trollkhmer news

សហរដ្ឋអាមេរិក៖ មនុស្ស ៥.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៥៤នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១០:៤៣

សហរដ្ឋអាមេរិក៖ មនុស្ស ៥.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៥៤នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៦,៦០៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៥៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៩៨៣,៦៩៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨៨,៣៣៧នាក់ និងជាសះស្បើយឡើងសរុប ២៥,៥៨៤,៧៤៧នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣១លាននាក់។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃអង្គារនេះបានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស ធ្វើសកម្មភាពនៅខាងក្រៅដូចជា «ដើរលេង ឬហាត់ប្រាណ» ដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវពួកគេត្រូវបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំដដែល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជិត ២៣០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៤១.៧៥លាននាក់ (៤៣.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៩៦.៧៥លាននាក់ (២៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ប្រភព​ : Fresh news