trollkhmer news

ខេត្តព្រះសីហនុ៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយប្រហារស្រុកព្រៃនប់ អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:១៨

ខេត្តព្រះសីហនុ៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយប្រហារស្រុកព្រៃនប់ អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋ

(ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈមេឃធ្លាក់ភ្លៀងជាបន្ដបន្ទាប់តាំងពីថ្ងៃទី១៥ ខែតុលាម្សិលមិញ រហូតមកដល់ព្រឹកនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង បានលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋមួយនៅឃុំទួលទទឹង ស្រុកព្រៃនប់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កំពុងតែជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិចលង់ មកកាន់ទីទួលមានសុវត្ថិភាព។ ដោយឡែក ស្ថានភាពទឹកនេះ ក៏ឡើងប្រៀងនឹងផ្លូវជាតិលេខ៤ផងដែរ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលប្រឈមជាមួយសម្ពាធទាបមកពីប្រទេសវៀតណាម នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕




ប្រភព​ : freshnewsasia