trollkhmer news

អុីតាលី បើកទ្វារសារជាថ្មី ដើម្បីទទួលភ្ញៀវទេសចរអឺរ៉ុបចូលទៅកម្សាន្ត​ក្នុងប្រទេសរបស់ខ្លួន

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៤:៣៩

អុីតាលី បើកទ្វារសារជាថ្មី ដើម្បីទទួលភ្ញៀវទេសចរអឺរ៉ុបចូលទៅកម្សាន្ត​ក្នុងប្រទេសរបស់ខ្លួន

(រ៉ូម)៖ អាជ្ញាធរអុីតាលី បានសម្រេចចិត្ត បើកទ្វារឡើងវិញនៅថ្ងៃពុធនេះ ដើម្បីទទួលយកអ្នកទេសចរអឺរ៉ុប ចូលលេងកម្សាន្តប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះបានចាត់វិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង ៣ខែកន្លងមកនេះ ជាមួយក្តីសង្ឈឹមថា នឹងអាចទាក់ទាញភ្ញៀងទេសចរយ៉ាងច្រើន មកតាមបណ្តាប្រទេសអឺរ៉ុប ខណៈរដូវក្តៅបានចាប់ផ្តើមហើយ។ 



អុីតាលីជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានរងការវាយប្រហារខ្លាំងបំផុត​​ដោយសារជំងឺរាតត្បាតសកល COVID-19 ដោយមានស្លាប់ដោយសារជំងឺនេះរហូតដល់ជាង ៣៣,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ២៣៣,០០០ករណី។ វិធានការបិទទ្វារប្រទេសរបស់អុីតាលី បានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចជាតិ ជាពិសេសទៅលើវិស័យទេសចរណ៍ ដែលតំណាងឲ្យផលិតផលក្នុងស្រុកសរុបប្រមាណ ១៣%។ កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ ភោជនីយដ្ឋានត្រូវបានបិទទ្វារ ខណៈសណ្ឋាគារជាច្រើនត្រូវបានរដ្ឋាភិបាល យកទៅប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺ COVID-19។



នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធំបំផុត បើរាប់ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលប្រទេសមួយនេះកំពុងប្រឈម វាបានធ្វើឲ្យការបើកដំណើរការឡើងវិញនូវវិស័យទេសចរណ៍ មានការចាំបាច់យ៉ាងខ្លាំង និងឆាប់រហ័សតាមទៅអាចធ្វើទៅបាន។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះគឺឆាប់រហ័សពេកហើយ ខណៈស្ថានការណ៍ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយទេ ជាពិសេសនៅតំបន់ ឡុមបាឌី (Lombardy) ភាគខាងជើងប្រទេសទេស៕

ប្រភព​ : BBC