trollkhmer news

រកឃើញកម្មករ-កម្មការិនី នៅរោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង នៅស្រុកអង្គស្នួល ២៣២នាក់បន្ថែមទៀតមានវិជ្ជមានកូវីដ១៩

ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៣:២៥

រកឃើញកម្មករ-កម្មការិនី នៅរោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង នៅស្រុកអង្គស្នួល ២៣២នាក់បន្ថែមទៀតមានវិជ្ជមានកូវីដ១៩

(កណ្ដាល)៖ ក្រោយលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ថា កម្មករកម្មការិនី បម្រើការងាររោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង នៅស្រុកអង្គស្នួល មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣២នាក់, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់ បើកអង្គប្រជុំបន្ទាន់នៅវេលាម៉ោង ២យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅឯសាលាស្រុកអង្គស្នួល ខេត្តកណ្ដាល។

ស្ថិតក្នុងអង្គជុំនេះ លោកអភិបាខេត្តលើកឡើងថា ដោយស្ថានការណ៍ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ មានការឆ្លងរាលដាលកាន់តែខ្លាំង ទៅលើកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រមួយចំនួនស្ថិតនៅស្រុកអង្គស្នួល ទើបចុះមកត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ដើម្បីពិភាក្សាបន្ថែម រិះរកមធ្យោបាយបន្តកំណត់មុខសញ្ញាស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោលយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។



គួរជម្រាបជូនថា រោងចក្រដែលពាក់ព័ន្ធនឹងបញ្ហានេះមានចំនួន៦រោងចក្រ មានកម្មករ-កម្មការនីខ្ទង់ម៉ឺននាក់ឯណោះ ដែលជាទីបារម្ភយ៉ាងខ្លាំង។ រោងចក្រសរុបទាំងអស់នៅស្រុកអង្គស្នួល មានចំនួន ១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង ៦ម៉ឺននាក់ ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារពួកគាត់ជិះឡានទៅផ្ទះ និងមកធ្វើការឡូកឡំគ្នាជាមួយអ្នកកើតកូវីដ១៩។

គួរជម្រាបថា របាយការណ៍អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ទូទាំងខេត្តកណ្ដាល គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលចំនួន ២៣,៨៥៦នាក់។

ក្នុងនោះមានអ្នកវិជ្ជមានចំនួន ៧៤៧នាក់, ជាសះស្បើយចំនួន ៤២១នាក់, កំពុងព្យាបាល ២៣៩នាក់ ក្នុងនោះមានម្នាក់លាប់ជំងឺកូវីដ-១៩ ជាអ្នកមកពីស្រុកល្វាឯម, ស្លាប់ចំនួន ៣នាក់, យកសំណាក់ធ្វើតេស្តចំនួន ២១,១០៧នាក់, កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២,៥៤៨នាក់, កំពុងធ្វើចិត្តាឡីស័កនៅផ្ទះចំនួន ៦,៧៣៤នាក់ និងបញ្ចប់ការធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៣,០៣៥នាក់ និងនៅផ្ទះចំនួន១០,៩៩៦នាក់៕

ប្រភព​ : Fresh news