trollkhmer news

មិនមែន ៦៤៤គ្រាប់ឡើយ! ក្លិបបាល់ទាត់ Santos ចេញមុខច្រានចោលថា Messi មិនទាន់តាមស្មើកំណត់ត្រារបស់ Pele ទេ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៦:២៦

មិនមែន ៦៤៤គ្រាប់ឡើយ! ក្លិបបាល់ទាត់ Santos ចេញមុខច្រានចោលថា Messi មិនទាន់តាមស្មើកំណត់ត្រារបស់ Pele ទេ




ប្រេស៊ីល៖ ក្លិប Santos ដែលជាទ្រនំរបស់វីរបុរស Pele ចំណាយពេលលេងឲ្យជិត១៩ឆ្នាំ(១៩៥៦-១៩៧៤) បានបង្ហោះសារចេញមុខច្រានចោលនូវកំណត់ត្រាគ្រាប់បាល់ទាំង ៦៤៤គ្រាប់ ដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi រកបាន ដោយលើកហេតុផលថា Pele មិនមែនរកគ្រាប់បាល់បាន ៦៤៣ ឲ្យក្លិបរបស់ខ្លួននោះឡើយ។


រឿងនេះបានកើតឡើងក្រោយពេល ម្ចាស់ពាន Ballon d'or ៦សម័យ Lionel Messi បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងជំនួបរវាង Barcelona ទល់នឹង Real Valladolid ធ្វើឲ្យគេបំបែកកំណត់ត្រាក្លាយជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលរកបាន៦៤៤គ្រាប់ឲ្យក្លិបតែមួយ ( Barcelona) ដោយលើសកំណត់ត្រារបស់វីរបុរស Pele ដែលមានតែ ៦៤៣ គ្រាប់ឲ្យក្លិប Santos


គេបានដឹងឮហើយថា Messi បានបង្ហោះសារអរគុណដល់អ្នកគាំទ្រនិងមិត្តរួមក្រុមទាំងអស់ដែលបានជួយជ្រោមជ្រែងឲ្យគេមានថ្ងៃនេះ។​ ស្រាប់តែថ្មីៗនេះក្លិប Santos បានចេញមុខបកស្រាយដោយអ្នកសរសេរម្នាក់មកពី សមាគមន៍អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តនៃក្លិប Santos FC បានច្រានចោលថា Pele រកគ្រាប់បាល់បានដល់ទៅ ១,០៩១ឲ្យក្លិប មិនមែន ៦៤៣គ្រាប់ដូចកំណត់ត្រាកន្លងមកនោះឡើយ។


ភ្នាក់ងារនោះបានបញ្ជាក់ទៀតថា គ្រាប់បាល់ ៤៤៨ ផ្សេងទៀតនោះ គឺវីរបុរស Pele រកបានទៅលើការប្រកួតលក្ខណៈមិត្តភាពហើយគ្រាប់បាល់នេះគឺរកបានទល់នឹងក្លិបធំៗដូចជា Inter Milan, River Plate, Boca Juniors, Racing, Universidad de Chile, Real Madrid, Juventus, Lazio, Napoli, Benfica Anderlecht និង Barcelona ជាដើម ដែលគេចង់ឲ្យបូកបញ្ចូលបន្ថែមពីលើគ្រាប់បាល់ទាំង ៦៤៣គ្រាប់បន្ថែមទៀត។


ដូច្នេះហើយទើបក្លិប Santos បានបញ្ជាក់ថា Pele អាចរកបានដល់ទៅ ១,០៩១ឲ្យក្លិប Santos បើគិតទាំងការប្រកួតមិត្តភាព តែស្របពេលតែមួយ វីរបុរស Pele ខ្លួនឯងបែរជាបង្ហោះសារអបអរដល់ Lionel Messi ដោយសរសេរថា៖ នៅពេលបេះដូងអ្នកពោរពេញទៅដោយក្ដីស្រឡាញ់សម្រាប់ក្លិប វាពិបាកណាស់ក្នុងការផ្លាស់ប្ដូរផ្លូវដែលត្រូវដើរ ដូចជាអ្នកអ៊ីចឹង Messi ខ្ញុំយល់អារម្មណ៍ពេលដែលអ្នកចង់ពាក់អាវក្រុមបាល់ទាត់តែមួយជារៀងរាល់ថ្ងៃ និងដឹងថាវាគ្មានអ្វីល្អប្រសើរជាងការស្នាក់នៅទីកន្លែងដែលកក់ក្ដៅដូចជាផ្ទះខ្លួនឯងនោះឡើយ។ សូមអបអរសាទរដល់កំណត់ត្រាជាប្រវត្តិសាស្ត្ររបស់អ្នក Lionel និងអបអរដែលអ្នកមានអាជីពបាល់ទាត់ដ៏ស្រស់បំព្រងនៅ Barcelona ។ រឿងរ៉ាវរបស់ពួកយើងទាំងពីរ ដែលឆ្លុះបញ្ជាំងឲ្យឃើញពីក្ដីស្រឡាញ់ដ៏មហិមារបស់ពួកយើងចំពោះក្លិបបាល់ទាត់តែមួយ វាកម្រនឹងកើតមានណាស់ក្នុងពិភពបាល់ទាត់ ខ្ញុំពិតស្រឡាញ់ពេញចិត្តអ្នកណាស់។



គួរបញ្ជាក់ដែរថា ក្រៅពីគ្រាប់បាល់ទាំង៦៤៤គ្រាប់ដែល Messi រកបានឲ្យក្លិបអ្នកមានបុណ្យ FC Barcelona គឺត្រូវចំណាយពេលចូលប្រកួតចំនួន ៧៤៩លើក


ប្រភព​ : The Sun