trollkhmer news

លោកគ្រូ Pep ថាឲ្យតែនឹកដល់កីឡាករ Kylian Mbappe និង Neymar ពេលណា លោកគ្រូដេកមិនលក់ទេ

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៥:១០

លោកគ្រូ Pep ថាឲ្យតែនឹកដល់កីឡាករ Kylian Mbappe និង Neymar ពេលណា លោកគ្រូដេកមិនលក់ទេ


អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola នៃក្លិបមេឃខៀវ Manchester City បានដាស់តឿនដល់កូនក្រុមគ្រប់រូបថាពួកគេមិនអាចធ្វេសប្រហែសបានឡើយខណៈការប្រកួតរវាង Man City និង Paris Saint-Germain ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League នឹងធ្វើឡើងនៅយប់នេះហើយ។


PSG បានក្លាយជាក្រុមខ្លាំងមួយដែលគ្រប់គ្នាញញើតបន្ទាប់ពីបានបំបាក់ ក្រុមគីឡូធ្ងន់ដូចជា Barcelona និង Bayern Munich ឲ្យខ្ទាតចេញពី Champions League ខណៈលោក Rio Ferdinand ក៏ធ្លាប់បានទស្សន៍ទាយដែរថា PSG នឹងលើកពាន UCL រដូវកាលនេះ។



យ៉ាងណាមិញ លោកគ្រូបង្វឹក Pep Guardiola បាននិយាយលេងសើចដែរថា ឲ្យតែគិតដល់ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar Jr. ដែលត្រូវជួបតទល់យប់នេះកាលណា គឺលោកគ្រូសម្រាន្តមិនលក់នោះឡើយ ម្យ៉ាងទៀត កីឡាករ PSG គឺមានភាពឈ្លាសវៃណាស់ ដូច្នេះតំបន់ការពារត្រូវតែពង្រឹងឲ្យរឹងមាំ។


លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានថ្លែងថា៖ ខ្ញុំព្យាយាមគេងលក់ឲ្យស្រួលយប់មិញនេះ ប៉ុន្តែខ្ញុំនឹងដេកលក់ស្រួល គឺទាល់តែកុំគិតពីកីឡាកររបស់ PSG (Kylian Mbappe និង Neymar Jr.)។ ពួកយើងនឹងព្យាយាមបញ្ឈប់ពួកគេដោយលេងការពារជាក្រុមនិងត្រូវតែសហការគ្នាជាក្រុមឲ្យបានល្អ។ ពួកយើងនឹងត្រូវធ្វើការផ្លាស់ប្ដូរទម្រង់ខ្លះស្របតាមស្ថានការណ៍ជាក់ស្ដែងប៉ុន្តែពួកយើងនៅតែរក្សាភាពជាខ្លួនឯងផងដែរ។



ក្រៅពីនោះដែរ លោកគ្រូក៏បានឆ្លៀតកោតសរសើរអតីតកូនក្រុម Neymar Jr. ដែលធ្លាប់រួមការងារជាមួយគ្នាកាលនៅ Barcelona ថា៖ ខ្ញុំចាំបានថាធ្លាប់មើលវីដេអូនៃការលេងរបស់ Neymar (កាលគេនៅ Santos) ហើយខ្ញុំក៏បានគិតថា នេះហើយគឺជាស្តេចនៃ Santos ។កីឡាករទាំងអស់ចំហរមាត់នឹងសមត្ថភាពរបស់គេ។ បើសិន Neymar បន្តស្នាក់នៅ Barcelona គឺក្លិបប្រហែលឈ្នះពាន UCL ពីរទៅបីទៀតមិនខាន។ គេ ,Messi និង Suarez ជាខ្សែប្រយុទ្ធជួរមុខល្អផ្ដាច់គេ។


ប្រភព​ : Goal.com