trollkhmer news

ឥណ្ឌា៖ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥២,៩៩១នាក់ និងអ្នកជំងឺ ២,៨១២នាក់ស្លាប់

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៤:០៨

ឥណ្ឌា៖ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥២,៩៩១នាក់ និងអ្នកជំងឺ ២,៨១២នាក់ស្លាប់

(ញូដេលី)៖ ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៥ហើយដែលឥណ្ឌា បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ក្នុងចំនួនច្រើនបំផុតលើស ៣០០,០០០ករណីក្នុងមួយថ្ងៃ និងជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត សម្រាប់ពិភពលោកទាំងមូលផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

កំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៣៥២,៩៩១នាក់ត្រូវបានរាយការណ៍ ខណៈអ្នកជំងឺ ២,៨១២នាក់ទៀត បានបាត់បង់ជីវិត។ ក្រោយការបូកសរុបទិន្នន័យថ្មីៗនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៧.៣លាននាក់ ក្នុងនោះអ្នកជំងឺជាង ១៩៥,០០០ស្លាប់ និង ១៤.៣លាននាក់ជាសះស្បើយឡើងវិញ។



បើតាមស្ថានការណ៍បច្ចុប្បន្ន ស្ទើរតែគ្រប់មន្ទីរពេទ្យនៅតាមរដ្ឋរងគ្រោះធ្ងន់ធ្ងរ កំពុងតែដង្ហោយរកជំនួយ ជាពិសេសគឺឧស្ម័នអុកស៊ីសែន និងឧបករណ៍ជំនួយការដកដង្ហើម។ យ៉ាងណាក៏ដោយ បណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងសិង្ហបុរី ហើយឆាប់ៗនេះក៏នឹងមានសហភាពអឺរ៉ុបថែមទៀត កំពុងតែដុតដៃដុតជើង ដើម្បីដឹកជញ្ជូនជំនួយទាំងនេះទៅឥណ្ឌា។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិដ្រា ម៉ូឌី បានជំរុញឲ្យប្រជាជនទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមចាក់វ៉ាក់សាំងបង្ការ COVID-19 ស្ថិតនៅចំពោះមុខស្ថានការណ៍ ឆ្លងរាតត្បាតដ៏អាក្រក់ ដែលតាមមន្ទីរពេទ្យនានា មិនអាចទទួលអ្នកជំងឺបានទៀតនោះឡើយ។ ស្ថានការណ៍នៅឥណ្ឌាពេលនេះ គឺប្រជាជនមួយចំនួនដែលគ្មានគ្រែ ឬបន្ទប់សម្រាប់គេងព្យាបាលក្នុងមន្ទីរពេទ្យ ពួកគេត្រូវបង្ខំចិត្តស្ថិតនៅក្រៅអគារមន្ទីរពេទ្យ និងខ្លះនៅអង្គុយ ឬគេងនៅតាមសួនច្បារ ដោយដៃកាន់បំពង់អុកស៊ីសែន ដើម្បីព្យាយាមជួយសង្គ្រោះជីវិតខ្លួនឯង។ បន្ថែមពីនេះ ក៏មានអ្នកជំងឺជាច្រើននាក់បានបាត់បង់ជីវិត ដោយសារតែគ្មានជំនួយអុកស៊ីសែនផងដែរ៕

ប្រភព​ : Fresh news