trollkhmer news

Sergino Dest ជឿជាក់ថាក្រុមជម្រើសជាតិរបស់ខ្លួនអាចនឹងមានលទ្ធភាពលើកពាន World Cup ឆ្នាំ២០២៦ ខាងមុនបាន

ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:០១

Sergino Dest ជឿជាក់ថាក្រុមជម្រើសជាតិរបស់ខ្លួនអាចនឹងមានលទ្ធភាពលើកពាន World Cup ឆ្នាំ២០២៦ ខាងមុនបាន



បរទេស៖ កីឡាករយុវជនរបស់ជម្រើសជាតិអាមេរិកមួយចំនួនហាក់ដូចជាមានភាពលេចធ្លោខ្លាំងនៅក្នុងលីគកំពូលធំៗរបស់ទ្វីបអឺរ៉ុបពេលបច្ចុប្បន្ននេះ តួរយ៉ាងមានដូចជាខ្សែការពារ Sergino Dest របស់ក្លិប Barcelona ខ្សែប្រយុទ្ធ Christian Pulisic របស់ Chelsea ខ្សែបម្រើ Giovanni Reyna របស់ Borussia Dortmund និងខ្សែបម្រើ Weston McKennie របស់ Juventus ជាដើម។ 


ដោយឡែកថ្មីៗនេះ Sergino Dest បានចេញមកបង្ហាញនូវភាពជឿជាក់របស់ខ្លួនថារូបគេនិងមិត្តរួមក្រុម អាចនឹងមានលទ្ធភាពជួយឲ្យជម្រើសជាតិអាមេរិកលើកពាន World Cup ឆ្នាំ២០២៦ ខាងមុខបាន។​ ខ្សែការពារ Sergino Dest៖ ខ្ញុំគិតថាយើងនឹងអាចមានឱកាសកាន់តែច្រើនក្នុងការលើកពាន World Cup ឆ្នាំ២០២៦ ខាងមុខ ព្រោះថាក្រុមជម្រើសជាតិយើងបច្ចុប្បន្នសម្បូរទៅដោយកីឡាករវ័យក្មេងដែលមានសមត្ថភាពជាច្រើន។


ជាការពិតណាស់យើងមិនអាចទាយទុកមុនថាអ្នកណាអាចលើកពានមួយនេះបាននោះទេ ព្រោះថាបាល់មូល អ្វីៗដែលអ្នករាល់គ្នាមិនរំពឹងទុកក៏អាចកើតឡើងបានដែរ។ គួរបញ្ជាក់ដែរថា Dest គឺជាកីឡាករជម្រើសជាតិអាមេរិកដំបូងគេដែលត្រូវបានក្លិប Barcelona ទិញយកមករួមក្រុមពីក្លិប Ajax នៅក្នុងទីផ្សារដោះដូររដូវក្ដៅកន្លងមកនេះ។ ក្នុងនោះតារាវ័យ២០ឆ្នាំ ត្រូវបានលោក Koeman ដាក់ឲ្យលេងជំនួសតំណែងកីឡាករ Nelson Semedo ដែលទើបនឹងផ្លាស់ទៅលេងឲ្យក្លិប Wolves ថ្មីៗនេះដែរ៕


ប្រភព​ : Marca