trollkhmer news

ថៃ៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ២,០០០ករណីក្នុងពេល ១ថ្ងៃ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៥:២៧

ថៃ៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ២,០០០ករណីក្នុងពេល ១ថ្ងៃ

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ CCSA បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា អ្នកឆ្លងជំងឺនេះរហូតដល់ ២,០៧០នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ០៤នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ហើយនេះគឺជាចំនួនអ្នកឆ្លងដ៏អាក្រក់ថ្មីមួយទៀត ដែលប្រទេសអាស៊ានមួយនេះទើបជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នារសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ២,០៧០នោះ ០៨នាក់ជាករណីនាំចូល, ៧៤០នាក់នៅទីក្រុងបាងកក, ២៣៧នាក់នៅខេត្តឈៀងម៉ៃ, ១២៥នាក់នៅខេត្តឈុនបុរី និង ៧៩នាក់នៅខេត្តសាមុតប្រាកាន។ ក្រោយការបូកសរុបទិន្នន័យថ្មីៗនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសថៃកើនដល់ ៥០,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ១២១នាក់ និងជាសះស្បើយវិញ ៣០,១៨៩នាក់ ខណៈអ្នកជំងឺជិត ២០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាល។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីដើមសប្តាហ៍នេះ បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីឡើយ ព្រោះតែលោកចង់ស្ថិតនៅក្នុងប្រទេសថៃ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ដែលកំពុងវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃសុក្រនេះ ថៃបានចាក់វ៉ាក់សាំងសរុប ៩៦៤,៨២៥ដូសហើយជូនប្រជាជន៕

ប្រភព​ : Fresh news