trollkhmer news

ទឹកទន្លេវ៉ៃគោ ឡើងលើសកម្រិតប្រកាសអាសន្ន, អភិបាលខេត្ត បញ្ជាឲ្យរៀបចំបាវខ្សាច់ទប់ទឹក កុំឲ្យចូលក្រុងស្វាយរៀង

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៥:៤៤

ទឹកទន្លេវ៉ៃគោ ឡើងលើសកម្រិតប្រកាសអាសន្ន, អភិបាលខេត្ត បញ្ជាឲ្យរៀបចំបាវខ្សាច់ទប់ទឹក កុំឲ្យចូលក្រុងស្វាយរៀង

(ស្វាយរៀង)៖ ស្ថានភាពទឹកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង បានហក់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្នហើយ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

ជាមួយស្ថានភាពនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពនានា ជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃ ធ្វើការរៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោ ទៅខាងលិចដល់គល់ស្ពាន ពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។

លោកអភិបាលខេត្តបានអះអាងថា តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម វិសម្ពាធ និងសម្ពាធទាប ដែលបណ្ដាលមកពីព្យុះទី១៧ ឈ្មោះ សូឌែល នឹងនាំឲ្យមានភ្លៀងធ្លាក់បន្តទៀតនាពេលខាងមុខ ដែលឲ្យកម្ពស់ទឹកកាន់តែមានការកើនឡើង អាចបង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះហើយទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានចាត់វិធានការបន្ថែមទៀត រៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹកនៅទីតាំងនេះ បន្ទាប់ពីបានលើកជាទំនប់ទប់ទឹករួចហើយ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ដើម្បីបញ្ចៀសការជន់លិច និងបង្កាករណីទឹកហៀរហូរកាត់ផ្លូវ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង។

ហើយក្រៅពីវិធានការនេះ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញរៀបចំបាវខ្សាច់ យកទៅទប់នៅមាត់រ៉ឺហ្គែរលូ ដើម្បីទប់ទឹកហៀរពីខាងក្រៅហូរចូលមកក្នុងក្រុងវិញ និងត្រៀមម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដាក់នៅតាមទីតាំងសំខាន់ៗ ដើម្បីបូមទឹកចេញពីក្នុងក្រុង ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកហូរចេញយឺត និងមានការជន់លិចកើតឡើង។

ជាមួយគ្នានេះ លោក ម៉ែន វិបុល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានា ដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះ ឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឲ្យលេងទឹក ប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ។

ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ហើយរដ្ឋបាលខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ៕




ប្រភព​ : freshnewsasia