trollkhmer news

ស្ត្រីវូហានម្នាក់ ចម្លងកូរ៉ូណាវីរុស (COVID-19) ទៅសាច់ញាតិ ៥ នាក់ ទាំងដែលមិនមានរោគសញ្ញា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១១:២៩

ស្ត្រីវូហានម្នាក់ ចម្លងកូរ៉ូណាវីរុស (COVID-19) ទៅសាច់ញាតិ ៥ នាក់ ទាំងដែលមិនមានរោគសញ្ញា

អ្នកវិទ្យាសាស្ត្រចិននៅថ្ងៃសុក្រ (២១ កុម្ភៈ) បានបង្ហាញនូវអំណះអំណាងថ្មីដែលថា កូរ៉ូណាវីរុសអាចចម្លងទៅអ្នកដទៃទាំងដែលមិនទាន់មានរោគសញ្ញា។ ការណ៍នេះ ដោយសារតែមានករណីនារីជនជាតិចិន វ័យ២០ឆ្នាំម្នាក់ មកពីវូហានធ្វើដំណើរ ៦៧៥ គីឡូម៉ែត្រទៅខេត្តអានយ៉ាងជាទីដែលនាងចម្លងកូរ៉ូណាវីរុសទៅកាន់សាច់ញាតិ ៥ នាក់ ទាំងដែលមិនទាន់រោគសញ្ញាអ្វីទាល់តែសោះ។



យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត Meiyun Wang នៃមន្ទីរពេទ្យប្រជាជននៃសាកលវិទ្យាល័យ Zhengzhou និងក្រុមការងាររបស់លោកបានឱ្យដឹងថា នារីរូបនេះបានធ្វើដំណើរពីទីក្រុងវូហានទៅកាន់ទីក្រុងអានយ៉ាងកាលពីថ្ងៃទី១០ ខែមករា និងបានទៅសួរសុខទុក្ខសាច់ញាតិ។



នៅពេលដែលពួកគេចាប់ផ្តើមឈឺ គ្រូពេទ្យបានញែកស្ត្រីនោះចេញ ហើយធ្វើតេស្តនាងរកកូរ៉ូណាវីរុស។ ដំបូង ស្ត្រីវ័យក្មេងរូបនេះ ធ្វើតេស្តមិនឃើញមានអ្វីទេ ប៉ុន្តែក្រោយតាមដានធ្វើតេស្តម្ដងហើយ ម្ដងទៀត នាងរកឃើញមានផ្ទុកកូរ៉ូណាវីរុស។ សាច់ញាតិទាំង ៥ នាក់របស់នាង បានបង្ហាញរោគសញ្ញា COVID-19 ប៉ុន្តែរហូតមកដល់ថ្ងៃទី ១១ ខែកុម្ភៈ នារីវ័យក្មេងរូបនេះនៅតែមិនទាន់មានរោគសញ្ញាអ្វីនៅឡើយ សួតរបស់នាងនៅតែមានសភាពធម្មតា ហើយនាងគ្មានគ្រុនក្តៅ  ឬរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកឬឈឺបំពង់កឡើយ។ 

អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រសិនបើការរកឃើញថា នាងមានផ្ទុកវីរុសកូរ៉ូណា តែមិនបង្ហាញរោគសញ្ញា “ ការទប់ស្កាត់ COVID-19 អាចជាបញ្ហាប្រឈម” ។ និងបានចោទជាសំណួរថា តើការចម្លងបែបនេះកើតឡើងច្រើនប៉ុនណាហើយ ករណីអំឡុងពេលដែលមិនបង្ហាញរោគសញ្ញា ប៉ុន្តែមានផ្ទុកវីរុស៕

ប្រែសំរួលដោយ : TK

ប្រភព​ : channelnewsasia