trollkhmer news

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រមូល​មេដាយ​ឈ្នះ​ពី​ស៊ីហ្គេម​ទាំង​ពីរ​លើក​ចុង​ក្រោយមក​វិញ​

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៧:១១

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រមូល​មេដាយ​ឈ្នះ​ពី​ស៊ីហ្គេម​ទាំង​ពីរ​លើក​ចុង​ក្រោយមក​វិញ​


បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ផេក​ Cambodia SEA GAMES 2023​ មុន​នេះ​បាន​បង្ហាញ​ថា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ដែល​ដឹកនាំ​ដោយ​ ឯកឧត្ដម​ តែម​ ម៉ឺន ​ព្រឹក​មិញ​នេះ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​បាន​ជួបជុំ​ជា​មួយ​ក្រុម​កីឡាករ​ដែល​បាន​ឈ្នះ​មេដាយ​នានា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្កេម​ ឆ្នាំ​២០១៧​ និង​ ២០១៩​ ប្រមូល​មេដាយ​ទាំង​នោះ​មក​វិញ។​


រូបភាពលើផេក Cambodia SEA GAMES 2023​

ឯកឧត្ដម​ តែម​ ម៉ឺន ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​លើក​ឡើង​ថា​ ការ​ជួបជុំ​នេះ​ជា​ការ​ប្រមូល​ផ្ដុំ​នូវ​សមិទ្ធផល​ជយលាភី​មេដាយ​មាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំរឹទ្ធ​កន្លង​ទៅ​ដើម្បី​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​កីឡា​តាម​ការ​ណែនាំ​ជា​គោលការណ៍​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ការ​តម្កល់​ស្នាដៃ​ទាំង​នេះ​មាន​ដូច​ជា​មេដាយ​ ឯកសារ​ពាក់ព័ន្ធ​ និង​ប្រវត្តិរូប​ រូបថត​ នៃ​ស៊ីហ្គេម​ទាំង​ពីរ​លើក​ឯ​ម៉ាឡេស៊ី​ ហ្វីលីពីន។​ នេះ​គឺ​ជា​តម្លៃ​ដ៏​ថ្លៃថ្លា​ណាស់​ដែល​បាន​កើត​ចេញ​ពី​ការ​ខិតខំ​ ប្រឹងប្រែង​របស់​កីឡាករ​ គ្រូ​បង្វឹក​ ដែល​ស្នាដៃ​នេះ​នឹង​មិន​ត្រឹម​តែ​តម្កល់​ទុក​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​កីឡា​កម្ពុជា​នៃ​ក្រសួង​ អប់រំ​ យុវជន និង​កីឡា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​អាច​នឹង​តម្កល់​ទុក​ជា​ស្នាដៃ​នៅ​តាម​ស្ថាប័ន​រាជរដ្ឋាភិបាល​ទៀត។​


រូបភាពលើផេក Cambodia SEA GAMES 2023​

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ទើប​តែ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ បាន​ពីរ​លើក​នោះ​ទេ​នៅ​ឆ្នាំ​ ២០១៧​ ប្រទេស​ម៉ាឡេស៊ី​ និង​ ២០១៩​ ហ្វីលីពីន។​ សរុប​ទាំង​ពីរ​លើក​នេះ​កីឡាករ​គុន​ខ្មែរ​ និង​ ឃីក​បុកស៊ីង ​(Kick Boxing)​ ឈ្នះ​មេដាយ​ ១០​គ្រឿង​ មាស១ប្រាក់១សំរឺទ្ធ៨ (ឆ្នាំ​២០១៧​ ឃីម​ ឌីម៉ា​ មាស១​ ម៉ឺន​ សុភា​ ប្រាក់១​ ឡៅ ចិត្រា​ សំរឹទ្ធ១ ​ វ៉ាន់​ វឿន​ សំរឹទ្ធ១)​ (ឆ្នាំ​២០១៩ ឡៅ​ ចិត្រា សំរឹទ្ធ១​ វ៉ាន់​ វឿន​ សំរឹទ្ធ១​ ហ៊ឹម​ គឹមរៀង​ សំរឹទ្ធ១ ប្រភេទ​គុន​ខ្មែរ​) (ឃីកបុកស៊ីង​ Kick Boxing​ ឡៅ​ ចន្រ្ទា​ សំរឹទ្ធ១​ សុខ​ សាវិន​ សំរឹទ្ធ១​ ខេម​ ចាន់​ សំរឹទ្ធ១)៕​


ប្រភព​ : Cambodia SEA GAMES 2023​