trollkhmer news

ចុមថ្លៃណាស់! Man City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ២១ឆ្នាំរូបនេះហើយ

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៦:២៧

ចុមថ្លៃណាស់! Man City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ២១ឆ្នាំរូបនេះហើយ



បរទេស៖ បើតាមគេហទំព័រ Foot Mercato បានឲ្យដឹងថាក្លិប Manchester City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារឆ្នើមម្នាក់របស់ក្លិប Sevilla គឺកីឡាករ Jules Kounde ក្នុងការនាំយករូបគេមកលេងនៅ Premier League រដូវកាលថ្មីនេះ។ 


នៅក្នុងលក្ខខណ្ឌនោះដែរ Kounde យល់ព្រមចុះកិច្ចសន្យាចំនួន៥ឆ្នាំជាមួយក្លិបលោក Pep Guardiola មួយនេះ។​ ប៉ុន្តែរវាងក្លិប Sevilla និង Man City មិនទាន់ត្រូវរូវគ្នាជាមួយតម្លៃខ្លួនកីឡាករវ័យ ២១ឆ្នាំរូបនេះនៅឡើយទេ។ 


ហើយបើតាមរបាយការណ៍បានបន្ថែមទៀតថាក្លិប Sevilla ទាមទារតម្លៃខ្លួនកីឡាករសញ្ជាតិបារាំងរូបនេះដល់ទៅ ៦៤លានផោនឯណោះ (ឬប្រមាណ៨២លានដុល្លារ) ប៉ុន្តែក្លិប Man City សុំចុះនៅត្រឹម៥៤លានផោន (ឬ៦៩លានដុល្លារ)។ ដោយឡែកសម្រាប់ការសម្រេចចុងក្រោយនៅត្រូវធ្វើឡើងនៅពេលដ៏ខ្លីខាងមុខនេះ។ 


គួរឲ្យដឹងដែរថា Jules Kounde ជាតួសំខាន់ម្នាក់ដែលជួយឲ្យក្លិប Sevilla លើកពាន Europa League រដូវកាល ២០១៩/២០ កន្លងមកនេះ។ លើសពីនេះរូបគេក៏ជាចំណាប់អារម្មណ៍របស់ក្លិប Real Madrid និង Barcelona ផងដែរ ក្រោយផ្លាស់ចេញពីក្លិប Bordeaux មកចូលរួមជាមួយ Sevilla កាលពីរដូវក្ដៅមុន៕ 



ប្រភព​ : The Sun