trollkhmer news

ចាប់ខ្លួនយុវជនម្នាក់ ក្រោយចែកចាយរូបអាក្រាតរបស់សង្សាលើ Facebook ដោយសារខឹងនាងសុំបែក

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៤១

ចាប់ខ្លួនយុវជនម្នាក់ ក្រោយចែកចាយរូបអាក្រាតរបស់សង្សាលើ Facebook ដោយសារខឹងនាងសុំបែក

កណ្ដាល៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពេលចែកចាយរូបអាក្រាតកាយរបស់សង្សា នៅលើបណ្តាញសង្គម Facebook។ មូលហេតុដែលយុវជននេះ ហ៊ានដល់ថ្នាក់ប្រព្រឹត្តបទល្មើស គឺដោយសារតែខ្លួនខឹងនឹងសង្សាសុំបែកទៅរៀបការគូរថ្មី។

ការឈានដល់ការចាប់ខ្លួននេះ ធ្វើឡើងដោយសមត្ថកិច្ច២ខេត្តរួមគ្នា គឺខេត្តបន្ទាយមានជ័យ និងខេត្តកណ្ដាល ព្រោះខាងប្រុសឈ្មោះ លឹម សេងហៀង អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។ រីជនរងគ្រោះឈ្មោះ ជ.ល.ដ អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ។



ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ដំណើរដើមទងសាច់រឿងនេះគឺ កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង បានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅជាមួយគ្នាបានរយៈពេលប្រហែល៣ខែ។ រហូតដល់កំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ព្រោះមានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួនថតទុកនោះ បង្ហោះតាមបណ្ដាញសង្គម ហើយឲ្យគេឯងមើលទៀតផង។

ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភ័ក្តរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរ ធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែបន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាតក្នុងគ្រុបផ្សេងៗជាច្រើនទៀត។

តាមចម្លើយសារភាពរបស់ជនល្មើស បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ដោយសារជនរងគ្រោះព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភ័ក្រ នៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះមករស់នៅជាមួយខ្លួន។

ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ប្រភព​ : freshnews