trollkhmer news

UEFA សម្រេចចិត្តដាក់ពិន័យទៅលើក្រុម Real Madrid, Barcelona និង Juventus ករណីបង្កើត Super League

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ០៩:៥៩

UEFA សម្រេចចិត្តដាក់ពិន័យទៅលើក្រុម Real Madrid, Barcelona និង Juventus ករណីបង្កើត Super League


បរទេស៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានចាប់ផ្តើមនីតិវិធី ដើម្បីប្រឆាំងទៅនឹងក្លិប FC Barcelona និង Real Madrid របស់អេស្ប៉ាញ និងក្លិបអ៉ីតាលី Juventus ដែលនៅតែចចែសបង្កើតពានថ្មី European Super League នោះ។


ដើមឡើយពានអឺរ៉ុបថ្មីដែលមានឈ្មោះថា Super League នោះមានសមាជិកដល់ទៅ ១២ក្លិបចូលរួម តែក្រោយមក បានដកខ្លួនអស់ ៩វិញ នៅសល់តែ Barcelona, Real Madrid និង Juventus ប៉ុណ្ណោះ។


នៅក្នុងសេចក្តីថ្លែងការណ៍របស់ Uefa ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «នីតិវិធីត្រូវបានបើកជាចំហរ ដើម្បីប្រឆាំងនឹងក្លិបទាំងបីខាងលើនេះ ចំពោះការធ្វើខុសទៅនឹងច្បាប់របស់ UEFA»។


នៅក្នុងសេចក្តីថ្លែងការណ៍នោះដដែលបានបញ្ជាក់ថា «បន្ទាប់ពីការស៊ើបអង្កេតមួយដែលធ្វើឡើងដោយក្រមសីលធម៌ UEFA រួចមក និងអ្នកត្រួតពិនិត្យវិន័យទាក់ទងនឹងគម្រោងបង្កើត Super League នោះនីតិវិធីនៃការដាក់វិន័យត្រូវបានធ្វើឡើងក្នុងការប្រឆាំងទៅនឹង Real Madrid, Barcelona និង Juventus ចំពោះការបំពានសក្តានុពលនេះ»៕

ប្រភព​ : Marca