trollkhmer news

កាសែតអាមេរិកបញ្ចេញរបាយការណ៍ស្តីពីការផ្ទុះជំងឺ COVID-19 នៅតាមមហាវិទ្យាល័យរាប់ពាន់កន្លែង

ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៥:៤០

កាសែតអាមេរិកបញ្ចេញរបាយការណ៍ស្តីពីការផ្ទុះជំងឺ COVID-19 នៅតាមមហាវិទ្យាល័យរាប់ពាន់កន្លែង

(វ៉ាស៊ីនតោន)៖ ការស្រង់ស្ថិតិធ្វើឡើងដោយកាសែតញូយ៉កថែមស៍ (New York Times) នៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិកជាង ១,៦០០កន្លែងបានបង្ហាញឲ្យឃើញថា យ៉ាងហោចណាស់និស្សិត និងបុគ្គលិកសាលាសរុប ៨៨,០០០នាក់បានឆ្លង COVID-19 ក្នុងនោះ ៦០នាក់បានស្លាប់ ចាប់តាំងពីមានការរាតត្បាតនៃជំងឺសកលនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ New York Times បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភាគច្រើននៃការស្លាប់ខាងលើ ត្រូវបានរាយការណ៍នៅនិទាឃរដូវ និងភាគច្រើនជាបុគ្គលិកមហាវិទ្យាល័យ មិនមែនជានិស្សិតនោះទេ»។

ទន្ទឹមនឹងនេះមហាវិទ្យាល័យជាង ១៥០កន្លែង ក៏បានរាយការណ៍ពីករណីឆ្លង COVID-19 យ៉ាងហោចណាស់ ១០០ករណីចាប់តាំងពីការរាតត្បាតនៃជំងឺសកលនេះផងដែរ រាប់បញ្ចូលទាំងមនុស្សរាប់សិបនាក់ទៀត ដែលបានកត់សម្គាល់ឃើញនូវការកើនឡើង ក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលថ្នាក់រៀន និងកន្លែងស្នាក់នៅបានចាប់ផ្តើមបើកទ្វារឡើងវិញ។



លើសពីនេះករណីឆ្លង COVID-19 រាប់រយករណីផ្សេងទៀត ត្រូវបានរាយការណ៍ពីសាកលវិទ្យាល័យអាមេរិក រួមទាំងសកលវិទ្យាល័យអុកស្វឺដ (Oxford) នៃរដ្ឋមីសួរី (Missouri), សកលវិទ្យាល័យអាធិនស៍ (Athens) នៃរដ្ឋហ្សកហ្ស៊ី (Georgia) និងសកលវិទ្យាល័យ ខេមផេញ (Champaign នៃរដ្ឋអ៉ីលីណយស៍ (Illinois) ដែលជាកន្លែងដែលមានករណីឆ្លងច្រើនជាងគេ។ យ៉ាងណាមិញ មហាវិទ្យាល័យ និងសកលវិទ្យាល័យមួយចំនួន បាននិងកំពុងព្យាយាមដោះស្រាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នេះផងដែរ ស្របពេលនៃការចាប់ផ្ដើមឡើងវិញនូវរដូវឆមាសថ្មី ដែលជិតនឹងមកដល់នេះ ហើយក៏ជាហេតុដែលធ្វើឲ្យមានការស្មុគស្មាញយ៉ាងខ្លាំង ដល់តំបន់ដែលមានករណីឆ្លងច្រើន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បានឲ្យដឹងថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបជាង ៦.៧៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយជាង ៤លាននាក់៕

ប្រភព​ : freshnewsasia