trollkhmer news

នោះចប់បាត់ពូដូ! រដ្ឋមន្ត្រី​កីឡា​អ៊ី​តា​លី​គិត​ថា Ronaldo បាន​បំពាន​លើ​ច្បាប់​ប្រឆាំង​កូ​វី​ដ​១៩

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ០៩:០៩

នោះចប់បាត់ពូដូ! រដ្ឋមន្ត្រី​កីឡា​អ៊ី​តា​លី​គិត​ថា Ronaldo បាន​បំពាន​លើ​ច្បាប់​ប្រឆាំង​កូ​វី​ដ​១៩




អ៊ី​តា​លី ៖ រដ្ឋមន្ត្រី​កីឡា​របស់​ប្រទេស​អ៊ី​តា​លី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កីឡាករ Cristiano Ronaldo អាច​នឹង​បំពាន​ច្បាប់​សុខភាព នៅ​ពេល​ដែល​គេ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​អ៊ី​តា​លី​វិញ បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 នៅ​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​។


ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus រូប​នេះ បាន​ហោះ​ត្រឡប់​មក​កាន់​ប្រទេស​អ៊ី​តា​លី​វិញ តាម​រយៈ​យន្ដហោះ​ឯកជន​មួយ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ចូល​មក​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​។ លោក Vincenzo Spadafora ដែល​ជា​រដ្ឋមន្ត្រីក្រសួង​កីឡា​អ៊ី​តា​លី ត្រូវ​បាន​គេ​សួរ​ក្នុង​បទ​សម្ភាសន៍​តាម​រយៈ​វិទ្យុ​មួយ​ថា តើ Ronaldo អាច​នឹង​បំពាន​ច្បាប់​សុខភាព​ក្នុង​ការ​ធ្វើ​ដូច្នេះ​ដែរ​ឬទេ? លោក​បាន​ឆ្លើយ​តប​ថា «​បាទ​! ខ្ញុំ​គិត​ថា​គេ​បាន​រំលោភ​បំពាន​លើ​ពិធីសារប្រឆាំង Covid-19 ប្រសិនបើ​មិន​មានការ​អនុញ្ញាត​ណាមួយ​ពី​អាជ្ញាធរ​សុខាភិបាល​»​។


ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​ក្លិប Juventus លោក Andrea Agnelli បាន​អះអាង​ក្នុង​សន្និសីទកាសែត​មួយ​ថា គ្មាន​ច្បាប់​ណាមួយ​ដែល​ពួក​គេ​បាន​រំលោភ​បំពាន​នោះ​ទេ​។ «​បើ​ចង់​ដឹង​ច្បាស់ អ្នក​ត្រូវ​តែ​ទូរស័ព្ទ​ទៅ​ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឱ្យ​ពួក​គេ​ពន្យល់​ពី​អ្វី​ដែល​ពួក​យើង​បាន​រំលោភ​បំពាន​»​។ សូម​រំលឹក​ថា កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ក្លិប Juventus បាន​ប្រកាស​ថា Ronaldo បាន​វិល​ត្រឡប់​តាម​រយៈ​ជើងហោះហើរ​វេជ្ជសាស្ត្រ (​យន្តហោះ​ពេទ្យ​) ដែល​ទទួល​បានការ​អនុញ្ញាត​ត្រឹមត្រូវ​ដោយ​អាជ្ញាធរ​សុខភាព​របស់​ប្រទេស​អ៊ី​តា​លី​៕


ប្រភព​ : Reuters