trollkhmer news

Giggs ជឿជាក់ថា កីឡាករចំណូលថ្មីរបស់ Manchester United ម្នាក់នេះ នឹងយោងក្រុមឲ្យលេងល្អដូច Bruno ដែរ

ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៥:៤៦

Giggs ជឿជាក់ថា កីឡាករចំណូលថ្មីរបស់ Manchester United ម្នាក់នេះ នឹងយោងក្រុមឲ្យលេងល្អដូច Bruno ដែរ



អង់គ្លេស៖ គ្រូជម្រើសជាតិវែលស៍លោក Ryan Giggs ជឿជាក់ថាខ្សែប្រយុទ្ធ Edinson  Cavani នឹងអាចយោងក្រុម Manchester United ឲ្យលេងបានល្អ ដូចទៅនឹងខ្សែបម្រើ Bruno Fernandes


ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ បានផ្ទេរមកចូលរួមជាមួយក្រុមបិសាចក្រហម នៅទីផ្សារដោះដូររដូវក្ដៅ ដែលទើបកន្លងទៅថ្មីៗនេះ។ យ៉ាងណាមិញ​ ដោយសារត្រូវនៅធ្វើចត្តាឡីស័ក តាមគោលការណ៍ច្បាប់ប្រទេសអង់គ្លេស ដូច្នេះមានន័យថារូបគេមិនមាន​វត្តមានក្នុងជំនួប Man UTD យកឈ្នះ​ Newcastle ១-៤ កាលពីសប្ដាហ៍មុនឡើយ ហើយកាលពីថ្ងៃអង្គារកន្លងទៅនេះ ក៏រូបគេមិនបានធ្វើដំណើរជាមួយក្រុមលោក Ole Gunnar Solskajer ទៅប្រកួតទល់នឹងក្រុម Paris Saint-Germain ក្នុងព្រឹត្តិការណ៍ Champions League ដែរ។


យ៉ាងណាមិញ អ្នកចាត់ការក្រុម Man UTD លោក Ole បានបង្ហើបថា Cavani អាចនឹងបង្ហាញខ្លួនលើកដំបូងឲ្យក្រុមរបស់លោក ក្នុងជំនួបទល់នឹងក្រុមតោខៀវ Chelsea នៅយប់ស្អែកនេះ។ ជាមួយគ្នានេះដែរ អតីតម្ចាស់អាវលេខ១១ ក្រុមបិសាចក្រហមលោក Giggs យល់ឃើញថា ជើងស៊ុតជម្រើសជាតិអ៊ុយរ៉ាហ្កាយ នឹងអាចជួយលើកក្រុម Man UTD ឲ្យលេងល្អបានមួយកម្រិតទៀត។


Giggs បានថ្លែងក្នុងកម្មវិធី Webby & O'Neill យ៉ាងដូច្នេះថា៖ ខ្ញុំធ្លាប់លេងប៉ះ Cavani កាលពីប្រកួតលើកទីរបស់ខ្ញុំឲ្យជម្រើសជាតិវែលស៍ ហើយប្រកួតនោះគាត់លេងល្អជាង Lusi Suarez ទៅទៀត។ ខ្ញុំមិនដែលគិតទេ ថាគាត់ល្អដល់ថ្នាក់នេះ។ គាត់ខានចូលលេងយូរគួសម ដូច្នេះប្រហែលជាលំបាកបន្តិចសម្រាប់គាត់។ ប៉ុន្តែមិនថ្វីអ្នក ( Man UTD ) ទទួលបានខ្សែប្រយុទ្ធកណ្ដាលចំមួយរូប ដែលអាចនាំលេងតំបន់ប្រយុទ្ធហើយ។ គាត់មានបទពិសោធន៍ច្រើន ហើយខ្ញុំគ្រាន់តែសង្ឃឹមថាគាត់នឹងធ្វើបានល្អដូច Bruno អាចជួយកីឡាករជុំវិញខ្លួនឲ្យមានភាពប្រសើរឡើង។



មូលហេតុដែល Giggs ចង់ឃើញ Cavani ល្អដូចជា Bruno គឺដោយសារតែ ខ្សែបម្រើសញ្ជាតិព័រទុយកាល់រូបនេះ បានជួយកែប្រែទម្រង់លេងរបស់ Man UTD ឲ្យមានភាពប្រសើឡើងច្រើន រយៈពេលពាក់កណ្ដាលរដូវកាលមុន និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមលោក Ole  ទទួលបានកៅអី Champions League នៅរដូវកាលនេះ។ ហើយបើគិតចាប់តាំងពីផ្លាស់ពីក្លិប Sporting កាលពីមករា ឆ្នាំ២០២០ មក Bruo បង្កើតឱកាសរកគ្រាប់បាល់ឲ្យក្រុមបិសាចក្រហមបាន ២៧គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន២៨ប្រកួត ពោលគឺស៊ុតបញ្ចូលទីបាន១៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១១ដង


ប្រភព​ : AF