trollkhmer news

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក បាញ់អ្នកជិតខាងបណ្តាលឲ្យរបួស ផ្ដើមចេញពីរឿងចិញ្ចឹមឆ្កែ

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៣:៥២

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក បាញ់អ្នកជិតខាងបណ្តាលឲ្យរបួស ផ្ដើមចេញពីរឿងចិញ្ចឹមឆ្កែ

ភ្នំពេញ៖ ជម្លោះរវាងមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក ជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន ៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ ១គ្រាប់ចំខ្នង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ ហើយធ្លាប់ខាំជនបង្កដែលជាមន្ដ្រីនគរបាលខាងលើ។



លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានជម្លោះនេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នាកាលពីពេលកន្លងទៅផងដែរ។



លោកអធិការបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ឈ្មោះ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។



សូមជម្រាបថា ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។



សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលស្រង់ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន ៤គ្រាប់ផ្ទួនៗ ដោយ ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ មន្ដ្រីនគរបាលខាងលើ ក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗ នៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕




ប្រភព​ : freshnews