trollkhmer news

Man City បានយកឈ្នះ PSG ២ ទល់នឹង ១ នៅជើងទី១នេះ

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១០:៤២

Man City បានយកឈ្នះ PSG ២ ទល់នឹង ១ នៅជើងទី១នេះ



បារំាង៖ កាលពីរាត្រីថ្ងៃពុធកន្លងទៅ ត្រូវនឹងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ជាការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់កំពូលរបស់អឺរ៉ុប Champions League រវាងក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City។ គួរបញ្ជាក់ថា ការប្រកួតបានបញ្ចប់ទៅ ដោយក្រុម Man City បានទទួលជ័យជម្នះក្រៅដីយ៉ាងសំខាន់ទៅលើក្រុម PSG ក្នុងលទ្ធផល ២-១។



ក្រុមទាំងពីរពិតជាធ្វើការសំរុកគ្នាស្វិតស្វាញមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវជាអ្នកធ្វើបានល្អជាង ដោយអាចមានឱកាសវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះវិញទាំងប្រផិតប្រផើយ។ យ៉ាងណាមិញ ក្រុម PSG ជាអ្នកបើកការនាំមុខមុន ដែលរកគ្រាប់បាល់បានដោយខ្សែការពារ Marquinhos នៅនាទីទី ១៥ តាមរយៈការខោកមួយក្បាលយ៉ាងស្អាតពីការលើកបាល់ជ្រុងរបស់ Di Maria។



លុះចូលដល់តង់ទី ២ អ្វីៗហាក់មានការប្រែប្រួលខ្លាំង ក្រុម Man City ក៏អាចរកគ្រាប់បាល់តាមស្មើរមកវិញនៅនាទីទី ៦៤ ពីការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Kevin de Bruyne។ មិនទាន់អស់នៅឡើយ Mahrez ជាអ្នករកគ្រាប់ជ័យជម្នះឱ្យក្រុមមេឃខៀវ នៅនាទីទី ៧១ ដោយការស៊ុតបាល់ហ្វ្រីឃីគយ៉ាងស្រួចធ្វើឱ្យ Navas បានត្រឹមឈរមើល។សម្រាប់ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅទឹកដី Ethihad Stadium របស់ក្រុម Man City វិញម្តង ដែលនឹងរៀបចំនៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ ខាងមុខ៕


ប្រភព​ : Goal.com