រាប់បម្រើជូនមនុស្សពេញវ័យប្រមាណជា ៣ម៉ឺននាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដលើកទី ១ និងទី ២នាពេលកន្លងមក ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុន OCIC ក៏បានបញ្ចប់នូវការចាក់វ៉ាក់សាំងដល់បុគ្គលិករបស់ខ្លួនជាង ៨០ភាគរយ ដែលភាគច្រើននៅរាជធានីភ្នំពេញ ដែលនេះស្មើនឹងចំនួនជាង ១៥.០០០ នាក់ ដែលបច្ចុប្បន្នអ្នកទាំងនោះបាននឹងកំពុងបំរើការងារនៅតាមស្ថាប័ននានា ។



“យើងប្តេជ្ញាពង្រីក និងពង្រឹង ក៏ដូចជាប្រើប្រាស់ធនធានរបស់យើងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីជួយប្រទេសកម្ពុជានៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលមានសារៈសំខាន់បំផុត ក្នុងការបង្កើតភាពស៊ាំក្នុងសហគមន៏ ក៏ដូចជាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ យើងជឿជាក់ថា បរិយាកាសដ៏មានសុវត្ថិភាព និង ការមានមជ្ឈមណ្ឌលចាក់វ៉ាក់សាំងត្រឹមត្រូវមិនមែនជាឯកសិទ្ធិ ប៉ុន្តែជាសិទ្ធិរបស់ប្រជាជនកម្ពុជាគ្រប់រូប” ប្រសាសន៏របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC ។ 



ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិសេដ្ឋកិច្ចមក លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ តំណាងអោយក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC បានធ្វើការបោះជំហានមុនគេ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនៅកម្ពុជា ដោយបរិច្ចាគទឹកប្រាក់ចំនួន ៨.៥ លានដុល្លារអាមេរិកជូនដល់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងផ្តល់ជូននូវមជ្ឃមណ្ឌលអាពាហ៏ពិពាហ៏របស់ខ្លួននៅកោះពេជ្រដើម្បីប្រែក្លាយទៅជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ -១៩ ។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុនក៏បានលើកលែងនូវការបង់ប្រាក់ជួលមួយកម្រិត សម្រាប់ដៃគូអាជីវកម្ម និង អ្នកជួលរបស់ខ្លួន មិនថាជាក្រុមហ៊ុនធំ ក្រុមហ៊ុនខ្នាតតូច និង មធ្យម ក៏ដូចជាការគាំទ្រនូវកម្មវិធីសប្បុរសធម៌ផ្សេងៗ រួមមានការផ្តល់ជាទឹកប្រាក់ ២ លានដុល្លារអាមេរិកដល់ កម្មវិធីជំនួយស្បៀងអាហារដល់ប្រជាជននៅតំបន់ក្រីក្រជាង ៥.០០០ គ្រួសារ។



“ក្រុមហ៊ុន OCIC មានការប្តេជ្ញាយ៉ាងមុតមាំថានឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងវិស័យឯកជន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ -១៩ រួមមានគម្រោងសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងសាលាក្រុងរាជធានីភ្នំពេញ ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រទេសក្នុងការជួយសង្គ្រោះ និង កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត” បន្ថែមដោយលោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC។

សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការចាក់វ៉ាក់សាំងយុវជននេះ សូមទាក់ទង 023 996 900 ។