trollkhmer news

ធ្លាយរឿង Maradona ​ដួល​បោក​ក្បាល​នៅ​ផ្ទះ​​មួយ​សប្ដាហ៍​មុន​ពេល​លោក​ស្លាប់​​ដោយ​សារ​គាំងបេះដូង

ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៦:២៦

ធ្លាយរឿង Maradona ​ដួល​បោក​ក្បាល​នៅ​ផ្ទះ​​មួយ​សប្ដាហ៍​មុន​ពេល​លោក​ស្លាប់​​ដោយ​សារ​គាំងបេះដូង



លោក Diego Maradona ធ្លាប់​បាន​រអិល​ដួល​និង​ប៉ះ​ទង្គិច​ក្បាល​មួយ​សប្ដាហ៍​មុន​ពេល​លោក​ស្លាប់​​ដោយ​សារ​គាំងបេះដូង ប៉ុន្តែ​មិន​មាន​ការ​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ឡើយ​ត្បិត​មាន​របួស​ក៏​ដោយ។


យោង​តាម​កាសែត​របស់​អ៊ីតាលី​ La Repubblica បាន​ចុះ​ផ្សាយ​ថា Maradona ដែល​ថ្មី​ៗ​នេះ​បាន​វះ​​​កាត់​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ស្កេន​អ្វី​ទេ បន្ទាប់​ពី​រអិលដួល​និង​ប៉ះ​ទង្គិច​ក្បាល​​នៅ​ក្នុង​ផ្ទះ។ មេធាវី​តំណាង​ឲ្យ​គិលានុបដ្ឋាយិកា​ម្នាក់​ដែល​ធ្វើ​ការមើលថែ​ Maradona បាន​និយាយ​ថា Maradona បាន​ដួល​​ ៧​ថ្ងៃ​មុន​ពេល​លោក​ស្លាប់។ លោក​បាន​របួស​ក្បាល ប៉ុន្តែ​គ្មាន​នរណា​​បញ្ជូន​​ទៅ​ពេទ្យ​ដើម្បី​ស្កេន​ទេ។


ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​លេច​ចេញ​ឡើង បន្ទាប់​ពី​​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​របស់ Maradona លោក Leopoldp Luque កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​​រឿង​ធ្វេសប្រហែស​ផ្នែក​វិជ្ជាសាស្ត្រ​នៃ​ការ​ស្លាប់​របស់​វីរបុរស​បាល់ទាត់​ខាង​លើ។


តាម​សេចក្ដីរាយការណ៍​ដដែល​បញ្ជាក់​​ទៀត​ថា Maradona បាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ក្នុង​ទីក្រុង Buenos Aires ពេល​ដែល​លោក​ស្លាប់​ដោយ​សារ​គាំងបេះដូង។ Maradona បាន​ស្លាប់​​នៅ​ពេល​ដែល​កំពុង​​ដេក​នៅ​ផ្ទះ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។


កាល​ពី​ថ្ងៃ​អាទិត្យ​ប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​គ្រូពេទ្យ​​ផ្ទាល់​ខ្លួន​របស់​ Maradona លោក Luque។ ហើយ​អ្នក​ស៊ើបអង្កេត​​បាន​ស្វែងរក​​បុគ្គលិក​ពេទ្យ​ទាំង​អស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​មើលថែ Maradona បន្ទាប់ពីកូនស្រីរបស់លោក​នាង Dalma និង Giannina បានផ្តល់របាយការណ៍​ដោយ​សាកសួរ​ថា​ តើ​ថ្នាំ​ដែល​ឪពុក​របស់​ពួកគេ​ទទួល​បាន​សម​ស្របឬអត់​។


កាសែត​ Repubblica​ ក៏​បាន​រាយការណ៍​ដែរ​ថា​ ឯកសារ​បាន​ចេញ​មក​បង្ហាញ​ថា​លោក​វេជ្ជបណ្ឌិត​ Cosachov ​បាន​ស្នើ​សុំ​អ្នក​ឯកទេស​២៤​ម៉ោង​ និង​ជំនួយគិលានុបដ្ឋាយិកាសម្រាប់អតីត​តារា​អាហ្សង់ទីន​មុន​ពេល​គាត់​ស្លាប់​ប៉ុន្តែ លោក Luque មិនបានរៀបចំឱ្យមានរឿងនោះកើតឡើងទេ៕​




ប្រភព​ : Dailymail