trollkhmer news

ឃាតកម្មសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅខណ្ឌមានជ័យ សមត្ថកិច្ចចាប់ខ្លួនម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលជាឃាតក

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:៤២

ឃាតកម្មសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅខណ្ឌមានជ័យ សមត្ថកិច្ចចាប់ខ្លួនម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលជាឃាតក

(ភ្នំពេញ)៖ ករណីឃាតតកម្មសម្លាប់ស្ត្រីវ័យ ៥០ឆ្នាំ នៅបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅពេលនេះសមត្ថកិច្ចបានវែកមុខជនដៃដល់ឃើញហើយ និងបាននាំយកជនដៃដល់រូបនោះ ទៅធ្វើត្រាប់សកម្មភាពដែលខ្លួន បានធ្វើសម្លាប់ជងរងគ្រោះផងដែរ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។



សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេកស្លាប់ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងផងដែរ។



ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំពោះសម្ភារៈដែលជនរងគ្រោះបាត់បង់រួមានចិញ្ចៀនពេជ្រចំនួន ២វង់ ដែល ១វង់មានដាំពេជ្រធំល្មមចំនួន ៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗចំនួន ៣ជួរ។



លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ពីដំណើររឿងនៃឃាតកម្មនេះថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទីយប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យ ឈ្មោះ ស៊ិន ស្រីនាង (ពួកគេទាំង ២នាក់ មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា )នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រទាំង ២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថា ជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយចំនួន ១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន ១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។



លោកអធិការបានបន្តថា លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៖៤០នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារ មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យ ព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន។



លោក ម៉េង វិមានតារា បានបញ្ជាក់ទៀតថា ជាមួយគ្នានោះឈ្មោះ សុខ នី ដែលត្រូវជាបងស្រីបង្កើតជនរងគ្រោះ បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕


ប្រភព​ : freshnews