trollkhmer news

ភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក រីករាលដាលកាន់តែអាក្រក់, រដ្ឋអូរ៉េហ្គនរងគ្រោះធ្ងន់ជាងគេ

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១០:០៦

ភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក រីករាលដាលកាន់តែអាក្រក់, រដ្ឋអូរ៉េហ្គនរងគ្រោះធ្ងន់ជាងគេ

(អូរ៉េហ្គន)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ភ្លើងឆេះព្រៃដ៏ធំមួយ នៅតែបន្តឆេះរីករាលដាលលើព្រៃឈើ និងក្រុងតូចៗមួយចំនួន នៅក្នុងរដ្ឋភាគខាងលិចសហរដ្ឋអាមេរិក ដោយបានបំផ្លាញលំនៅឋានរាប់រយខ្នង និងសម្លាប់មនុស្សយ៉ាងហោចណាស់ ០៩នាក់មកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មនុស្ស០៤នាក់ទៀតបានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ខណៈមនុស្ស ០៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋអូរ៉េហ្គន (Oregon) និងក្មេងប្រុសអាយុ ១ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត (Washington State)។ ដោយឡែកមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវប្រឈមមុខនឹងការជម្លៀស ចេញពីរដ្ឋទាំងបីនេះតែម្តង។

សម្រាប់នៅរដ្ឋកាលីហ្វ័រញ៉ា និងអូរ៉េហ្គន ទិដ្ឋភាពភ្លើងឆេះព្រៃដ៏គួរឲ្យភ័យខ្លាច បានប្រែក្លាយពេលយប់ទៅពេលពេលល្ងាច ដោយពន្លឺក្រហមចេញពីភ្លើងឆេះព្រៃ បានធ្វើឲ្យដុំពពក និងផ្សែងហុយប្រែទៅជាពណ៌លឿងទុំ ដូចថ្ងៃទើបនឹងលិច។ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែករូបភាពដ៏គួរឲ្យព្រឺព្រួចនេះ និងបួងសួងឲ្យប្រជាជនរស់នៅតាមបណ្តារដ្ឋទាំងនោះ ឆាប់រួចផុតពីគ្រោះមហន្តរាយធម្មជាតិនេះ។

គួរជម្រាបថា ខ្យល់បក់ខ្លាំង និងបរិយាកាសក្តៅហួតហែង បានបង្កឲ្យមានភ្លើងឆេះព្រៃប្រមាណជា ១០០កន្លែង នៅភាគខាងលិចនៃសហរដ្ឋអាមេរិក ជាពិសេសរដ្ឋ អូរ៉េហ្គន (Oregon) គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលវាកំពុងឆាបឆេះលើផ្ទៃដីជាង ៩សែនហិកតា និងបង្ខំឲ្យប្រជាជនជាង ៤ម៉ឺននាក់នៅទូទាំងរដ្ឋ ត្រូវជម្លៀសខ្លួនចេញផងដែរ៕





ប្រភព​ : freshnewsasia