trollkhmer news
វីដេអូ! Jin សមាជិកក្រុម BTS បញ្ចេញអារម្មណ៍ពិតក្នុងចិត្តតាមរយៈបទថ្មី ទៅកាន់ ARMY
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:២៤

កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងប្រុស BTS ដែលកំពុងតែមានឈ្មោះល្បីល្បាញ នាពេលបច្ចុប្បន្ន ក៏ព្រោះតែការខិតខំប្រឹងប្រែង ព្រមទាំងសមត្ថភាព ដែលមិនត្រឹមតែអាចសម្ដែងលើឆាកបានយ៉ាងល្អប៉ុណ្ណោះទេ ពួកគេថែមទាំងអាច និពន្ធបទចម្រៀងបានដោយខ្លួនឯងថែមទៀត។
ជាពិសេស ថ្មីៗនេះ Jin សមាជិកក្រុម BTS បានបញ្ចេញបទចម្រៀងថ្មីរបស់លោក គឺ Abyss រួមជាមួយនឹងលិខិតមួយ ដែលបានបង្ហាញពី ដំណើរការនៃគំនិតរបស់លោក នៅពេលបង្កើតបទចម្រៀងនេះឡើង ព្រមទាំងអត្ថន័យនៅពីក្រោយបទនេះ។ ជាមួយគ្នានេះ Jin បានបង្ហាញថា លោកចាប់ផ្តើមមានអារម្មណ៍ថា មិនសមនឹងទទួលបាន ជោគជ័យដ៏អស្ចារ្យដែល BTS កំពុងតែសម្រេចបាននេះទេ។

ទន្ទឹមនឹងនោះ តារាចម្រៀងប្រុសរូបនេះក៏បានបន្ថែមថា លោកត្រូវបានក្រុមការងារ លើកទឹកចិត្តឲ្យយកអារម្មណ៍ច្របូកច្របល់ទាំងនោះ ទៅសរសេរក្នុងបទចម្រៀងមួយនេះ។ ក្នុងនោះដែរ នៅពេលដែល Jin ចាប់ផ្តើមតែងបទចម្រៀងនេះឡើង លោកចាប់ផ្តើមមានអារម្មណ៍ សុទិដ្ឋិនិយមចំពោះគំនិតដែលបង្ហាញភាពលំបាក ក្នុងគ្រានេះ ទៅក្នុងបទចម្រៀង។

សារដែលចេញពីក្នុងចិត្តរបស់លោក ទៅដល់អ្នកគាំទ្រ មានខ្លឹមសារដូចជា ៖ សួរស្ដី នេះគឺ Seokjin!កាលពីពេលថ្មីៗនេះ ខ្ញុំបាននិយាយនៅក្នុងសន្នីសិទកាសែតថា ខ្ញុំមិនចង់បង្ហាញពីទុក្ខព្រួយរបស់ខ្ញុំ ឲ្យអ្នកគាំទ្រឃើញនោះទេ ព្រោះចង់បង្ហាញអ្វីដែលល្អៗ និងរីករាយប៉ុណ្ណោះទៅពួកគេ។ ប៉ុន្តែបើតាមតន្ត្រីវិញគឺផ្សេង។ ខ្ញុំគិតថាមិនអីទេ បើសិនជាខ្ញុំបង្ហាញពីទុក្ខព្រួយ តាមរយៈតន្ត្រីវិញនោះ។ តាមពិតទៅថ្មីៗនេះ ខ្ញុំមានអារម្មណ៍ថាហត់នឿយ ប៉ុន្តែប្រហែលមកពីខ្ញុំចូលចិត្តគិតច្រើនពេកក៏ថាបាន។ ខ្ញុំបានជាប់ឈ្មោះជាតារាលេខ១ ក្នុងតារា Billboard Hot100 ហើយមានមនុស្សជាច្រើន បានសម្ដែងការអបអរ។ តើខ្ញុំពិតជាសាកសមនឹងទទួលបានវាដែរឬទេ? គិតទៅអាចនឹងមានមនុស្សជាច្រើនទៀតដែលស្រឡាញ់តន្ត្រីខ្លាំងជាងខ្ញុំ ចឹងតើខ្ញុំសាកសមនឹងទទួលបានការអបអរទាំងនេះដែរឬទេ? គិតកាន់តែច្រើនទៅ ក៏មានចិត្តមួយចង់បញ្ឈប់ ព្រោះតែវាពិបាកខ្លាំងពេក។ ខ្ញុំក៏ទទួលបានការណែនាំ បន្ទាប់ពីនិយាយពីកង្វល់ក្នុងចិត្ត ហើយ Bang PD-nim ក៏ជម្រុញឲ្យខ្ញុំ បញ្ចូលអារម្មណ៍នេះ ទៅក្នុងបទចម្រៀង។
តែខ្ញុំក៏គ្មានភាពជឿជាក់ថា បទនឹងចេញមកល្អ ហើយមានអត្ថន័យនោះទេ តែមកដល់ដំណាក់កាលនេះហើយ ខ្ញុំមិនអាចទុកវាចោលបានទេ។ ហើយ Bang PD-nim ក៏ប្រាប់ខ្ញុំថា កុំឲ្យបារម្ភពីរឿងនឹង ព្រោះបើខ្ញុំតាំងចិត្តធ្វើហើយ ខ្ញុំប្រាកដធ្វើឲ្យបានល្អ ហើយគាត់និយាយថា នឹងរកមនុស្សល្អម្នាក់មកជួយខ្ញុំ ពីរឿងនេះ។ បែបនឹងហើយ ទើបខ្ញុំបានជួបជាមួយអ្នកនិពន្ធម្នាក់គឺ Bumzu-hyung។ ខ្ញុំបាននិយាយជាមួយគាត់ ពីរឿងក្នុងចិត្តជាច្រើន ហើយគាត់ក៏លើកទឹកចិត្តឲ្យខ្ញុំសរសេរបទនេះ ដោយមានជំនួយពីគាត់ផងដែរ គាត់ជាមនុស្សម្នាក់ដែលល្អណាស់។ បន្ទាប់ពីបាននិយាយរឿងជាច្រើន ខ្ញុំក៏បាននិពន្ធបទចម្រៀងមួយ បង្ហាញពីអារម្មណ៍របស់ខ្ញុំផ្ទាល់ ហើយទីបំផុត Abyss ក៏បានបញ្ចប់ដោយជោគជ័យ។ ខ្ញុំចង់អគុណទៅបងប្រុស Bumzu ម្ដងទៀត។ អត្ថន័យបទនេះគឺដូចជាកំសត់បន្តិចហើយ មិនសមនឹងចេញនៅថ្ងៃខួបកំណើតសោះ ប៉ុន្តែខ្ញុំគិតថា វាកាន់តែពិសេស បើចេញនៅក្នុងថ្ងៃកំណើតរបស់ខ្ញុំ។ សូម ARMY ស្ដាប់ចម្រៀងដែលសរសេរពីបេះដូងរបស់ខ្ញុំ ដោយយកចិត្តទុកដាក់។ បន្ថែមទៀត សូមអគុណដល់ leader របស់ពួកយើង (Namjoon) ដែលជួយសរសេរវគ្គ chorus៕
ប្រភព : pinkvilla
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត