trollkhmer news

ប្រទេសឥណ្ឌា កំពុងប្រឈមមុខការវាយប្រហារដោយព្យុះស៊ីក្លូន ខណៈប្រទេសនេះកំពុងរងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរ

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១១:៤៧

ប្រទេសឥណ្ឌា កំពុងប្រឈមមុខការវាយប្រហារដោយព្យុះស៊ីក្លូន ខណៈប្រទេសនេះកំពុងរងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរ

ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះកំពុងប្រឈមមុខការវាយប្រហារ​ដោយព្យុះស៊ីក្លូនថ្មីមួយផ្សេងទៀតហើយ ស្របពេលដែលស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ 



អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ពួកគេបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់ទំនាប នៅជុំវិញទីក្រុង ម៉ុមបៃ (Mumbai) ព្រោះព្យុះស៊ីក្លូនថ្មីមួយត្រូវគេរំពឹងថា នឹងបោកបក់មកដល់បណ្តោយឆ្នេរភាគខាងលិច របស់ប្រទេសឥណ្ឌានៅថ្ងៃពុធសប្តាហ៍នេះ។ តាមការព្យាករណ៍ ព្យុះស៊ីក្លូនដែលមានឈ្មោះថា នីសាហ្គា (Nisarga) និងប្រភពមកពីសមុទ្រអារ៉ាប់នឹងមកដល់ក្បែរទីក្រុង​ដែលមានមនុស្សរស់នៅច្រើនបំផុតរបស់ឥណ្ឌាមួយនេះ នៅពេលរសៀលថ្ងៃពុធនេះ។



ការមកដល់នៃព្យុះស៊ីក្លូន Nisarga នឹងដាក់បន្ទុកកាន់តែខ្លាំងថែមទៀត​ទៅលើបណ្តាភ្នាក់ងារផ្នែកសង្រ្គោះបន្ទាន់របស់ឥណ្ឌា ដែលកំពុងតែរវល់វីវក់ស្រាប់ ដោយសារវិបត្តិជំងឺឆ្លង COVID-19។ ក្នុងចំណោមករណីឆ្លង ១៩៩,៦១៣ករណី នៅទូទាំងប្រទេសនៅទីក្រុង Mumbai មានជាង ៥៣,០០០ករណី។ ដោយឡែកក្នុងចំណោមករណីស្លាប់សរុបជាង ៥,៦០០នាក់វិញ នៅ Mumbai មានជាង ១,៦០០នាក់។



គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ ព្យុះស៊ីក្លូនដ៏ខ្លាំងមិនធ្លាប់មានមួយ បានបោកបក់ឆ្លងកាត់រដ្ឋ អូឌីសា (Odisha) និង វែសត៍បឹងហ្គាល់ (West Bengal) នៅភាគខាងកើតប្រទេសឥណ្ឌា ដែលបង្កការខូចខាតទំហំដល់ទៅ ១៣ពាន់លានដុល្លារលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ ព្រមទាំងបង្កឲ្យមនុស្សស្លាប់សរុបច្រើនជាង ១០០នាក់ គិតទាំងនៅក្នុងប្រទេសឥណ្ឌាផ្ទាល់ និងនៅបង់ក្លាដែសដែលនៅជិតខាងគ្នា៕

ប្រភព​ : reuters