trollkhmer news

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់បានជាសះស្បើយ

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៨:៥៨

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់បានជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ។

 អ្នកជាសះស្បើយទាំង៣នាក់នោះរួមមាន៖ បុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិទំនប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ
ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ បុគ្គលទាំង ៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៩៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១នាក់៕




ប្រភព​ : freshnewsasia