trollkhmer news

ព្រមទិញហើយ! Manchester United បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែការពារម្នាក់នេះពីក្លិប FC Porto

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៧:២៦

ព្រមទិញហើយ! Manchester United បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែការពារម្នាក់នេះពីក្លិប FC Porto



បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានព្រមព្រៀងកុងត្រា៥ឆ្នាំជាមួយនឹងខ្សែការពារស្លាបឆ្វេងរបស់ក្លិប FC Porto កីឡាករ Alex Telles



អ្នកសារព័ត៌មានផ្នែកកីឡាសញ្ជាតិបារាំង លោក Mohamed Bouhafsi បានរាយការណ៍មកថា Man UTD បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងជម្រើសជាតិប្រេស៊ីលហើយ នៅឡើយតែការព្រមព្រៀងតម្លៃគ្នារវាងក្លិបនឹងក្លិបប៉ុណ្ណោះ។



ក្លិបដែលដឹកនាំដោយលោក Ole Gunnar Solskjaer កំពុងតែមមាញឹកខ្លាំង ក្នុងការស្វែងរកខ្សែការពារស្លាបឆ្វេងថ្មីម្នាក់ ដោយកាលពីពេលថ្មីៗនេះ ពួកគេបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Sergio Reguilon របស់ Real Madrid ។ យ៉ាងណាមិញ Reguilon ត្រូវបានក្លិបយក្សអេស្ប៉ាញលក់ឲ្យក្លិបមាន់ខ្នាយមាស Tottenham Spur ទៅវិញ ក្នុងតម្លៃ២៧លានផោន ក្រោយពីការផ្ទេរទៅទឹកដី Old Trafford បរាជ័យ។


ជាមួយគ្នានេះ មូលហេតុដែលការផ្ទេរ Reguilon បរាជ័យ គឺដោយសារតែ Man UTD មិនយល់ស្របនូវលក្ខខណ្ឌទិញត្រឡប់មកវិញរបស់ Real Madrid ហេតុដូចនេះហើយ ទើបពួកគេបង្វែរទៅចរចាយក Telles ពី Porto វិញ។


គួរឲ្យដឹងដែរថា​ Telles បានចំណាយពេល ៤ឆ្នាំមកហើយជាមួយ Porto ក្នុងនោះគេបង្ហាញខ្លួនបាន ១៩២ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ ដោយឡែកបើតាមប្រភពដដែល ខ្សែការពារស្លាបឆ្វេងវ័យ ២៧ឆ្នាំក៏ជាគោលដៅរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ផងដែរ ខណៈក្លិប Porto ទាមទារ ២២,៩លានផោន (ឬប្រមាណ២៩លានដុល្លារ) សម្រាប់តម្លៃខ្លួនកីឡាកររូបនេះ៕



ប្រភព​ : express