trollkhmer news

Lampard ថា Kante ល្អគ្រប់ដប់ ទាស់តែរត់ច្រើនពេកសូម្បីក្នុងទីលានហ្វឹកហាត់

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:១៣

Lampard ថា Kante ល្អគ្រប់ដប់ ទាស់តែរត់ច្រើនពេកសូម្បីក្នុងទីលានហ្វឹកហាត់


អង់គ្លេស៖ អតីតលោកគ្រូបង្វឹករបស់ Chelsea គឺ Frank Lampard បាននិយាយថាបញ្ហាតែមួយគត់ដែលលោកមានជាមួយ ខ្សែបម្រើ N'Golo Kante គឺមកពីគេរត់ច្រើនពេកសូម្បីក្នុងទីលានហ្វឹកហាត់ក៏ដោយ ហើយជារឿយៗគឺលោកគ្រូតែងតែហាមប្រាមគេមិនឲ្យរត់ច្រើនពេកទៀតផង។



Lampard កាន់តំណែងជាគ្រូបង្វឹករបស់ Chelsea បាន១៨ខែ មុននឹងត្រូវបណ្ដេញចេញពីតំណែងនៅខែមករា និងជំនួសដោយ Thomas Tuchel ខណៈដែល Kante ធ្លាប់រងរបួសអំឡុងពេលរដូវកាលដំបូងដែល Lampard ចូលមកដឹកនាំ ប៉ុន្តែក្រោយជាសះស្បើយ Kante បានបង្ហាញឲ្យគ្រប់គ្នាឃើញថាគេនៅតែជាកីឡាករឧស្សាហ៍ព្យាយាម រត់មិនចេះហត់ និងជាសំណព្វចិត្តរបស់កីឡាករផ្សេងទៀតនិងបានរួមចំណែកជួយឲ្យក្រុមលើកពាន Champions League ផងដែរ។



លោកគ្រូបានបង្ហើបថាកីឡាករវ័យ៣០ឆ្នាំរូបនេះបានក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្រុមប៉ុន្តែចំណុចដែលលោកគ្រូមិនសូវពេញចិត្តគឺមកពីរូបគេប្រឹងប្រែងខ្លាំងពេកអំឡុងពេលហ្វឹកហាត់។


លោកគ្រូបានថ្លែងប្រាប់ BBC Sport ថា៖ នៅពេលខ្ញុំចូលមកដឹកនាំ Chelsea គឺគេបានរងរបួសដែលធ្វើឲ្យគ្រប់គ្នានឹកគេខ្លាំងណាស់ ដោយសារក្រុមទាំងមូលពឹងលើគេច្រើន។ អ្នកទាំងអស់គ្នាពិតជានឹក N'Golo ព្រោះគេបានរួមចំណែកជួយក្រុមយ៉ាងសកម្ម។ ចំណុចសំខាន់ដែលធ្វើឲ្យគេលេងបានល្អគឺគេពូកែខាងប្រជែងយកបាល់មកវិញ។ ដើម្បីធ្វើដូច្នេះបាន គេត្រូវការរត់ឲ្យលឿន។ ខ្ញុំធ្លាប់ត្រូវបានគេសួរថាហេតុអីឲ្យគេលេងតំណែងខ្សែបម្រើការពារតែមួយមុខ ខ្ញុំក៏បានគិតថាមកពីជួយក្រុមខ្លាំងពេក ជួយខ្លាំងរហូតខ្ញុំត្រូវនិយាយថា សម្រាកទៅ! អ្វីដែលជាបញ្ហាបំផុតគឺខ្ញុំព្យាយាមហាមប្រាមគេកុំឲ្យរត់ពេកក្នុងអំឡុងពេលហ្វឹកហាត់។ គេពិតជាអស្ចារ្យណាស់ គេជាកីឡាករដែលពួកយើងឃើញអត្តចរិតជាក់ស្ដែងនោះឯង។


ប្រភព​ : metro