trollkhmer news

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនស្ថានភាពអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ននោះទេ

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:៥៩

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនស្ថានភាពអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ននោះទេ


(បាត់ដំបង)៖
 ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអះអាងថា ប្រសិនបើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុតពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ។

សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺមិនទាន់មានទេ [ដាក់ប្រទេសក្នុងគ្រាមានអាសន្ន] ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះ (COVID-19) ជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ»

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ តាមតួលេខដែលសម្ដេចទទួលបានពី អគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនេះ បានប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានចំនួនប្រមាណ២១,០០០នាក់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករ ដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់។



ប្រែសំរួលដោយ : TK

ប្រភព​ : freshnewsasia