trollkhmer news

សម្តេចតេជោ ហ៊ុន សែន៖ ទឹកប្រាក់ពីការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ប្រយុទ្ធនឹងកូវីដ១៩ មានចំនួនជិត៩លានដុល្លារហើយ

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៦:៣៣

សម្តេចតេជោ ហ៊ុន សែន៖ ទឹកប្រាក់ពីការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ប្រយុទ្ធនឹងកូវីដ១៩ មានចំនួនជិត៩លានដុល្លារហើយ


(ភ្នំពេញ)៖
 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ការឧបត្ថម្ភរបស់សប្បុរសជននានា សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ មានទឹកប្រាក់ជិត ៩លានដុល្លារអាមេរិកហើយ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤០០នាក់។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួន សម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ចំពោះការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនផងដែរ ហើយសម្តេចចាត់ទុកថា នេះគឺជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នាទៅវិញទៅមក។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនេះ ទួលព្រះបង្គំខ្ញុំ តាងនាមឲ្យរាជរដ្ឋាភិបាល សូមអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចព្រះវរៈមាតាជាតិខ្មែរ សម្តេចម៉ែ ដែលព្រះអង្គបានចូលរួមវិភាគទាន ដោយចាប់ផ្តើមមុនគេ នៃការប្រទានជំនួយសប្បុរសនេះ។ ចេញពីព្រះមហាក្សត្រ និងចេញពីសម្តេចម៉ែរបស់យើង ព្រះមហាក្សត្រ ១០ម៉ឺនដុល្លារ សម្តេចម៉ែ ២០ម៉ឺនដុល្លារ បន្ទាប់ទៅសប្បុរសជន ក៏បានចាប់ផ្តើមចូលរួម ដែលមកដល់ពេលនេះ ថវិកាដែលបានចូលរួមរបស់សប្បុរសជន បានប្រមាណជិត ៩លានដុល្លារ»







ប្រភព​ : freshnewsasia