trollkhmer news

អង្គការសុខភាពពិភពលោក៖ បង្អួចនៃឱកាស ដើម្បីខ្ទប់កូរ៉ូណាវីរុស ហាក់ដូចជា “រួមតូច”

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៤៤

អង្គការសុខភាពពិភពលោក៖ បង្អួចនៃឱកាស ដើម្បីខ្ទប់កូរ៉ូណាវីរុស ហាក់ដូចជា “រួមតូច”

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភអំពីករណីឆ្លង កូរ៉ូណាវីរុសថ្មីដែលមិនមានទំនាក់ទំនងច្បាស់លាស់ទៅនឹងប្រទេសចិន ឬករណីឆ្លងផ្សេងទៀត។ 



លោកបានមានប្រសាសន៍ថា បង្អួចនៃឱកាស ដើម្បីខ្ទប់វីរុសនេះ ហាក់ដូចជា “រួមតូច”។ ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ធ្វើឡើង ក្រោយអ៊ីរ៉ង់ ប្រកាសករណីស្លាប់ ២នាក់ទៀតដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនដល់ ៤នាក់។ មន្ត្រីសុខាភិបាលអ៊ីរ៉ង់បាននិយាយថា វីរុសអាចនឹងមាននៅពាសពេញ “ទីក្រុងរបស់អ៊ីរ៉ង់” រួចហើយ។



ក្រៅប្រទេសចិន មានករណីឆ្លងសរុបចំនួន ១.១៥២ នៅក្នុងប្រទេសចំនួន ២៦ ហើយមានអ្នកស្លាប់ ៨នាក់ រាប់ទាំងអ្នកស្លាប់ ២នាក់នៅកូរ៉េខាងត្បូងដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេក្រៅពីចិន និងនាវាទេសចរណ៍មួយនៅជប៉ុន។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍ថា កាលពីថ្ងៃសុក្រគ្រូពេទ្យនៅប្រទេសអ៊ីតាលីបានឱ្យដឹងថា មានបុរសវ័យ ៧៨ឆ្នាំម្នាក់បានស្លាប់ដោយសារកូរ៉ូណាវីរុសថ្មីដែលជាករណីស្លាប់ដំបូងគេនៅក្នុងប្រទេស។



នៅព្រឹកថ្ងៃដដែល អ៊ីតាលីបានប្រកាសករណីឆ្លង ១៦ ទៀត ហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាឱ្យបិទសាលារៀន ការិយាល័យនានា ហើយព្រឹត្តិការណ៍កីឡានៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានលុបចោល៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC