trollkhmer news

ស្ត្រីវ័យ៥០ម្នាក់ត្រូវបានឃាតកសម្លាប់ ក្នុងផ្ទះល្វែងនៅបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ០៩:៣៩

ស្ត្រីវ័យ៥០ម្នាក់ត្រូវបានឃាតកសម្លាប់ ក្នុងផ្ទះល្វែងនៅបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

(ភ្នំពេញ)៖ ស្រ្តីវ័យ៥០ឆ្នាំម្នាក់ ត្រូវបានគេប្រឃើញដេកស្លាប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។



ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។



បន្ទាប់ពីដឹងថា ស្រ្តីដែលស្លាប់នោះដោយគេសម្លាប់មែនក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ភ្លាមកម្លាំងនគរបាលបានហៅមិត្តស្រ្តីដែលស្លាប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់។

ស្រ្តីដែលស្លាប់មានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ។

ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមិត្តភក្តិដែលស្នាក់នៅជាមួយ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន យកទៅសាកសួរយ៉ាងយកចិត្តទុកដាក់ នៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីរកតំរុយថានរណាជាអ្នកសម្លាប់ស្រ្តីខាងលើពិតប្រាកដ។

លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បានហើយ៕


ប្រភព​ : freshnews